ភ្នំពេញ ៖ បុរសម្នាក់ មានជំងឺលើសឈាមប្រចាំកាយ ដោយសារជីវភាពខ្វះខាត គ្មានលុយមើលថែសុខភាពឱ្យបានដិតដល់ ធ្វើឱ្យជំងឺធ្វើទុក្ខ ដើរចូលបន្ទប់ទឹក ស្រាប់តែដួលសន្លប់ស្តូកស្តឹង ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ចុះអន្តរាគមន៍ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតតាមផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះ មានឈ្មោះគង់ នីម ភេទប្រុសអាយុ៦៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បុរសខាងលើ មានជំងឺប្រចាំកាយ លើសឈាម ជាយូរមកហើយ តែគ្មានលទ្ធភាពមើលជំងឺ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចូលទៅបន្ទប់ទឹក ស្រាប់តែជំងឺធ្វើទុក្ខ កើតអាការងងឹតមុខ ដួលសន្លប់ស្តូកស្តឹង និងត្រូវបានប្រជាពលរដ្ឋក្បែរខាង ប្រញាប់ស្នើដល់អង្គភាព៧១១ ជួយដឹកបញ្ជូនទៅសង្គ្រោះ។

បន្ទាប់មក រថយន្តសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចុះទៅជួយបឋម រួចក៏ដឹកបញ្ជូនជនរងគ្រោះខាងលើ ទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ភ្លាមៗ ហើយដោយឃើញជីវភាពខ្វះខាត គ្មានលុយមើលជំងឺ អង្គភាព៧១១ បានជួយជាថវិកាមួយចំនួនថែមទៀតផង៕