Thursday, December 5, 2024
Homeព័ត៌មានជាតិប្រពន្ធកូនខ្ចី ប្តីចងកស្លាប់

ប្រពន្ធកូនខ្ចី ប្តីចងកស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ បានសុំច្បាប់កន្លែងធ្វើការ ដើម្បីទៅមើលប្រពន្ធសម្រាលកូន លុះត្រឡប់មកវិញ ក៏សុំលាឈប់ពីការងារ ដោយប្រាប់ថា មានជម្លោះជាមួយគ្រួសារនៅឯខេត្ត រួចក៏ទៅសុំអ្នកជិតខាងស្នាក់នៅបណ្តោះអាសន្ន ស្រាប់តែយប់ឡើង ចងកស្លាប់ក្នុងបន្ទប់ជួល ដោយមិនដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះពិនិត្យទាំងយប់។

ករណីចងកសម្លាប់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ១កន្លែង ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះរ៉ា ភូម៉ារិទ្ធិ ហៅតាវែង អាយុ២៧ឆ្នាំ មុខរបរលាងរថយន្ត នៅយានដ្ឋានក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតនៅខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីម្ចាស់បន្ទប់ជួល (ទីតាំងកើតហេតុ) ឈ្មោះញឹម វិច្ឆិកា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរប៉ះកង់រថយន្ត បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ វេលាម៉ោង ៦ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ជនរងគ្រោះបានមកសុំបន្ទប់ជួលរបស់គាត់ស្នាក់អាស្រ័យ ដោយប្រាប់ថា អត់សូវស្រួលខ្លួន ហើយដោយសារតែពួកគាត់ជាមនុស្សធ្លាប់ស្គាល់គ្នាពីមុនមក ព្រោះជនរងគ្រោះធ្វើការជាកម្មករនៅហ្គារាស់លាងរថយន្ត ជាប់កន្លែងគាត់ប៉ះកង់រថយន្តដែរនោះ ទើបគាត់ក៏បានយល់ព្រមឱ្យជនរងគ្រោះសម្រាកក្នុងបន្ទប់ ហើយគាត់បានចេញទៅរកស៊ីប៉ះកង់ឡាន តាមទម្លាប់ រហូតដល់វេលាម៉ោង ៩យប់ ថ្ងៃដដែល ទើបត្រឡប់មកបន្ទប់ជួលវិញ ស្រាប់តែប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក បន្ទប់ជួលរបស់គាត់ស្លាប់បាត់ទៅហើយ ដោយយកក្រមា ចងកជាប់នឹងធ្នឹមបន្ទប់ទឹក។ ភ្លាមៗនោះ គាត់ប្រញាប់ រាយការណ៍ទៅម្ចាស់ផ្ទះជួល និងបន្តរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ឱ្យចុះមកពិនិត្យភ្លាមៗតែម្តង។

ដោយឡែក តាមសម្តីស្ត្រីឈ្មោះពៅ សានីត អាយុ៣២ឆ្នាំ មុខរបរមេការកន្លែងលាងរថយន្តក្បែរកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា កន្លងមក ជនរងគ្រោះធ្លាប់បម្រើការងារនៅកន្លែងគាត់ ជាច្រើនខែមកហើយ ។ កាលពី ១ខែមុន ជនរងគ្រោះបានសុំច្បាប់សម្រាក ១ខែ ដើម្បីទៅមើលថែប្រពន្ធកូនខ្ចី រួចក៏ត្រឡប់មកសុំធ្វើការងារ បានរយៈពេល៥ថ្ងៃ ស្រាប់តែសុំលាឈប់តែម្តង ដោយប្រាប់ថា ចង់ទៅរកធ្វើការផ្សេងទៀត ដោយបានបើកលុយរួចរាល់ហើយ។

ស្ត្រីជាមេការកន្លែងលាងរថយន្ត បានបន្តថា កាលពីអំឡុងពេល ២ថ្ងៃមុន ពេលដែលជនរងគ្រោះ មកបើកលុយ លាឈប់ពីការងារ ធ្លាប់បានបង្ហើបប្រាប់គាត់ថា ខ្លួនបានកើតមានជម្លោះជាមួយក្រុមគ្រួសារនៅឯខេត្ត ប៉ុន្តែមិនដឹងថា មានជម្លោះជាមួយបងប្អូន សាច់ញាតិ ឪពុកម្តាយ ឬក៏ឈ្លោះជាមួយប្រពន្ធនោះទេ ស្រាប់តែរំលងបាន ២ថ្ងៃ ក៏ទទួលដំណឹងថា ជនរងគ្រោះ បានចងកស្លាប់ក្នុងបន្ទប់ជួលអ្នកប៉ះកង់ ក្បែរកន្លែងលាងរថយន្តនេះតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ បានមកដល់ទីតាំងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងកប្រាកដមែន ដោយប្រើក្រមា ចងកជាប់នឹងធ្នឹមបន្ទប់ទឹក។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES