ខេត្តកំពត ៖ ប្រជាពលរដ្ឋជាច្រើននាក់ បានលើកគ្នាមកអង្គុយនិងឈរចាំ រារាំងនិងចួលរួមធ្វើជាសាក្សី នៅក្នុងការចុះអនុវត្តសាលក្រមរឿងជម្លោះដីស្រែអំបិល រវាងម្តាយ និងកូនស្រីបង្កើតរស់នៅក្រុងកំពត។
ដីស្រែអំបិល ដែលម្តាយនិងកូនស្រីបង្កើត កើតមានជម្លោះប្តឹងផ្តល់គ្នា រហូតឡើងដល់តុលាការនោះ មានទីតាំងស្ថិតក្នុងភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ។

ទោះជាមានការប្តឹងផ្តល់គ្នារវាងម្តាយនិងកូនស្រីបង្កើត រឿងដីស្រែអំបិល យ៉ាងណាក៏ដោយ តុលាការខេត្តកំពត បានកាត់ឱ្យម្តាយឈ្មោះឈុន ហឹង អាយុ៨៥ឆ្នាំ រស់នៅសង្កាត់កំពង់កណ្តាល ក្រុងកំពត ជាអ្នកឈ្នះក្តី លើកូនស្រីឈ្មោះហោ សឺយ និងម្ចាស់ដីចំនួនបីនាក់ផ្សេងទៀត ដែលមានដីជាប់ព្រំគ្នា។

តាមសម្តីស្ត្រីឈ្មោះហោ សឺយ ត្រូវជាកូនស្រី បាននិយាយថា ដីរបស់ខ្លួន បានទិញហ៊ុនគ្នាជាមួយឈ្មោះសុន កេង ចំនួន ១៨ហិកតារ ជាមួយឈ្មោះថោង មុំ រួមទាំងឈ្មោះអេល មីន ជាង ៦ហិកតារ និងដីម្តាយបង្កើត មានចំនួនតែជាង ៥ហិកតារប៉ុណ្ណោះ ស្រាប់តែពេលតុលាការចេញសាលក្រមសម្រេចកាត់ដីឱ្យលោកយាយឈុន ហឹង ត្រូវជាម្តាយ បែរជាមានចំនួនដល់ទៅ ៣១ហិកតារទៅវិញ។ ដោយសារតែចំនួនដីស្រែអំបិល ដែលតុលាការកាត់ទៅឱ្យម្តាយ ដ៏ច្រើនលើសលប់នោះ ទើបត្រូវបានកូនស្រីបង្កើត និងម្ចាស់ដី ចំនួន៣នាក់ទៀត ធ្វើការជំទាស់ និងបានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត។

ចំណែកភាគីលោកយាយឈុន ហ៊ឹង បាននិយាយយ៉ាងខ្លីថា ដីស្រែអំបិលនេះ គាត់ជាម្តាយបានកាន់កាប់ជាយូរឆ្នាំហើយ ប៉ុន្តែម្នាក់ៗសុទ្ធតែមានការលោភលន់ ចង់បានដីរបស់គាត់។

រហូតមកដល់ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ តុលាការខេត្តកំពត មានគម្រោងចុះមកប្រកាសសាលក្រម តែដោយសារឃើញប្រជាពលរដ្ឋត្រៀមចាំធ្វើជាសាក្យីឱ្យស្ត្រីឈ្មោះហោ សឺយ ត្រូវជាកូនលោកយាយឈុន ហ៊ឹង ច្រើននាក់ នៅកន្លែងស្រែអំបិល ទើបលោកក្រឡាបញ្ជី បានដកថយក្រោយវិញ ដោយធ្វើកំណត់ហេតុថា អាជ្ញាធរមិនបានចូលរួមការអនុវត្តប្រកាសសាលក្រម ដោយពន្យារទៅពេលក្រោយ៕