Thursday, December 5, 2024
Homeព័ត៌មានជាតិស្រីស្អាតសន្លប់មុខប្រាសាទអង្គរ

ស្រីស្អាតសន្លប់មុខប្រាសាទអង្គរ

ខេត្តសៀមរាប ៖ នារីម្នាក់ ត្រូវបានប្រទះឃើញដេកសន្លប់នៅលើវាលស្មៅ ជាប់នឹងមាត់កសិណអង្គរ មុខប្រាសាទអង្គរវត្ត និងត្រូវបានសង្ស័យថា ត្រូវថ្នាំសណ្តំ ប្លន់យកទ្រព្យសម្បត្តិ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍ភ្លាមៗ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានតាមរយៈគណនីហ្វេសប៊ុក ឈ្មោះ Ka Miss You ដែលបានសរសេរបង្ហោះថា “មានបងស្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ បានដួលសន្លប់នៅមាត់កសិណអង្គរ អាចជាករណីដាក់ថ្នាំ ប្លន់យកទ្រព្យសម្បត្តិ”។

ក្រោយមក កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតអត្តសញ្ញាណជនរងគ្រោះ ទើបដឹងថា នារីរងគ្រោះ មានឈ្មោះរ័ត្ន សុធារី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ហើយភ្លាមនោះ សមត្ថកិច្ចប្រញាប់ចាត់បញ្ជូននារីរងគ្រោះទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាល ស៊ឹង រិទ្ធីរ៉េត ភ្លាមៗផងដែរ។

យោងតាមការបំភ្លឺរបស់ឈ្មោះរ័ត្ន សុលាង ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន រស់នៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប និងត្រូវជាបងស្រីបង្កើតរបស់នារីរងគ្រោះខាងលើ បានប្រាប់ថា ប្អូនស្រីរបស់ខ្លួន ឈ្មោះរ័ត្ន សុធារី ជាមនុស្សមានជំងឺប្រចាំកាយ (ជំងឺផ្លូវចិត្ត សរសៃប្រសាទ) រយៈពេល ៣ឆ្នាំមកហើយ បច្ចុប្បន្ននេះកំពុងសម្រាកព្យាបាលនៅពេទ្យផ្លូវចិត្ត មួយកន្លែង ជិតផ្សារដើមក្រឡាញ់។ លុះមកដល់វេលាម៉ោង ៣រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ រូបគាត់បានស្តីបន្ទោសឱ្យប្អូនស្រី ដោយសារតែមកជួបគាត់យឺតពេល ពេលនោះប្អូនស្រីរបស់គាត់ខឹង ក៏ជិះម៉ូតូត្រឡប់ទៅវិញ រហូតដល់ម៉ោងប្រហែល ៨យប់ គាត់បានឃើញគេបង្ហោះលើហ្វេសប៊ុក ថាប្អូនរបស់គាត់ដួលសន្លប់នៅកសិណអង្គរ សង្ស័យត្រូវថ្នាំសណ្តំ ប្លន់យកទ្រព្យសម្បត្តិ ទើបគាត់ប្រញាប់មកមើលប្អូនស្រីនៅគ្លីនិកស៊ឹង រិទ្ធីរ៉េត ដោយនាងសន្លប់បាត់ស្មារតីទៅហើយ ប៉ុន្តែគាត់អាចបញ្ជាក់បានថា ប្អូនរបស់គាត់ មិនបានត្រូវអ្នកណាដាក់ថ្នាំសណ្តំ ប្លន់នោះទេ ហើយក៏ពុំមានបាត់បង់ទ្រព្យសម្បត្តិដែរ គឺដោយសារជំងឺរបស់គាត់ធ្វើទុក្ខឡើងវិញ ហើយកន្លងមក ក៏ធ្លាប់បាត់ពីផ្ទះ ៤ដងមកហើយ។

ផ្អែកតាមការបំភ្លឺបងស្រីជនរងគ្រោះ សមត្ថកិច្ចបានសន្និដ្ឋានថា ករណីខាងលើនេះ មិនមែនជាករណីដាក់ថ្នាំសណ្តំ ប្លន់យកទ្រព្យសម្បត្តិនោះទេ ពោលគឺនារីរងគ្រោះ ជាមនុស្សមានជំងឺប្រចាំកាយ (ជំងឺផ្លូវចិត្ត សរសៃប្រសាទ) ។

ដោយឡែក ក្រោយពីបានដឹងការពិតរួចហើយ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ka Miss You ក៏បានបង្ហោះនៅលើគណនីផ្ទាល់ខ្លួនវិញថា “ករណីដែលគាត់បានសរសេរបង្ហោះខាងលើនេះ មិនមែនជាករណីដាក់ថ្នាំសណ្តំ ប្លន់ទ្រព្យសម្បត្តិនោះទេ ជាការយល់ច្រឡំ”៕

RELATED ARTICLES