Friday, November 15, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះស្មៀនសង្កាត់តាខ្មៅ ស៊ីដាច់លុយ ៧០លាន

វ៉ៃខ្នោះស្មៀនសង្កាត់តាខ្មៅ ស៊ីដាច់លុយ ៧០លាន

ខេត្តកណ្តាល ៖ ស្មៀនសង្កាត់តាខ្មៅម្នាក់ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឃាត់ខ្លួនយកមកការិយាល័យ ដើម្បីកសាងសំណុំរឿង ករណីពាក់ព័ន្ធរំលោភលើទំនុកចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាសង្កាត់តាខ្មៅ ស្ថិតនៅភូមិតាខ្មៅ ក្រុងតាខ្មៅ។

មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះសុខ សុផា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរស្មៀនសាលាសង្កាត់តាខ្មៅ មានលំនៅក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ក្រុមការងារចម្រុះរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ដឹកនាំដោយលោកឈួ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម រួមសហការជាមួយអាជ្ញាធរខេត្ត ក្រុង សង្កាត់ បានចូលរួមក្នុងការស្រាវជ្រាវភាពមិនប្រក្រតីនៃការបន្លំដកយកសាច់ប្រាក់ពីកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រព្រឹត្តនៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

 សមាសភាពចូលរួម ៖ ១-លោកឃឹម សំភារ អភិបាលក្រុងតាខ្មៅ។ ២-លោកលី សុខធី ប្រធានមន្ទីរ ស.អ.យ ខេត្តកណ្តាល។ ៣-លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ។ ៤-លោកប៉ុក វិចិត្រ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់តាខ្មៅ និង៥-លោកសុខ សុផា ស្មៀនសង្កាត់តាខ្មៅ ចុះត្រួតពិនិត្យ តាមពាក្យបណ្តឹងរបស់ឈ្មោះជុំ ចិន្តា កាន់សមធម៌ លេខ ០៨១១០៤០៣-០០៨៦។

បន្ទាប់មក ក្រុមការងារបានពិនិត្យស្រាវជ្រាវក្នុងប្រព័ន្ធរបស់ក្រសួង ឃើញថា ប័ណ្ណសមធម៌របស់ឈ្មោះជុំ ចិន្តា គឺបានបើកប្រាក់ជាបន្តបន្ទាប់ ចំនួន១៦ខែ រួចហើយ ដែលក្នុងមួយខែចំនួន ២៣២ ០០០រៀល ស្មើនឹងទឹកប្រាក់សរុប ៣ ៧១២ ០០០រៀល។ បន្ទាប់មក ក្រុមការងារ បានរកឃើញបន្ថែមនូវប័ណ្ណសមធម៌ ចំនួន ១៩ប័ណ្ណទៀត ដែលមានភាពមិនប្រក្រតី និងមានការបន្លំដកប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់ឈ្មោះសុខ សុផា ភេទប្រុស ជាស្មៀន និងជាអ្នកអនុវត្តកម្មវិធីក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលសរុបទាំង២០ប័ណ្ណ មានទឹកប្រាក់សរុបចំនួន ៧០ ៩៨៨ ០០០រៀល។

តាមចម្លើយសារភាពរបស់ឈ្មោះសុខ សុផា ស្មៀនសង្កាត់តាខ្មៅ ឆ្លើយថា ខ្លួនពិតជាបានធ្វើការផ្ទៀងផ្ទាត់ រក្សាទុក និងបានទៅដកប្រាក់ពីកម្មវិធី មករក្សាទុកខ្លួនឯង និងមិនប្រគល់ប្រាក់ ព្រមទាំងប័ណ្ណសមធម៌ជូនម្ចាស់ដើម ពិតប្រាកដមែន។

ករណីខាងលើ មន្ទីរសង្គមកិច្ច អតីតយុវជននិងយុវនីតិសម្បទា បាននាំជនសង្ស័យខាងលើមកប្រគល់ឱ្យការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES