ខេត្តតាកែវ ៖ ក្រុមជនសង្ស័យជាមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋ លួចទ្រព្យសម្បត្តិ ចំនួន៧នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ធ្វើការឃាត់ខ្លួន និងឈានដល់ការឃាត់ខ្លួនអ្នកទទួលផលចោរកម្ម ចំនួន៣នាក់ទៀត។
ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ១១និង២៥នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រក្រុងដូនកែវ។

លោកឧត្តមសេនីយ៍ សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា មួយរយៈពេលនេះ ក្រុមជនសង្ស័យបានចេញធ្វើសកម្មភាពដើរលួចកាត់ខ្សែភ្លើងសាធារណៈ ក៏ដូចជារបស់របរប្រជាពលរដ្ឋជាច្រើន ហើយជាងនេះទៅទៀត ក្រុមជនសង្ស័យ បានដើរគាស់ផ្ទះប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិអស់ជាច្រើន ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅមិនបានសុខ ហើយមានការភិតភ័យស្ទើរគ្រប់ៗគ្នា។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបន្តថា ដើម្បីធានាបានសន្តិសុខជូនដល់ប្រជាពលរដ្ឋ លែងព្រួយបារម្ភ និងឈប់មានការភិតភ័យបន្តទៀតនោះ លោកអ៊ូច ភា អភិបាលខេត្តតាកែវ បានណែនាំដល់លោក ធ្វើយ៉ាងណាត្រូវតែបង្ក្រាបក្រុមចោរហារយទាំងនេះ ឱ្យបានជាដាច់ខាត ទើបនៅវេលាម៉ោង ១១និង២៥នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស អាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថក្រុង ចុះបង្ក្រាបក្រុមជនសង្ស័យលួចគាស់ផ្ទះ បាន១សំបុកតែម្តង។

លោកវសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ដោយមានបទបញ្ជាពីលោកមេបញ្ជាការកងរាជអាវុហត្ថខេត្តតាកែវ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានដឹកនាំកម្លាំងចុះបង្ក្រាបករណីអំពើលួចយ៉ាងសកម្ម ក្នុងភូមិសាស្ត្រក្រុងដូនកែវ ជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យ ចំនួន៧នាក់ និងនាំខ្លួនម្ចាស់ទីតាំងលក់អេតចាយ ទទួលផលចោរកម្ម ៣ទីតាំង ចំនួន៣នាក់ ក្នុងនោះ រួមមាន ទី១-ឈ្មោះជុន ណារួន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ។ ទី២-ឈ្មោះយី ភ័សនី ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ និងទី៣-ឈ្មោះកែវ សាលី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។ អ្នកទាំង៣ សុទ្ធតែជាមុខសញ្ញាទទួលទិញរបស់ចោរ នៅពេលក្រុមនោះលួចបានយកមកលក់ឱ្យ។

ដោយឡែក ជនសង្ស័យទាំង៧នាក់ រួមមាន ៖ ទី១-ឈ្មោះហ៊ឹម ផន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះយ៉េង ប៊ុណ្ណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៣-ឈ្មោះចៅ ភី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៤-ឈ្មោះឈៀង ប៊ុនរឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៥-ឈ្មោះសុខ ថា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៦-ឈ្មោះប៊ុន រាសី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៧-ឈ្មោះសូ សុដា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យ ទាំង៧នាក់ មានលំនៅក្នុងភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ។
នៅចំពោះមុខសមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យ បានឆ្លើយសារភាពថា ពួកគេពិតជាបានដើរធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង តាមផ្ទះ និងតាមផ្លូវសាធារណៈ ព្រមទាំងដើរគាស់ផ្ទះប្រជាពលរដ្ឋ នៅពេលយប់ ប្រាកដមែន។
ជនសង្ស័យទាំង១០នាក់ ត្រូវបានកម្លាំងអាវុធហត្ថ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