ភ្នំពេញ ៖ រឿងរ៉ាវដ៏ចម្រូងចម្រាសរវាងតារាកំប្លែងស្រីល្បីឈ្មោះ កែវ ពេជ្រពិសី ហៅស្រីពីន និងមេតុងទីន អ្នកនាង អឿន ម៉ូលីកា ដែលផ្ទុះកក្រើក ដោយមានការទម្លាយថា តារាកំប្លែងរូបស្រស់ ស្រីពីន លេងតុងតីន បង់លុយមិនទៀងទាត់ និងថែមទាំងជំពាក់លុយ គេចវេះ រហូតម្ចាស់លុយ អ្នកនាងម៉ូលីកា បញ្ជូនលិខិតមេធាវីឱ្យចូលខ្លួនដោះស្រាយទៀតនោះ ពេលនេះតារាកំប្លែងស្រីពីន បានធ្វើការឆ្លើយតបថា នាងទទួលស្កាល់ថា ពិតជាមានខកខានបង់ប្រាក់ឱ្យអ្នកនាងម៉ូលីកា មែន តែជាលុយតុងទីន មិនមែនរឿងខ្ចីប្រាក់ហើយគេវេះនោះឡើយ។
តារាកំប្លែងស្រីពីន បានបញ្ជាក់តាមរយៈទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ថា “នាងខ្ញុំ pi ya pin បានពឹងមេធាវីធ្វើលិខិតឆ្លើយតបនឹងភាគីម្ខាងទៀត ដែលយកវីដេអូនាងខ្ញុំទៅផុស ដែលមិនមែនជារឿងពិត ដែលគាត់សរសេរថា (ខ្ញុំជំពាក់លុយគាត់ គេចវេះ មិនព្រមសងគាត់) ទាំងដែលមិនមែនជាការពិត ព្រោះអង្គហេតុពីរផ្សេងគ្នា ព្រោះលុយនោះ ខ្ញុំបានសងគាត់រួចរាល់ហើយដែរ ទាំងជាក់ស្តែង ការពិតនោះ នាងខ្ញុំទទួលស្កាល់ នាងខ្ញុំពិតជាមានខកខានបង់ឱ្យគាត់ពិតមែន តែការខកខាននោះ គឺជារឿងលេងតុងទីនទេ មិនមែនជារឿងខ្ចីប្រាក់អ្វីឡើយ…”។
ចំពោះលិខិតបំភ្លឺ របស់មេធាវីកញ្ញា កែវ ពេជ្រពិសី ហៅស្រីពីន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មានខ្លឹមសារថា «ខ្ញុំមេធាវី ចេង តុងអៀង អត្តលេខ ១៤១៧ ជាមេធាវីនៃក្រុមមេធាវី ស៊ីភីអេច (CPH LAW GROUP) មានទីតាំងការិយាល័យ ស្ថិតនៅអគារ C7 The Fortune Tower គម្រោង ដឺអូឡាំព្យ៉ាស៊ីធី ជាន់ទី១៩ បន្ទប់លេខ១៩០៥ ផ្លូវលេខ ១៨២ កែងផ្លូវលេខ១៦១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងជាមេធាវីតំណាងឱ្យឈ្មោះកែវ ពេជ្រពិសី តាមរយៈលិខិតប្រគល់សិទ្ធិ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
សូមជម្រាបជូន លោកស្រីមេធាវី ហង្ស ផារ៉ាឌី អត្តលេខ ២១៥៨ និងលោកមេធាវី ពៅ បញ្ញា អត្តលេខ ២២៣០ ជាមេធាវីការិយាល័យក្រុមមេធាវី អេជ អេន អេស មានទីតាំងស្ថិតនៅផ្ទះលេខ៧៤ ផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមេធាវីតំណាង ដោយអាណត្តិឱ្យលោកស្រី អឿន ម៉ូលីកា។
កម្មវត្ថុ ៖ ស្តីពីការឆ្លើយតបទៅនឹងលិខិតជូនដំណឹង ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ លោកស្រីមេធាវី ហង្ស ផារ៉ាឌី និងលោកមេធាវី ពៅ បញ្ញា។
