Sunday, May 19, 2024
Homeព័ត៌មានជាតិស្រីស្អាតឈប់ម៉ូតូចាំសង្សារ ចោរប្លន់បាញ់១០គ្រាប់

ស្រីស្អាតឈប់ម៉ូតូចាំសង្សារ ចោរប្លន់បាញ់១០គ្រាប់

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានឈប់ម៉ូតូចាំទទួលសង្សាររបស់ខ្លួនចេញពីធ្វើការទាំងកណ្តាលយប់ ស្រាប់តែលេចមុខជនសង្ស័យ ចំនួន ២នាក់ ជិះម៉ូតូមកឈប់ក្បែរ រួចដកកាំភ្លើងភ្ជង់ប្លន់ម៉ូតូនិងទូរស័ព្ទ  លុះនារីរងគ្រោះស្រែកឆោឡោផ្អើលដល់ក្រុមអ្នកដឹកជញ្ជូននៅក្បែរនោះ ចេញមកជួយអន្តរាគមន៍ ធ្វើឱ្យជនសង្ស័យភ័យ បាញ់គំរាមប្រមាណជិត១០គ្រាប់ បណ្តាលឱ្យត្រូវយុវជនម្នាក់ របួសជើង រួចជនសង្ស័យបានគេចខ្លួនបាត់ភ្លាមៗ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុច ខាងមុខផ្សារទំនើប អ៊ីដិន តាមបណ្តោយផ្លូវ R6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

នារីរងគ្រោះដែលត្រូវចោរភ្ជង់ប្លន់ម៉ូតូនិងទូរស័ព្ទ តែមិនបានសម្រេចនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ម៉ូតូដែលជនសង្ស័យប៉ុនប៉ងប្លន់ ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ គ្មានស្លាកលេខ (ជាប្រភេទម៉ូតូស្មាតឃី)។ ចំណែកជនសង្ស័យ មានគ្នា២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ មិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លី មិនស្គាល់ម៉ាក ១ដើម។ ដោយឡែក យុវជនរងគ្រោះដែលចូលជួយសង្គ្រោះស្រីស្អាត និងត្រូវជនសង្ស័យបាញ់ បណ្តាលឱ្យរងរបួស ក៏មិនត្រូវបានស្គាល់អត្តសញ្ញាណដូចគ្នា ក្រោយកើតហេតុ ត្រូវបានមិត្តរួមការងារ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។

តាមសម្តីពីនារីរងគ្រោះ សូមមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ គ្មានស្លាកលេខ ជាប្រភេទម៉ូតូស្មាតឃី ចេញពីផ្ទះ នៅឯពោធិ៍ចិនតុង ក្នុងបំណងទៅយកសង្សារដែលចេញពីធ្វើការ នៅផ្សារទំនើបអ៊ីដិន ដែលជាកន្លែងកើតហេតុ។ នៅពេលទៅដល់ ដោយសារតែសង្សាររបស់នាងមិនទាន់ចេញពីធ្វើការ ទើបនាងបានអង្គុយចាំនៅលើម៉ូតូ តាមចិញ្ចើមផ្លូវ ដែលមានសភាពស្ងប់ស្ងាត់យ៉ាងខាំង ស្រាប់តែបន្តិចក្រោយមក លេចមុខជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម មិនចាំស្លាកលេខ បានមកពីក្រោយនាង និងបានពន្លត់ម៉ាស៊ីនម៉ូតូតាំងពីចម្ងាយមកឈប់ក្បែរនាង ហើយក៏បានធ្វើសកម្មភាពដេញនាងចុះពីលើម៉ូតូ រួចជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ បានឡើងបញ្ឆេះម៉ូតូរបស់នាង ថែមទាំងទាររកទូរស័ព្ទដៃពីនាងទៀតផង តែនាងមិនព្រមឱ្យ។ បន្ទាប់មក នាងព្យាយាមដើរចេញឆ្ងាយពីម៉ូតូ ហើយម៉ូតូក៏បានរលត់ម៉ាស៊ីនទៅ ព្រោះម៉ូតូរបស់នាង គឺជាប្រភេទស្មាតឃី។

នារីរងគ្រោះ បន្តថា ខណៈពេលនោះ នាងបានស្រែកចោរៗ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខ និងប្រជាពលរដ្ឋក្បែរនោះ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៏បានទុកម៉ូតូរបស់នាងចោល រួចបានរត់ឡើងជិះម៉ូតូបក្ខពួក ព្យាយាមគេចខ្លួនចេញពីកន្លែងកើតហេតុ ខណៈពេលនោះ ក៏មានអ្នកដឹកជញ្ជូនអនឡាញមួយក្រុម ជិះម៉ូតូ ៧ទៅ៨គ្រឿង បានជិះដេញតាម និងស្រែកចោរ!ៗ តាមពីក្រោយជនសង្ស័យ។

លុះពេលដែលជនសង្ស័យបានជិះដឹកគ្នា ព្យាយាមរត់គេចខ្លួនតាមបណ្តោយផ្លូវកម្ពុជាក្រោមនោះ ជនសង្ស័យម្នាក់ដែលអង្គុយខាងក្រោយ បានដកកាំភ្លើងខ្លីមួយដើម បាញ់សំដៅទៅលើក្រុមអ្នកដែលជិះដេញតាមពីក្រោយ ចំនួន៤ទៅ៥គ្រាប់ តែក្រុមអ្នកដឹកជញ្ជូនអនឡាញនោះ នៅតែជិះដេញតាមជនសង្ស័យទៀត រហូតដល់ចំណុចផ្លូវ២០០៤ ជនសង្ស័យបានដកកាំភ្លើងបាញ់ជាច្រើនគ្រាប់បន្ថែមទៀត បណ្តាលឱ្យត្រូវអ្នកដឹកជញ្ជូនអនឡាញម្នាក់ ក្នុងចំណោមជាច្រើននាក់នោះ ដោយត្រូវចំជង្គង់ខាងឆ្វេង ហើយជនសង្ស័យបានបន្ថែមល្បឿនជិះរត់គេចខ្លួន បាត់ស្រមោលតែម្តង។ បន្ទាប់មក ជនរងគ្រោះដែលរងរបួស ត្រូវបានគ្នីគ្នាដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នរគបាលរដ្ឋបាលទឹកល្អក់ទី១ បានចុះមកធ្វើអន្តរាគមន៍ និងបាននាំជនរងគ្រោះជាម្ចាស់ម៉ូតូ ទៅធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES