Friday, November 15, 2024
Homeព័ត៌មានជាតិលាប្រពន្ធទៅធ្វើការធំ គេចាក់ស្លាប់

លាប្រពន្ធទៅធ្វើការធំ គេចាក់ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ទើបនឹងជូនប្រពន្ធកូនទៅហូបចុករួច ក៏ដឹកត្រឡប់ទៅផ្ទះវិញ បន្ទាប់មកបានឡើងជិះម៉ូតូជាមួយមិត្តភក្តិ ចេញពីផ្ទះ ដោយប្រាប់ប្រពន្ធថា ចេញទៅធ្វើការធំ ១ភ្លែត រួចក៏ចេញទៅបាត់ប៉ុន្មានម៉ោង ស្រាប់តែស្ត្រីជាប្រពន្ធទទួលបានទូរស័ព្ទមកថា ប្តីរបស់នាងត្រូវគេចាក់ស្លាប់បាត់ទៅហើយ ធ្វើឱ្យស្ត្រីជាប្រពន្ធតក់ស្លុតរន្ធត់ចិត្ត ទ្រហោយំបោកខ្លួនយ៉ាងខ្លាំង។

ករណីអំពើឃាតកម្ម ចាក់សម្លាប់មនុស្សយ៉ាងសាហាវឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តង់តាងួន ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនរងគ្រោះដែលត្រូវឃាតករមិនស្គាល់មុខចាក់សម្លាប់នោះ មានឈ្មោះវី ឆវ័ន្ត អាយុ៣៣ឆ្នាំ មុខរបរជាងកញ្ចក់ មានស្រុកកំណើតនៅភូមិទួលទទឹង២ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រពន្ធឈ្មោះនៅ សាខា អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិជាមួយគ្នា។ បច្ចុប្បន្នប្តីប្រពន្ធជនរងគ្រោះ បានមកស្នាក់នៅបន្ទប់ជួល ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងនិងស្វាមី រួមទាំងកូនម្នាក់ផង បាននាំគ្នាទៅហូបអាហារនៅម្តុំកាស៊ីណូផ្កាយ៥។ លុះពេលហូបចុករួច ប្តីរបស់នាង បានដឹកនាងនិងកូន យកទៅផ្ទះ ទុកម៉ូតូ ហើយប្រាប់ថា “អូនសម្លាញ់ បងទៅក្រៅជាមួយមិត្តភក្តិ មានការងារធំធ្វើនៅកាស៊ីណូ” និយាយហើយ ប្តីរបស់នាងបានឡើងជិះម៉ូតូធំ ពណ៌លឿង ដែលមានបុរសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ចាំដឹកយកទៅ ហើយពេលចេញទៅ ប្តីបាននិយាយថា “បាយៗ អូននិងកូន”។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា ក្រោយចេញពីផ្ទះទៅ នាងនិងកូន បានរៀបចំកន្លែងដេក ដោយគិតថា ប្តីប្រហែលជាចេញទៅច្រៀងខារ៉ាអូខេជាមួយមិត្តភក្តិរបស់គាត់ យ៉ាងយូរ ២ម៉ោង ប្តីនឹងវិលមករកនាងនិងកូនវិញហើយ ព្រោះជាធម្មតា ប្តីនាងមិនសូវដើរចោលប្រពន្ធកូន យូរឡើយ។ បន្ទាប់មក នាងចេះតែចាំបាត់ៗ លុះដល់ម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ តុលា ឆ្នាំ២០២២ ស្រាប់តែឮទូរស័ព្ទរោទ៍ឡើង នាងក៏លើក ស្រាប់តែឮសំឡេងមនុស្សប្រុសម្នាក់ សួរថា “ស្គាល់ឈ្មោះវី ឆវ័ន្ត ទេ?” នាងប្រាប់ថា “ប្តីខ្ញុំ ម៉េចបានខ្ញុំមិនស្គាល់?” គេក៏ប្រាប់ថា “ឥឡូវនេះប្តីនាងបានស្លាប់ហើយ នៅម្តុំផ្លូវស្តង់តាងួន មានឈាមហូរស្រោចខ្លួន”។ ឮបែបនេះ នាងក៏ប្រញាប់ស្រូតទៅមើលនៅកន្លែងកើតហេតុភ្លាម លុះទៅដល់ ឃើញប្តីរបស់នាងបានដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។

តាមប្រភពពីអ្នកជិតខាង ដែលជាមិត្តភក្តិជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះ គឺជាមនុស្សស្លូតបូតណាស់់ មិនដែលចេះរករឿងអ្នកក្បែរខាងណាទេ ហើយគេមានមុខរបរជាជាងធ្វើកញ្ចក់ មិនគួរណាមនុស្សល្អអាយុខ្លីបែបនេះសោះ ហើយសូមឱ្យសមត្ថកិច្ច មេត្តាជួយរកមុខអ្នកសម្លាប់ជនរងគ្រោះ មកផ្តន្ទាទោសឱ្យបាន ដើម្បីឱ្យគ្រួសារគាត់បានស្ងប់ចិត្តផង។

តាមការពិនិត្យរបស់សមត្ថកិច្ច បានឱ្យដឹងថា សពជនរងគ្រោះ បានស្លាប់ដោយសារត្រូវជនសង្ស័យចាក់នឹងដែកចុងស្រួច ចំត្រង់ក្រោមក្លៀកខាងឆ្វេង ហើយនៅក្នុងខ្លួនសព មិនមានវត្ថុមានតម្លៃអ្វីទេ។ ជាមួយនេះ សមត្ថកិច្ចបានដកហូតកាបូបប្រាក់១ មានវិក្កយបត្រ សម្ភារៈ គ្រឿងកញ្ចក់ និងលុយក្នុងហោប៉ៅ ចំនួនជិត២០ម៉ឺនរៀល (នៅក្នុងហោប៉ៅខោខូវប៊យសព) ។

សមត្ថកិច្ចបានធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារអំពើឃាតកម្មប្រាកដមែន ដោយត្រូវឃាតករចាក់សម្លាប់នឹងដែកចុងស្រួច។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យស្ត្រីជាប្រពន្ធ ដឹកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅវត្តបាលិលេយ្យ។

ដោយឡែក ជនសង្ស័យជាឃាតករ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា នដើម្បីស្វែងរកចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់ ឱ្យខាងតែបាន៕

RELATED ARTICLES