ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានលើកឡើងថា ក្នុង រយៈពេល២៣ឆ្នាំមកនេះ កម្ពុជា ជំពាក់បំណុល បរទេស១ម៉ឺនលានដុល្លារបើគិតជាមធ្យមកូន ខ្មែរម្នាក់ កើតមកភ្លាម ជំពាក់បំណុលបរទេស ៦៦៧ដុល្លារ។
ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញមុខ ស្រាយបំភ្លឹអំពីបំណុលក្រៅប្រទេសរបស់កម្ពុជា ឱ្យសាធារណជនបានយល់ច្បាស់ ដោយបាន បដិសេធតួលេខបំណុលដល់ទៅ១ម៉ឺនលានដុល្លារ (ដប់ប៊ីលានដុល្លារ) នោះ។។
លោកសួន សេរីរដ្ឋា បានសរសេរនៅក្នុង ទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ថា “នយោបាយបំផ្លាញជាតិ ដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលយួនលើក បន្តុបឱ្យកាន់អំណាច កាលពីឆ្នាំ១៩៧៩នោះ ពេលនេះ កំពុងប្រែក្លាយវាសនាខ្មែរពីពូជអ្នក កសាងអង្គរ ទៅជាពូជកូនបំណុលគេ ជំពាក់ បំណុលបរទេស តកូនតចៅហើយ !
គ្រាន់តែចន្លោះពីឆ្នាំ១៩៩៣ មកដល់ ២០១៦ ជំពាក់បំណុលបរទេស ១០,០០០,០០០,០០០$ (មួយម៉ឺនលានដុល្លារ) ដែលបើគិតជាមធ្យម កូនខ្មែរម្នាក់ កើតមកជំពាក់បំណុលបរទេស ៦៦៧$ (ប្រាំមួយរយ ហុកសិបប្រាំពីដុល្លារ)។
នេះជាមោទនភាព ដែលលោកហ៊ុន សែន និងរដ្ឋាភិបាលនេះទុកឱ្យកូនខ្មែរ !
បំណុលកើនឡើង ដើរស្របគ្នាជាមួយនឹង ធនធានសម្បត្តិជាតិរលាយជិតអស់ គឺជាស្នាដៃ ដឹកនាំរបស់លោកហ៊ុន សែន និងគណបក្ស ប្រជាជនកម្ពុជា ដែលមានការជួយជ្រោមជ្រែង ដោយនរោត្តម រណប្ញទ្ធិ តាំងពីឆ្នាំ១៩៩៣ រហូត ដល់ឆ្នាំ២០០៨ និងដែលពីឆ្នាំ២០០៨ រហូត មកដល់ថ្ងៃនេះ ទទួលបានការសង្គ្រោះពីសម រង្ស៊ី និងកឹម សុខា នៃគណបក្សសង្គ្រោះជាតិ នោះ”។
ស្របទៅនឹងការលើកឡើងរបស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ សម្រាប់អ្នកវិភាគ អ្នកស្រាវសង្គម អ្នកសិក្សា ផ្នែកសេដ្ឋកិច្ច អ្នកនយោបាយប្រឆាំង និងមជ្ឈ- ដ្ឋានមួយចំនួន បានសម្តែងក្តីព្រួយបារម្ភ និងបាន បញ្ចោញទស្សនៈថា ការជំពាក់បំណុលបរទេស ជិត១ម៉ឺនលានដុល្លារ ធ្វើឱ្យកម្ពុជា បាត់រូបភាព មួយ គឺការទុកចិត្តពីអ្នកវិនិយោគបរទេស ព្រោះ ថា ប្រទេសតូចមួយ មានបំណុលបរទេសច្រើន បែបនេះ ពិតគ្មានទ្រព្យធនអ្វីដើម្បីសងបំណុល គេទេ។
អ្នកវិភាគសង្គម និងនយោបាយ លោក បណ្ឌិតមាស នី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ថា អ្នកវិភាគ និងសិក្សាសង្គម តែងតាមដានពីបញ្ហានេះ ហើយ ឃើញថា បំណុលបរទេស ពិតជាគួរឱ្យព្រួយ បារម្ភសម្រាប់កម្ពុជាមែន។ ដូច្នេះលោកសុំឱ្យ អ្នកនយោបាយ គួរតែមកនិយាយរឿងនេះ ដើម្បី ជួយទប់រដ្ឋាភិបាល កុំឱ្យជ្រុលដំណើរខ្លាំងទៅលើ ការប្រើប្រាស់ប្រាក់កម្ចីខុសពីធម្មតាពេក។
លោកមាស នី មានប្រសាសន៍ថា “បាទ! តាមពិត នៅក្នុងការវិភាគទិន្នន័យទាំងអស់ហ្នឹង គឺយើងតាមដានជារៀងរាល់ឆ្នាំ ហើយចំនួន១ ម៉ឺនលាននេះ ជាជំនួយមួយដែលយើងរំពឹងថា នឹងដល់កន្លែងមួយ នៅក្នុងឆ្នាំ ហើយជាសារសំខាន់បំផុតបើយើងគិតដល់ឆ្នាំ២០១៣-២០១៤ យើងមានត្រឹមតែប្រហែលជា៧ពាន់អីប៉ុណ្ណឹង ទេ ប៉ុន្តែក្នុងរយៈពេលប្រហែលជា៣ឆ្នាំចុង- ក្រោយនេះ យើងឃើញថា ចំនួននៃប្រាក់កម្ចី កើនឡើងស្រួចស្រាវរហូតដល់១ម៉ឺនលាន ហ្នឹង ខ្ញុំឃើញមានកត្តាមួយ ដែលធ្វើឱ្យការខ្ចី ហ្នឹង កើនឡើងក្នុង២ទៅ៣ឆ្នាំចុងក្រោយហ្នឹង ដោយ នៅស្រុកយើងមានវិបត្តិនយោបាយ។ អ៊ីចឹង ធ្វើឱ្យយើងត្រូវបាតបង់លុយជំនួយរបស់អន្តរ- ជាតិហ្នឹង តាមខ្ញុំមើលទៅ យើងត្រូវការលុយ ជំនួយឥតសំណង ប្រហែលជា៩៩០ប្លាយលាន ដុល្លារ យើងថា១ពាន់លានដុល្លារចុះ។ ប៉ុន្តែ តាំងពីពេលយើងមានវិបត្តិនយោបាយជាបន្ត- បន្ទាប់មក យើងឃើញថា បំណុលកើនឡើង ខ្លាំង…។ អ៊ីចឹងពាក់ព័ន្ធជំនួយកម្ចីនេះ មានការ ព្រួយបារម្ភមែនទែន”។
លោកមាស នី មានប្រសាសន៍បន្តថា “ខ្ញុំ គិតថា រដ្ឋាភិបាលគួរតែចាប់ផ្តើមសម្រេចចិត្ត ទាក់ទងលើនយោបាយនៃការខ្ចី ព្រោះអីខ្ចី យើង ត្រូវចាប់គិតថាពេលណាដែលយើងត្រូវឈប់? ហើយការខ្ចីនេះ រដ្ឋាភិបាលត្រូវមើលពីកំណើន សេដ្ឋកិច្ចផង។ ជួនកាលយើងឃើញថា សេដ្ឋកិច្ចវាកើន៧ភាគរយមែន ប៉ុន្តែបើយើងខ្ចីខាង ក្រៅស្រុកច្រើន វាអាចមានប៉ះពាល់ទៅលើ សេដ្ឋកិច្ចជាតិទៅថ្ងៃខាងមុខ អានេះរឿងទី១ ហើយរឿងទី២ទៀត ត្រូវមានគោលនយោបាយ នៃការខ្ចីដែរ ហើយពេលដែលខ្ចីម្តងៗត្រូវចូល ទៅតាមផ្លូវណាខ្លះ សភាអនុម័តហើយ ចាំទៅ ខ្ចី? ឬក៏យើងគិតថា រដ្ឋាភិបាលឱ្យតែចេញទៅ ក្រៅពេលណា ដឹងតែខ្ចីគេប៉ុណ្ណេះលានៗតែម្តង ដោយមិនបានប្រជុំសួរយោបល់ជាមួយនឹងសភា? ហើយទី៣ ត្រូវដឹងថា ប្រាកហ្នឹងជាប្រាក់កម្ចី ហើយរដ្ឋាភិបាលដែលសង មិនមែនរដ្ឋាភិបាល ជំនាន់នេះទេ គឺរដ្ឋាភិបាលជំនាន់ក្រោយ ហើយ និងក្មេងៗជំនាន់ក្រោយ យុវជនជំនាន់ក្រោយ ត្រូវសងគេ។ អ៊ីចឹងវាមិនខុសពីអ្វីដែលយើង ខំបំផ្លាញធនធានធម្មជាតិ មនុស្សសម័យនេះ ហើយទុកឱ្យក្មេងជំនាន់ក្រោយអត់មានសល់អី ហើយមិនត្រឹមតែមិនសល់អីទេ ថែមទាំងជំពាក់ លុយគេទៀត។ ខ្ញុំគិតថា អ្នកនយោបាយ គួរ តែមកនិយាយរឿងហ្នឹង ដើម្បីដាស់ទប់ ជួយ ទប់រដ្ឋាភិបាល កុំឱ្យជ្រុលដំណើរខ្លាំងទៅលើ ការប្រើប្រាស់ប្រាក់កម្ចីខុសពីធម្មតាពេក។ មួយ ទៀត រដ្ឋាភិបាលខ្លួនឯងក៏អ៊ីចឹងដែរ ដរាប ណារដ្ឋាភិបាលនៅតែមិនមានលទ្ធភាពក្នុងការ គ្រប់គ្រងអំពើពុករលួយ។ កាលណាអំពើ- ពុករលួយច្រើន វាប៉ះពាល់ដល់ការប្រមូលថវិកា ជាតិ។ ដូចជារាលថ្ងៃនេះ យើងឃើញហើយ ថវិកាជាតិហ្នឹងនៅហូរហៀរទៅក្រៅច្រើនណាស់ ដែលមិនចូលមកលុយជាតិ ដើម្បីចូលទៅក្នុង ហោប៉ៅរបស់ឯកជន ហោប៉ៅនៅតាមបុគ្គល មួយៗ។ អ៊ីចឹងកាលណាយើងប្រមូលថវិកាជាតិមិនគ្របគ្រាន់ អំពើពុករលួយវានៅតែបន្ត យើងអត់មានលុយគ្រប់ យើងនៅតែទៅខ្ចីលុយ គេបន្តទៀត ហើយកុំដូចអ្នកនយោបាយខ្លះថា គួរឱ្យខ្ចីហើយ កុំទៅភ័យអី ថ្ងៃណាមួយគេលុប បំណុលចោល យើងកុំដេកយល់សប្តិឱ្យសោះ សម័យនេះហើយ យើងមើលអាមេរិក៣០ទៅ ៤០ឆ្នាំហើយ ប៉ុន្តែគេនៅតែតាមទារ ពីយើង រុស្សី ២ពាន់លាន ក៏គេមិនទាន់មាត់ គេនៅ តែទាមទារត្រូវតែសងវិញ ឱ្យគឺឱ្យ ខ្ចីគឺខ្ចី ច្បាស់ លាស់ណាស់”។
តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ នៃ គណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈ- កម្មការទី២នៃរដ្ឋសភា លោកសុន ឆ័យ មាន ប្រសាសន៍ថា តាមរបាយការណ៍នេះ កម្ពុជា នឹងបាត់ឱកាសពង្រឹងសេដ្ឋកិច្ចខ្លួនឯង ដោយសាររវល់តែរកប្រាក់ សម្រាប់សងបំណុលបរទេស។ ក្នុងនោះ នៅឆ្នាំ២០១៧នេះ បើតាមតួលេខ កម្ពុជា ត្រូវសងគេជាង១០០លានដុល្លារ គ្រាន់ តែការប្រាក់ ហើយចំនួននេះ នឹងកើនឡើងយ៉ាង គំហុក នឹងធ្វើឱ្យកម្ពុជាយើងគ្មានលទ្ធភាពក្នុង ការប្រើប្រាស់ថវិកាដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួន ទេ ព្រោះត្រូវតែសងបំណុលគេវិញ។
ទោះបីយ៉ាងណា អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោកឈឹម ផលវររុណ បាន បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៦ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រ- ជាជនកម្ពុជា គឺមានការទទួលខុសត្រូវខ្ពស់ចំពោះ អនាគតប្រទេសជាតិ ពុំមែនដូចការលើកឡើង របស់អ្នកមាននិន្នាការប្រឆាំងនោះទេ។
