ព័ត៌មានទាន់ហេតុការណ៍បំផុត
ម៉ាឡេស៊ី៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ Bernama បានរាយការណ៍ថាយ៉ាងហោចណាស់មានមនុស្ស១៤នាក់រាប់បញ្ចូលអ្នកបើកបរម្នាក់បានស្លាប់បាត់បង់ជីវិតនិង១៦នាក់ទៀតរងរបួសនៅពេលរថយន្តក្រុងមួយគ្រឿងបានធ្លាក់ជ្រោះកាលពីព្រឹកថ្ងៃសៅរ៍នៅតំបន់ភាគខាងត្បូងម៉ាឡេស៊ី ។
អ្នកនាំពាក្យរបស់មន្ទីរពេទ្យមួយបានថ្លែងថាចំនួនអ្នកស្លាប់បានកើនឡើងដល់១៤នាក់ធៀបនឹងតួលេខចាស់១៣នាក់ បន្ទាប់ពីអ្នកដំណើរម្នាក់ដែលរងរបួសបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅរង្វង់ម៉ោង៤ព្រឹកក្នុងស្រុក នៅពេលដែលរថយន្តក្រុងមួយគ្រឿងបាននិងកំពុងធ្វើដំណើរពីក្រុង Johor Baru ទៅកាន់គូឡាឡាំពួរនៅលើផ្លូវល្បឿនលឿនមួយក្នុងរដ្ឋ Johor ដែលនេះជាគ្រោះថ្នាក់ដ៏អាក្រក់បំផុតគិតចាប់តាំងពីឆ្នាំ២០១៣ដែលមានមនុស្សស្លាប់៣៧នាក់។
ចំណែកអត្តសញ្ញាណជនរងគ្រោះគឺមិនទាន់ត្រូវបានបញ្ជាក់ឲ្យបានច្បាស់នៅឡើយទេ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន Bernama បានឲ្យដឹងថាអ្នករងរបួសរាប់បញ្ចូលទាំងជនជាតិម៉ាឡេស៊ីនិងជនបរទេសមកពីសិង្ហបុរីនិងមីយ៉ាន់ម៉ា ។
ចំពោះមូលហេតុដែលនាំឲ្យរថយន្តក្រុងនេះរអិលចេញពីចំណែកផ្លូវគេមិនទាន់បានដឹងច្បាស់នៅឡើយទេ ខណៈផ្លូវនេះគឺមានស្ថានភាពល្អ ។