ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ បានសម្រេច រួចនាំគ្នាគេចខ្លួនអស់ លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ត្រូវកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវតាមចាប់ខ្លួនបានចំនួន៤នាក់ នាំយកមកចាត់ការតាមច្បាប់។
ករណីឆក់កាបូបនេះ បានកើតឡើង កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រ៤៦-៤៧ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន។
ស្ត្រីរងគ្រោះ មានឈ្មោះអ៊ូ ស្រីល័ក្ខ អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិព្រៃពង្រ ឃុំស្គុះ ស្រុកសំរោងទង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើ បានជិះម៉ូតូ ១គ្រឿង ចេញពីរតនាគារ គោលបំណងទៅបើកលុយនៅធនាគារអេស៊ីលីដា។ ពេលជិះចេញមកដល់ផ្លូវជាតិលេខ៤ ចំណុចខាងកើតតារែកទឹកត្នោត ស្រាប់តែលេចមុខជនសង្ស័យមានគ្នា ២នាក់ ពាក់អាវពណ៌ខ្មៅ ទាំង២ មិនពាក់មួកសុវត្ថិភាព ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកក្បែរខាងឆ្វេងដៃ ហើយធ្វើសកម្មភាពឆក់យកកាបូបដែលជនរងគ្រោះស្ពាយខាងឆ្វេង រួចជិះទៅទិសខាងកើត បាត់ស្រមោល។ សម្ភារៈដែលបាត់បង់ រួមមាន កាបូបស្ពាយ ចំនួន១ ក្នុងនោះ ទូរស័ព្ទម៉ាក iPhone ពណ៌ផ្កាឈូក ១គ្រឿង លុយ ចំនួន ២០ម៉ឺនរៀល ប័ណ្ណបើកបរ ចំនួន២សន្លឹក និងកាត ATM ចំនួន១។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយពីបានទទួលបណ្តឹង ជំនាញនគរបាលយុត្តិធម៌ក្រុងច្បារមន សហការជាមួយប៉ុស្តិ៍រការធំ ស្រាវជ្រាវឈានដល់ការកំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ។
មុខសញ្ញាជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះឃិន លីដា ភេទប្រុស អាយ១៦ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំមហាសាំង ស្រុកភ្នំស្រួច។ ទី២-ឈ្មោះយ៉ន វីន ហៅរីន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំមហាសាំង ស្រុកភ្នំស្រួច។ ទី៣-ឈ្មោះជា ចាន់ធំ ហៅធិ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្លុកដង្កោ ឃុំធម្មតាអរ ស្រុកសំរោងទង និងទី៤-ឈ្មោះកេន ថារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យទាំង៤នាក់ខាងលើ បានឆ្លើយសាភាពថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះខាងលើ ប្រាកដមែន។
ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតីវិធី៕