លោកឈឹម ផលវរុណ មានប្រសាសន៍ថា “តាមពិតគ្មានហេតុផលអីត្រូវឆ្លើយតបផង សំខាន់ អ្នកនយោបាយ មេបក្សទាំងឡាយទាំងពួង ដែលជាបក្សប្រឆាំងក្នុងនិងក្រៅរដ្ឋសភា គាត់ មានតួលេខពិតប្រាកដដែរអត់? អាហ្នឹងគឺជាភាព ស្មោះត្រង់ខាងនយោបាយ តែបើគាត់ធ្វើឡើង គ្រាន់តែជានយោបាយបោកប្រាស់ប្រជាពលរដ្ឋ មានការគិតខុស ផ្តល់ទិន្នន័យ សម្រាប់ឱ្យប្រជាពលរដ្ឋខ្មែរគិតខុស អាហ្នឹងជាអ្នកនយោបាយ ទុច្ចរិត ហើយទិ២ ពាក់ព័ន្ធទៅនឹងការខ្ចីបុលពី បរទេស គឺយើងត្រូវទទួលស្គាល់ថា មិនមែន តែប្រទេសណាមួយទេ គឺជាទូទៅ ប្រទេស នីមួយៗ ទាំងអ្នកជំនួញខ្នាតធំទៅទៀត ក៏គេ ត្រូវការនូវការខ្ចីដើម្បីជាទុននៃការរកស៊ី ក៏ដូចជា ទុននៃការអភិវឌ្ឍ និងការវិនិយោគ។ អ៊ីចឹងវា គ្មានរឿងអ្វីដែលជារឿងអាក្រក់ទេ។ អាក្រក់ នៅត្រង់ថា ខ្ចីលុយគេយកទៅធ្វើអី? ដូចករណី ឯកជន បើខ្ចីលុយគេដើម្បីលេងល្បែង អាហ្នឹង វាបំផ្លាញហើយៗបើខ្ចីលុយគេយកទៅផឹកស៊ី អាហ្នឹងក៏អាក្រក់ដែរ ប៉ុន្តែបើខ្ចីលុយគេ ដើម្បី ដាក់ទុន បង្កើនទុនដើម្បីវិនិយោគក្នុងវិស័យ ឯកជន អាហ្នឹងសម្រាប់បុគ្គលឯកជន។ ហើយ ខ្ចីលុយគេក្នុងឋានៈជារដ្ឋ ដើម្បីយកមកធ្វើជា ទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្រាប់ ផលប្រយោជន៍សាធារណៈ វាគ្មានអ្វីដែលអាក្រក់ ទេ នៅប្រទេសណាក៏ដូចប្រទេសណា។ តួលេខ នេះ ទុកឱ្យម្នាក់ៗស្វែងរកការពិតខ្លួនឯង ពីព្រោះ ប្រាក់កម្ចី ក៏ដូចជាថវិកាជាតិ រៀងរាល់ឆ្នាំ សុទ្ធ- តែជាទិន្នន័យច្បាប់ទាំងអស់។ បានសេចក្តីថា រដ្ឋាភិបាល មុននឹងធ្វើគម្រោងចំណាយ គឺសុទ្ធ- តែជាគម្រោងចំណាយដែលចេញពីច្បាប់ ហើយ ច្បាប់ថវិកា សុទ្ធតែតម្លាភាព គ្មាននរណាដែល មិនអាចបានដឹងទេ។ ហើយនៅក្នុងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ការខ្ចីប្រាក់ ក៏ត្រូវបានបង្កើតចេញ ពីច្បាប់ទៀត។ ដូច្នេះគ្មានអ្វីមួយដែលជាការ លាក់បាំងនោះទេ អ៊ីចឹងសូមឱ្យគណបក្សប្រឆាំង និន្នាការប្រឆាំងគ្រប់មជ្ឈដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ទោះបីជាមាននិន្នាការយ៉ាងណាក៏ដោយ ហើយអ្នកដែលចង់ដឹងអំពីថវិកាជាតិ ចង់ដឹង អំពីគម្រោងការខ្ចីបុលពីបរទេស សូមមេត្តា ទៅបើកមើលដោយខ្លួនឯង ពីព្រោះបើអ្នក មានសុច្ឆន្ទៈទទួលស្គាល់ការពិត គឺអ្នកទៅបើក មើល ប៉ុន្តែចំពោះអ្នកទុច្ចរិត ដែលគ្មានសុច្ឆន្ទៈ ទទួលស្គាល់ការពិត ទោះបីជាយើងប្រាប់ពីការ ពិត ក៏ពួកគេមិនដែលទទួលស្គាល់ដែរ។ ដូច្នេះ វាគ្មានប្រយោជន៍អីដើម្បីត្រូវប្រាប់ពួកទុច្ចរិត ឱ្យយល់អំពីរឿងពិតរបស់កម្ពុជានោះទេ។ យើង មានត្រឹមតែពន្យល់ទេ ឯរឿងជឿ ជារឿងរបស់ អ្នក”។
លោកឈឹម ផលវរុណ មានប្រសាសន៍ បន្តថា “រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជា- ជនកម្ពុជា គឺមានការទទួលខុសត្រូវខ្ពស់ ដែល មិនធ្វើការងារជូនប្រទេសជាតិចំណុះឱ្យការលើក ឡើងរបស់និន្នាការប្រឆាំងដែលគ្រាន់តែនិយាយ គ្មានការទទួលខុសត្រូវនោះទេ។ អ៊ីចឹងយើង គ្មានអ្វីដែលអូសទាញឱ្យពួកគាត់ជឿយើងទេ ផ្ទុយទៅវិញ យើងត្រូវការឱ្យប្រជាពលរដ្ឋខ្មែរ ទទួលបាននូវផលរីកចម្រើន ដែលរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាន និងកំពុងធ្វើឈានឡើងជាបន្តបន្ទាប់ មកដល់ ពេលនេះ ហើយក្នងសុទិដ្ឋិនិយមសម្រាប់ទៅ អនាគត ព្រោះអ្វីដែលយើងធ្វើនេះ វាច្បាស់ ក្រឡែតទៅហើយ គឺកំណើនសេដ្ឋកិច្ច គឺមិន- មែនតែកម្ពុជាទេ គឺដែលវាយតម្លៃនិងសន្និដ្ឋាន សូម្បីស្ថាប័នអន្តរជាតិ ក៏មានការប៉ាន់ស្មាន ទទួលស្គាល់ថា កម្ពុជានឹងរក្សាបាននូវកំណើនសេដ្ឋកិច្ច ជុំវិញភាគរយឆ្នាំ២០១៦ និង២០១៧-២០១៨ ទៅមុខ គឺនៅរក្សាឋានៈបានបន្តទៀត។ ដូច្នេះ វាជាកិច្ចការមួយដែលប្រជាពលរដ្ឋខ្មែរអាច យល់បានដោយខ្លួនឯង។ ប៉ុន្តែការពិត គឺរដ្ឋា- ភិបាលកម្ពុជា ធ្វើការងារយ៉ាងប្រាកដប្រជា ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់បំផុត ហើយ ចំណុចនេះហើយដែលយើងធ្វើបានជោគជ័យ សម្រាប់បច្ចុប្បន្ននិងទៅអនាគត”។
ជាមួយគ្នានោះដែរ លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ការលើក ឡើងរបស់លោកសួន សេរីរដ្ឋា ជាការលើក ឡើងគ្រាន់តែបង្ហាញពីអសមត្ថភាពនៃការ ដឹកនាំកម្ពុជា ក្នុងន័យវាយប្រហារប្រឆាំងទៅ លើគណបក្សប្រជាជនកម្ពុជា។
លោកផៃ ស៊ីផាន មានប្រសាសន៍ថា “ការលើករបស់គាត់ ទី១ ដើម្បីឱ្យគេចាប់អា- រម្មណ៍ពីតួនាទីរបស់គាត់ ពីព្រោះគាត់រៀបចំ គណបក្សនយោបាយប្រឆាំងជាមួយនឹងគណ- បក្សប្រជាជនកម្ពុជា។ ចំណុចទី២ ការលើក ឡើងរបស់គាត់ហ្នឹង គ្រាន់តែបង្ហាញភាពខ្លៅ មិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយ គ្មានវិទ្យាសាស្ត្រក្នុងការគិតអំពីការអភិវឌ្ឍ ស្រុកគាត់ថា គ្មានសមត្ថភាពនៅក្នុងហ្នឹងទេ។ ចំណុចទី៣ តាមវិទ្យាសាស្ត្រ គេមិនឱ្យយើង ទៅខ្ចីលុយគេ ដែលគ្មានសមត្ថភាពសងនោះទេ ក៏ប៉ុន្តែកម្ពុជា បើតាមវិទ្យាសាស្ត្រ ស្រុកសេរី ទីផ្សារ សេដ្ឋកិច្ចហ្នឹង គេតែងតែយករូបមន្ត មួយថា មិនឱ្យជំពាក់លុយគេដល់៤០ភាគរយ ដល់ផលិតផល សរុបរបស់ក្នុងស្រុក គេមិនឱ្យ លើសពី៤០% នៃGDP។ ចំណុចទី៤ គាត់រាប់ តែចំនួនជំពាក់គេ តែគាត់ភ្លេចគិតថា កម្ពុជា សងគេបានប៉ុន្មាន ខ្លះទៅហើយ? អាហ្នឹងគ្រាន់តែ ធ្វើគណនីមួយច្បាស់លាស់ឱ្យគាត់យល់នៅក្នុង បញ្ហារឿងប្រាក់ទឹកលុយ។ ចំណុចទី៤ អ្វីដែល ចង់ជម្រាបជូនហ្នឹង អ្វីដែលជាសារប្រាប់គាត់ ទៅវិញហ្នឹង គឺប្រជាពលរដ្ឋទទួលស្គាល់ ដឹងថា កម្ពុជា មានលុយនៅសល់ ដើម្បីឆ្លើយតបទៅ នឹងហានិភ័យដោយយថាហេតុណាមួយ យ៉ាង ហោចណាស់ រស់បាន៣ឆ្នាំ។ ចំណុចទី៥ បន្ត មកទៀត ហ្នឹង យើងដឹងថា មិនមែនគ្រាន់តែ គ្រប់ចាយសន្សំនៅក្នុងហានិភ័យដែលកើតមាន ជាយថាហេតុ ដូចជាវិបិត្តសេដ្ឋកិច្ចពិភពលោក នោះទេ គឺយើងមានលទ្ធភាពមិនគ្រាន់តែសង គេទៅវិញ មិនមែនគ្រាន់តែកាត់បន្ថយចំនួន ជំពាក់នោះទេ គឺយើងមានលទ្ធភាពក្នុងការ បង្កើនប្រាក់បៀវត្សមន្ត្រីរាជការ អាហ្នឹង យើង មើលឃើញជាលទ្ធភាពធំណាស់។ ហើយទី៦ យើងខ្ចីរបស់គេហ្នឹង យើងខ្ចីនៅក្នុងបរិបទនៃ តំបន់ ដោយសារតំបន់យើងជាសមាជិកអាស៊ាន ហ្នឹង វាបង្កើតនូវសេដ្ឋកិច្ចមួរួមគ្នា ដែលឈរនៅ លើ២ជាសារសំខាន់ គឺឈរទៅលើការអភិវឌ្ឍ ហេដ្ឋារចនាសម័ន្ធតភ្ជាប់ និងទី២ចល័ត។ ចល័ត ហ្នឹង មិនមែនគ្រាន់តែចល័តកសិផលពីជនបទ មកទីក្រុងទេ គឺចល័តកសិផលទៅកាន់ប្រទេស ជិតខាងនានាដែលគ្មានរបាំងព្រំដែន អាហ្នឹងជា អនុវត្តនូវគោលការណ៍របស់ពាណីជ្ជកម្មអាស៊ាន ដែលហៅថា តំបន់តែមួយ អនាគតតែមួយ។ ដូច្នេះអ្នកដែលតាំងខ្លួនធ្វើនយោបាយ គួរស្វែង យល់អំពីអ្វីដែលកំពុងដំណើរការនៅក្នុងកម្ពុជា ជាជាងការប្រជែងមួយតាមលក្ខណៈអវិជ្ជានោះ ឯង។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក សួន សេរីរដ្ឋា និងមជ្ឈដ្ឋាននយោបាយ ព្រម ទាំងសង្គមស៊ីវិល ស្តីពីបំណុលបរទេសរបស់ កម្ពុជា បានធ្វើឡើងដោយផ្អែកតាមរបាយការណ៍ ធនាគារពិភពលោក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលបានបង្ហាញថា គិតត្រឹមឆ្នាំ២០០០ដល់ឆ្នាំ ២០១៥ កម្ពុជា បានជំពាក់បំណុលបរទេសជិត ១ម៉ឺនលានដុល្លារ (៩៣១៨លានដុល្លារ)។ បំណុល នេះ បើធៀបនឹងចំនួនពលរដ្ឋកម្ពុជា ជាង១៥ លាននាក់ គឺប្រជាជនម្នាក់ ត្រូវជំពាក់បំណុល បរទេសជាង៦០០ដុល្លារ។
យ៉ាងណាក៏ដោយ ក្រៅពីមានការបញ្ជាក់ ពីអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា និងអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈ “នគរធំ” ខាងលើនេះ នៅថ្ងៃដដែលនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសព័ត៌មាន មួយធ្វើការស្រាយបំភ្លឺអំពីបំណុលក្រៅប្រទេស របស់កម្ពុជា ជូនសាធារណជនបានជ្រាបច្បាស់ ដើម្បីចៀសវាងការយល់ច្រឡំដូចការលើក ឡើងមួយចំនួន ដែលថាកម្ពុជា ជំពាក់បំណុល បរទេសរហូតដល់១ម៉ឺនលានដុល្លារ ឬ១ប៊ីលាន ដុល្លារអាមេរិក នោះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខ០៤៨សហវ ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៦ នោះ មានខ្លឹមសារទាំង ស្រុងថា “ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្កេតឃើញថា មានសារព័ត៌មាន និងវិទ្យុមួយ ចំនួន បានដកស្រង់របាយការណ៍របស់ដៃគូ អភិវឌ្ឍន៍មួយ ពាក់ព័ន្ធនឹងតួលេខបំណុលក្រៅ ប្រទេសរបស់កម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០១៥ ថា មានចំនួនជិត១០ប៊ីលានដុល្លារអាមេរិក (៩,៣ប៊ីលានដុល្លារអាមេរិក) ហើយបានធ្វើ- ការបកស្រាយក្នុងន័យបំពុលបរិយាកាសសង្គម និងកេងចំណេញនយោបាយលើរាជរដ្ឋាភិបាល ដោយពុំបានធ្វើការសិក្សានិងស្វែងយល់ឱ្យបានស៊ីជម្រៅលើអត្ថន័យនៃពាក្យបច្ចេកទេស “បំណុលក្រៅប្រទេស” និងពុំបានផ្ទៀងផ្ទាត់ ជាមួយតួលេខជាក់ស្តែងនៅក្នុងព្រឹត្តិបត្រស្ថិតិ- បំណុលសាធារណៈកម្ពុជាដែលបានផ្សព្វផ្សាយ ជាសាធារណៈនៅលើគេហទំព័រផ្លូវការបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ដើម្បីចៀសវាងការភ័ន្តច្រឡំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការស្រាយបំភ្លឺ ជូនសាធារណជន មេត្តាជ្រាបច្បាស់ថា តាម និយមន័យជាសាកល “បំណុលក្រៅប្រទេស” គឺជាបំណុលដែលរួមបញ្ចូលនូវ ៖ ១-បំណុល សាធារណៈក្រៅប្រទេស (បំណុលដែលរដ្ឋខ្ចី គេពីក្រៅប្រទេស ហើយជាបន្ទុក ដែលរដ្ឋត្រូវ សង) និង២-បំណុលឯកជនក្រៅប្រទេស (បំណុល ដែលវិស័យឯកជនខ្ចីគេពីក្រៅប្រទេស ហើយ ជាបន្ទុកដែលវិស័យឯកជនត្រូវសង)។
