Friday, November 15, 2024
Homeព័ត៌មានជាតិកំលោះចាស់ អត់ចេញពីផ្ទះ២ថ្ងៃ ហើមស្ពីង

កំលោះចាស់ អត់ចេញពីផ្ទះ២ថ្ងៃ ហើមស្ពីង

ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នកលក់ខោអាវនិងស្បែកជើង រស់នៅខ្លួនមួយ មិនទាន់មានប្រពន្ធកូននៅឡើយ (កំលោះចាស់) លុះក្រោយមក អ្នកជិតខាងមិនឃើញចេញពីផ្ទះ បើកទ្វារលក់ដូរ ២ថ្ងៃ ស្រាប់តែពេលចូលទៅមើល ប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះជួលរបស់ខ្លួន ហើមស្ពីងទៅហើយ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល លក់សម្លៀកបំពាក់ និងស្បែកជើង ១កន្លែង ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះ មានឈ្មោះសាន់ សឿន អាយុ៣៨ឆ្នាំ ជាកំលោះចាស់ មានមុខរបរលក់ខោអាវជជុះ និងស្បែកជើង ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះខាងលើ គឺជាកំលោះចាស់ មិនទាន់មានប្រពន្ធកូននៅឡើយ ជាមនុស្សខ្លួន១ ជួលផ្ទះខាងលើស្នាក់នៅ និងរកស៊ីលក់ខោអាវជជុះ និងស្បែកជើង។ រហូតមកដល់រយៈពេល ២ថ្ងៃចុងក្រោយនេះ ពុំបានឃើញជនរងគ្រោះបើក ទ្វារលក់ដូរ ដូចសព្វដងនោះឡើយ តែមិនមានអ្នកចាប់អារម្មណ៍ឡើយ នឹកស្មានថា ជនរងគ្រោះទៅលេងស្រុកកំណើត។ លុះមកដល់ថ្ងៃកើតហេតុ សាច់ញាតិជនរងគ្រោះ បានមករក និងបានចុចទូរស័ព្ទចូលដែរ តែអត់មានអ្នកទទួលសោះ ទើបសង្ស័យ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បន្ទប់ជួលខាងលើ និងបានសហការជាមួយសាច់ញាតិជនរងគ្រោះ ព្រមទាំងម្ចាស់បន្ទប់ជួល គាស់ទ្វារ ចូលទៅមើល ស្រាប់តែប្រទះឃើញដេកស្លាប់ហើមស្ពីងទៅហើយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល ហើយពុំទាន់ដឹងថា បុរសនោះស្លាប់ដោយសារមូលហេតុនៅឡើយទេ ដោយជំហានដំបូង សង្ស័យស្លាប់ដោយខ្យល់គរ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES