ខេត្តស្វាយរៀង ៖ បុរស ២នាក់ បានអង្គុយផឹកស៊ីជាមួយគ្នា រហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ក្លែមសម្តីឌឺដងដាក់គ្នា រហូតកើតជាជម្លោះ និងឈានដល់អំពើហិង្សា ដោយភាគីម្ខាងបានស្ទុះទៅដាល់គូទំនាស់ ១ដៃ និងវ៉ៃថែម ១ដុំថ្ម បណ្តាលឱ្យបែកក្បាល រងរបួសធ្ងន់ ទីបំផុត អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះជាប់ខ្នោះ។
ករណីហិង្សាដោយចេតនានេះ បានកើតឡើង កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ។ លុះមកដល់វេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះតាត សុប៉ិន អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ។ ចំណែកជនរងគ្រោះ មានឈ្មោះសឹង ធារ៉ា អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ។
តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនសង្ស័យបានអង្គុយផឹកស៊ីជាមួយគ្នា និយាយគ្នាលេងយ៉ាងសប្បាយក្អាកក្អាយ លុះក្រោយមក បន្ទាប់ពីផឹកស្រវឹង ស្រាប់តែមានទំនាស់ពាក្យសំដីជាមួយគ្នា និងធ្វើឱ្យជនសង្ស័យឈ្មោះ តាត សុប៉ិន ខឹងយ៉ាងខ្លាំង បានលោតទៅដាល់ជនរងគ្រោះ ត្រូវចំមុខ១ដៃ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាបងប្អូននៅក្បែរ ជួយចាប់ឃាត់ ប៉ុន្តែអ្នកទាំងពីរនៅតែបន្តឈ្លោះប្រកែកសំដីគ្នាដដែល មិនអស់ចិត្ត ជនសង្ស័យបានស្ទុះទាញដុំថ្ម មកវាយជនរងគ្រោះ បណ្តាលឱ្យបែកក្បាល ហូរឈាមស្រោចខ្លួនថែមទៀត។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ចំណែកជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