ភ្នំពេញ ៖ ដោយក្តីអាណិតអាសូរចំពោះអ្នកនាងសឿ សុធារ៉ា ដែលធ្លាក់ខ្លួនក្រ បំណុលវ័ណ្ឌក សូម្បីម្តាយបង្កើតស្លាប់ គ្មានទាំងលុយធ្វើបុណ្យសពនោះ ទោះបីជាកំពុងមានទំនាស់ជាមួយគ្នារឿងអ្នកនាងសឿ សុធារ៉ា ជំពាក់បំណុលតុងទីន ជិត ៥ម៉ឺនដុលា្លរ ក៏តារាស្រី សូ ដានីតា នៅតែមានចិត្តអាណិតអាសូរ និងសន្តោសប្រណីដល់អ្នកនាងសឿ សុធារ៉ា ដោយប្រកាសលើកលែងបំណុលជិត ៥ម៉ឺនដុល្លារ ដែលសឿ សុធារ៉ា ជំពាក់មិនទាន់សងនោះ ថែមទាំងបានចូលបុណ្យសពម្តាយសឿ សុធារ៉ា ចំនួន ៥០ដុល្លារអាមេរិក ផងដែរ។
អ្នកនាង សូ ដានីតា បានបញ្ជាក់តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់អ្នកនាង នៅរាត្រីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ថា «នាងខ្ញុំ សូ ដានីតា សូមប្រកាសលើកលែងបំណុលដែលប្អូន សឿ សុធារ៉ា ជំពាក់លុយចំនួន ជិត ៥ម៉ឺនដុល្លារ កន្លងមក ដែលអំឡុងកាលខែ07 ឆ្នាំ2021 ប្អូន Sapoun Darapemean សឿ សុធារ៉ា បានលេងនិងដេញលេងតុងទីន ជាមួយនាងខ្ញុំ ជាច្រើនខ្សែ ដោយដេញយកលុយចេញទៅចំនួនខាងលើ ហើយក៏មិនបានសងត្រឡប់មកវិញឡើយ រហូតដល់ពេលនេះ !
ដោយមួយរយៈពេលនេះ នាងខ្ញុំបានឃើញប្អូនធារ៉ា ពិបាកខ្លាំង និងមានទុក្ខជាទម្ងន់ ដោយម្តាយរបស់ប្អូនស្រីទទួលមរណភាព ឃើញសភាពប្អូនពិបាកខ្លាំង សូម្បីតែប្រាក់ធ្វើបុណ្យម្តាយ ក៏គ្មាន ហេតុដូច្នេះនាងខ្ញុំសូមប្រកាសលើកលែងបំណុលចំនួនខាងលើចោលទាំងអស់ និងចូលរួមបច្ច័យបុណ្យ ៧ថ្ងៃ សពម្តាយរបស់ប្អូនសឿ សុធារ៉ា ចំនួន ៥០ដុល្លារ តាមរយ:លោកកៅ សីហា។ បងសូមចូលរួមរំលែកទុក្ខប្អូនស្រីពីចម្ងាយផង!»។
បន្ទាប់ពីបានឃើញការបញ្ជាក់របស់តារាស្រីចិត្តល្អ សូ ដានីតា ខាងលើនេះ មហាជនទូទៅ រួមទាំងអ្នកសិល្ប:រួមអាជីពជាច្រើន បានសម្តែងនូវក្តីត្រេកអរជំនួសអ្នកនាងសឿ សុធារ៉ា ដែលទទួលបានការសន្តោសពីអ្នកនាង សូ ដានីតា ដោយលើកលែងបំណុលដល់ទៅ ៥ម៉ឺនដុល្លារ ហើយមនុស្សគ្រប់គ្នា បានកោតស្ញប់ស្ញែងចំពោះទឹកចិត្តដ៏សប្បុរសរបស់អ្នកនាងសូ ដានីតា ដែលជួយដល់អ្នកនាងសឿ សុធារ៉ា ក្នុងគ្រាដ៏លំបាកនេះ។
ជាក់ស្តែង លោកសួន ពិសិដ្ឋ គ្រូភ្លេង និងជាអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងល្បីឈ្មោះ បានថ្លែងថា «រំភើបចិត្តជំនួសប្អូនទាំងពីរជាពន់ពេក! So Danita និងសឿ សុធារ៉ា ទឹកចិត្តដ៏ល្អជ្រះថ្លារបស់ប្អូនស្រី So Danita គឺជាបុណ្យកុសលដ៏ល្អថ្លាថ្លៃណាស់ សូមជូនពរប្អូនស្រី និងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល សុខភាពល្អ និងចម្រុងចម្រើន! និងជួបនូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ!»។
អ្នកស្រី ងិន ម៉ានីយ៉ា អ្នកនិពន្ធទំនុកច្រៀង បានលើកឡើងថា «អរគុណប្អូនស្រី ចំពោះទឹកចិត្តដ៏ប្រពៃនេះ សូមអរគុណជំនួសប្អូនស្រីសឿ សុធារ៉ា ផង សូមជូនពរប្អូនជួបតែរឿងល្អៗក្នុងជីវិត»។
អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ក៏ដូចជាកញ្ញាយ៉េយ៉េ តារាសម្តែងភេទទីបីល្បីឈ្មោះ និងជាតារាកំប្លែងក្នុងក្រុមយក្សភ្លោះ បានលើកឡើងថា ពិតជាមិនងាយរកបានទេ ទឹកចិត្តល្អប្រពៃដូច សូ ដានីតា។
តារាសម្តែង លោក រតន: វិសិដ្ឋ បានលើកឡើងថា «បានបុណ្យណាស់បងស្រី… បុណ្យនឹងជួយបងវិញលើសហ្នឹង ១០ ០០០ ០០០ដង»។
តារាសម្តែង លោកញ៉ែម សុគន្ធ បានលើកឡើងថា «អរគុណទឹកចិត្តដ៏ថ្លៃថ្លា កម្រប្រទះទឹកចិត្តប្រពៃបែបនេះណាស់ សទ្ធាជ្រះថ្លានឹងការធ្វើទានអហោសកម្មនេះ សូមបានជាកុសលបានដល់វិញ្ញាណក្ខន្ធម៉ាក់ប៉ិផង»។
តារាសម្តែង អ្នកនាងលី ម៉ារីណា បានលើកឡើងថា «ទឹកចិត្តប្រពៃណាស់សម្លាញ់»…។
ឆ្លើយតបការបញ្ចេញយោបល់របស់មហាជនខាងលើនេះ អ្នកនាង សូ ដានីតា បានអរគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ ដោយអ្នកនាងបញ្ជាក់ថា អ្វីដែលសំខាន់សម្រាប់អ្នកនាងគឺអ្នកនាងអាចលើកលែងគ្រប់រឿង ព្រោះអ្នកនាងរស់នៅដោយធម៌ អំពើល្អ និងសច្ចៈចិត្ត។
អ្នកនាង សូ ដានីតា បានបញ្ជាក់តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់អ្នកនាង នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ថា «អរគុណបងប្អូនទាំអស់គ្នា ដែល like share comment សម្រាប់ការផុសរបស់នាងខ្ញុំ!
លុយ+មិត្តភាព+រសនៅ+ជីវិត+មានបាន+ក្រ+លំបាក គឺត្រូវតែមាននៅក្នុងលោកនេះ តែអ្វីសំខាន់សម្រាប់ខ្ញុំៗលើកលែងគ្រប់រឿង ព្រោះខ្ញុំរស់នៅដោយធម៌ អំពើល្អ សច្ចៈចិត្តពិត»៕ ខៀវទុំ