តាមការពិនត្យលើរបាយការណ៍ចេញផ្សាយ ដោយដៃគូអភិវឌ្ឍន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្កេតឃើញថា តួលេខបំណុលក្រៅប្រទេស របស់កម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០១៥ ដែល មានរាយការណ៍ថា មានចំនួនជិត១០ប៊ីលាន- ដុល្លារអាមេរិកនោះ មិនមែនសុទ្ធតែជាបន្ទុក បំណុលដែលរដ្ឋត្រូវសងទេ ព្រោះថា តួលេខ បំណុលក្រៅប្រទេសនេះ ក៏រួមបញ្ចូលទាំងបំណុល ឯកជនក្រៅប្រទេសចំនួន ប្រមាណជិត៤ប៊ីលាន ដុល្លារអាមេរិកផងដែរ។ សូមជម្រាបថា គិត ត្រឹមដំណាច់ឆ្នាំ២០១៥ កម្ពុជា មានបំណុល សាធារណៈក្រៅប្រទេស ឬបំណុលរដ្ឋក្រៅប្រទេស ចំនួន៥,៦ប៊ីលានដុល្លារអាមេរិក។
ដើម្បីស្វែងយល់កាន់តែច្បាស់អំពីតួលេខ ត្រឹមត្រូវនិងជាក់ស្តែងនៃបំណុលសាធារណៈ ក្រៅប្រទេសរបស់កម្ពុជា (បំណុលដែលរដ្ឋខ្ចី គេពីក្រៅប្រទេស ហើយជាបន្ទុកដែលរដ្ឋត្រូវ សង) សូមសាធារណជនមេត្តាចូលទៅមើល ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្សព្វផ្សាយ ជាសាធារណៈនៅលើគេហទំព័រផ្លូវការរបស់ខ្លួន តាមរយៈអាសយដ្ឋាន ៖ http://mef.gov.kh/ puplic-debt-bulletin.html។
ឆ្លៀតឱកាសនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សូមជម្រាបជូនសាធារណជនឱ្យបាន ជ្រាបថា រាជរដ្ឋាភិបាលបាននិងកំពុងគ្រប់គ្រង បំណុលសាធារណៈ ប្រកបដោយស្មារតីប្រយ័ត្ន- ប្រយែងខ្ពស់និងតែងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍គន្លឹះទាំង៤ រួមមាន ៖ ១-ខ្ចី ឥណទានទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋក្ចិចអាចទ្រាំទ្របាន, ២-ខ្ចីតែឥណទាន ដែលមានកម្រិតសម្បទាន និងលក្ខខណ្ឌអនុ- គ្រោះខ្ពស់, ៣-ខ្ចីសម្រាប់តែវិស័យអាទិភាព ទ្រទ្រង់ ចីរភាពនៃកំណើន និងវិស័យបង្កើន ផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម, ៤-ប្រើប្រាស់ឥណទានទាំងនោះ ប្រកបដោយ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់បំផុត។
ទន្ទឹមនេះ ស្ថានភាពបំណុលសាធារណៈ ក្រៅប្រទេសរបស់កម្ពុជា ក៏ត្រូវបានវាយតម្លៃ និងទទួលស្គាល់ផងដែរ ដោយស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិធំៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)/ ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី ADB ថាមាន “ចីរភាព” និង “ហានិភ័យកម្រិតទាប…៕
ដោយ ៖ កុលបុត្រ