យោង ៖ លិខិតជូនដំណឹង ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ លោកស្រីមេធាវី ហង្ស ផារ៉ាឌី និងលោកមេធាវី ពៅ បញ្ញា។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោក-លោកស្រីមេធាវីតំណាងដោយអាណត្តិឱ្យលោកស្រី អឿន ម៉ូលីកា បានជ្រាបថា ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ លោក-លោកស្រី បានចេញលិខិតជូនដំណឹង និងដាស់តឿនឱ្យកូនក្តីខ្ញុំសងប្រាក់ដែលជំពាក់ តាមរយៈការលេងតុងទីន មានការបង់យឺតយ៉ាវ ជូនកូនក្តីលោក-លោកស្រី សរុបចំនួន ១៥៧៧ដុល្លារ ហើយត្រូវបង់ជូនកូនក្តីលោក-លោកស្រី យ៉ាងយូរត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ ប៉ុន្តែចំពោះការបង់ប្រាក់យឺតយ៉ាវនេះ កូនក្តីខ្ញុំក៏បានស្នើសុំការយោគយល់ពីកូនក្តីលោក-លោកស្រីរួចហើយ ដោយសារកូនក្តីខ្ញុំមានបញ្ហារបួសភ្នែកធ្ងន់ ដែលត្រូវការពេលវេលាសម្រាកព្យាបាលមួយរយៈ ដែលនាំឱ្យកូនក្តីខ្ញុំ ពុំអាចទៅធ្វើការងារសិល្បៈ ដើម្បីរកប្រាក់ចំណូលបង់ជូនកូនក្តីលោក-លោកស្រីនោះទេ។ ម៉្យាងទៀត ពាក់ព័ន្ធនឹងបញ្ហាការបង់តុងទីនយឺតយ៉ាវនេះ កូនក្តីខ្ញុំពុំដែលគេចវេះ មិនទទួលខុសត្រូវចំពោះកូនក្តីលោក-លោកស្រីទេ។ ស្រាប់តែពេលថ្មីៗនេះ បែរជាកូនក្តីលោក-លោកស្រី យកវីដេអូ (VIDEO) ចាស់ មកធ្វើការផុសជាសាធារណៈ ដែលកូនក្តីខ្ញុំធ្លាប់បានខ្ចីប្រាក់ចំនួន ២ពាន់ដុល្លារ តាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ហើយប្រាក់នេះ កូនក្តីខ្ញុំបានធ្វើការសងឱ្យកូនក្តីលោក-លោកស្រីរួចរាល់ហើយ ដូចមានប្រតិបត្តិការតាមរយៈគណនីផ្ទេរប្រាក់ពីគណនី (ABA) ភ្ផាប់ជូនស្រាប់។
ចំពោះការយកវីដេអូ (VIDEO) ខ្ចីប្រាក់ចាស់ មកធ្វើការផុសជាសាធារណៈ វាមិនត្រូវជាមួយនឹងអង្គហេតុដែលកូនក្តីខ្ញុំបានលេងតុងទីន បង់ប្រាក់យឺតយ៉ាវឱ្យកូនក្តីលោក-លោកស្រីទេ ព្រោះវាជារឿងពីរផ្សេងគ្នា ទៀតសោតការផុសវីដេអូ (VIDEO) ខ្ចីប្រាក់ចាស់ ជាសាធារណៈនេះ វាពិតជាបានបង្កផលប៉ះពាល់មុខមាត់ កិត្តិយស សេចក្តីថ្លៃថ្នូរ ជាពិសេសការងារសិល្បៈរបស់កូនក្តីខ្ញុំជាខ្លាំង ព្រោះកូនក្តីខ្ញុំជាអ្នកសិល្បៈមួយរូបដែលមានកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈ ដោយសារការយល់ច្រឡំរបស់សាធារណៈជនទូទៅថា កូនក្តីខ្ញុំនៅជំពាក់ប្រាក់ដែលបានខ្ចីពីកូនក្តីលោក-លោកស្រីនៅឡើយ ទាំងដែលកូនក្តីខ្ញុំ បានសងប្រាក់ឱ្យកូនក្តីលោក-លោកស្រីរួចហើយ។
កូនក្តីខ្ញុំមានការខកចិត្តជាពន់ពេក ចំពោះការចេញលិខិតជូនដំណឹងដាស់តឿនរបស់លោកស្រី អឿន ម៉ូលីកា តាមរយៈលោក-លោកស្រីមេធាវី ដោយមិនព្រមស្វែងយល់ពីស្ថានភាពលំបាកក្នុងគ្រាដែលកូនក្តីខ្ញុំកំពុងតែជួបបញ្ហាលំបាកដោយសារការរបួសភ្នែក។ កូនក្តីខ្ញុំនៅតែមានជំហរទទួលខុសត្រូវក្នុងការសងប្រាក់ជូនកូនក្តីលោក-លោកស្រីមេធាវី គ្មានការគេចវេះទេ ប៉ុន្តែកូនក្តីខ្ញុំស្នើឱ្យកូនក្តីលោក-លោកស្រីមេធាវី ធ្វើការលុបវីដេអូ (VIDEO) ដែលបានផុស ឈប់បន្តធ្វើសកម្មភាពណាមួយដែលនាំឱ្យប៉ះពាល់ដល់មុខមាត់ កិត្តិយស សេចក្តីថ្លៃថ្នូរ ជាពិសេសការងារសិល្បៈរបស់កូនក្តីខ្ញុំ និងធ្វើការបកស្រាយឱ្យត្រូវនឹងអង្គហេតុ កុំឱ្យសាធារណៈជនទូទៅ មានការយល់ច្រំឡមកលើកូនូក្តីខ្ញុំ យ៉ាងយូរត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។
បញ្ជាក់ ៖ ចំពោះប្រាក់ដែលកូនក្តីខ្ញុំបានជំពាក់ តាមរយៈការលេងតុងតីន កូនក្តីខ្ញុំនឹងប្រគល់ជូននៅពេលដែលកូនក្តីលោក-លោកស្រីមេធាវី បានធ្វើការបកស្រាយឱ្យសាធារណៈជនទូទៅលែងមានការយល់ច្រឡំមលើកូនក្តីខ្ញុំតទៅទៀត…”។
គួររំលឹកថា អ្នកនាងអឿន ម៉ូលីកា ជាមេតុងតីន ធ្លាប់និយាយក្នុងការឡាយ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ រួចម្តងហើយដោយ បញ្ជាក់ថា ស្រីពិន បានខ្ចីលុយ ឬលុយរាប់ (លុយចងការ) និងមានលេងតុងតីន ផងដែរ ។ កន្លងមកនេះ ស្រីពីន បានសងប្រាក់ដែលខ្ចីនោះ រួចរាល់ម្តងហើយ តែនៅជាប់ចុងក្រោយ គឺរឿងលុយលេងតុងតីន បានដេញយកលុយតុងតីនបានសម្រេចហើយ បែរជាមិនខ្វល់បង់ប្រាក់ ធ្វើជាភ្លេចភ្លាំង រកលេសរហូត បើទោះបីជាបុគ្គលិកឆាតទារយ៉ាងណាក្តី ក៏មិនព្រមបង់តាមកាលកំណត់ ហើយបានពន្យារពេល ដោយប្រើលេសសុំពន្យារពេល ថ្ងៃនេះ ថ្ងៃនោះ រហូតមកដល់ពេលនេះ។
មេតុងតីន ដ៏ល្បីរូបនេះ បានបង្ហើបទៀតថា ដោយសារតែពិបាកទារលុយពីស្រីពីន សម្រាប់ការបង់តុងតីន ហើយនាងក៏ធ្លាប់ប្រាប់ហើយដែរ បើមិនបង់ទៀត គឺនាងនឹងបញ្ចេញភ័ស្តុតាង ដែលលេសមិនបង់ប្រាក់នេះ បង្ហោះលើហ្វេសប៊ុក។ មូលហេតុទាំងនេះហើយ ទើបនាងបានបង្ហោះឱ្យស្រីពីន ភ្ញាក់ខ្លួន ចូលមកដោះស្រាយបំណុលនេះ ហើយនាងក៏មិនចង់ធ្វើបែបនេះដែរ ដោយសារតែការទ្រាំកន្លងមកវាយូរពេក និងអស់ភាពអត់ធ្មត់។
ជាមួយគ្នានោះ អ្នកនាង អឿន ម៉ូលីកា ក៏បានបញ្ជូនលិខិតមេធាវី ផ្ញើទៅកាន់តារាកំប្លែងស្រីពីន ដោយបញ្ជាក់ថា ស្រីពីន បានជំពាក់ប្រាក់បង់តុងតីន ចំនួន ១៥៧៧ដុល្លារ ដោយសន្យាសូមទូទាត់ប្រាក់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សាជាថ្មីឡើងវិញ សុំទោសសម្រាប់ការយឺតយាវ តែរហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅតែមិនទាន់ចម្លើយការបង់ប្រាក់របស់ស្រីពីន។ ហេតុដូច្នេះ ខាងមេធាវី បានដាក់កំហិតឱ្យស្រីពីន ចូលខ្លួនដោះស្រាយ ទឹកប្រាក់ ១៥៧៧ដុល្លារ ត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រសិនបើស្រីពីន នៅតែបន្តគេចវេះ មិនព្រមចូល ខ្លួនដោះស្រាយ នឹងមានវិធានការតាមផ្លូវច្បាប់ ដោយគ្មានយោគយល់ឡើយ៕ ដារិទ្ធ