ខេត្តកណ្តាល ៖ ជនសង្ស័យ ១ក្រុម មានគ្នា៧នាក់ តែងធ្វើសកម្មភាពឆក់នៅរាជធានីភ្នំពេញយ៉ាងសកម្ម បន្ទាប់មកបាននាំគ្នាចេញឆក់នៅតាមបណ្តាខេត្តមួយចំនួន ពិសេសខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ទីបំផុតត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន ចំនួន៣នាក់ ខណៈដែលបក្ខពួក ៤នាក់ទៀត បានរត់គេចបាត់។
ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង០៥នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៤ មុខទីក្រុងចិនសាមានា ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។
ជនរងគ្រោះ មានចំនួន២នាក់ ទី១-ឈ្មោះស៊ូ ចាន់នី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមេផ្ទះ នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល (គ្មានរបួស) កើតហេតុថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ និងទី២-ឈ្មោះឆេង គឹមលី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល (គ្មានរបួស) កើតហេតុថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្ភារៈបាត់បង់ ៖ ឈ្មោះស៊ូ ចាន់នី បានបាត់ទូរស័ព្ទដៃ ១គ្រឿង ម៉ាក Oppo ប្រាក់ ចំនួន៣០ម៉ឺនរៀល និងឯកសារផ្សេងៗមួយចំនួនទៀត។ ចំណែកឈ្មោះឆេង គឹមលី បានបាត់ប្រាក់ ចំនួន១លានរៀល និងឯកសារផ្សេងៗពាក់ព័ន្ទនឹងជនរងគ្រោះមួយចំនួនទៀត។
ចំណែកក្រុមជនសង្ស័យ មានគ្នា៧នាក់ (ឃាត់ខ្លួន៣នាក់) រួមមាន ៖ ទី១-ឈ្មោះសុខ ឌី ហៅជា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូស្កុបពី (ឃាត់ខ្លួននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២)។ ទី២-ឈ្មោះជា សុវណ្ណ ហៅណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អ្នកជិះពីក្រោយធ្វើសកម្មភាពឆក់ (ឃាត់ខ្លួននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២)។ ទី៣-ឈ្មោះប្រាក់ វុត្ថារិទ្ធ ហៅប៉ែត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ អ្នកបើកម៉ូតូម៉ានិច បិទគូទ (ឃាត់ខ្លួននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២)។ ទី៤-ឈ្មោះឆដា ភេទប្រុស អាយុប្រហែល២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបុរីវ៉ាធីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ម្ចាស់ម៉ូតូនិច ពណ៌ទឹកប្រាក់ ឆ្នាំ២០២២ (គេចខ្លួន)។ ទី៥-ឈ្មោះឈីត ភេទប្រុស អាយុប្រហែល២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គេចខ្លួន)។ ទី៦-ឈ្មោះហាប់ ភេទប្រុស អាយុប្រហែល២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ម្ចាស់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ (គេចខ្លួន) និងទី៧-ឈ្មោះរាជ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំរង្វង់មូល កាំកូស៊ីធី ខណ្ឌទួលគោក រាជធានីភ្នំពេញ (គេចខ្លួន)។
រីឯវត្ថុតាងចាប់យក រួមមាន ម៉ូតូ ៣គ្រឿង ១-ម៉ាកហុងដា ស្កុបពី ពណ៌ស ឆ្នាំ២០២៣ លេខតួ YMLHJK0434P-5303036 លេខម៉ាស៊ីន JK04E-3303036 និងទូរស័ព្ទដៃ ១គ្រឿង ម៉ាក oppo ពណ៌ប្រផេះ។ ២-ម៉ាកស៊ុយស៊ូគី និច ឆ្នាំ២០២១ ពណ៌ស លេខតួ CE44F-365661 លេខម៉ាស៊ីន AE52-365305 ពាក់ផ្លាកលេខ ភ្នំពេញ 1JS-9175 ។ ៣-ម៉ាកស៊ុយស៊ូគី និច ឆ្នាំ២០២២ ពណ៌សលាយខៀវ លេខតួ CE44F-367467 លេខម៉ាស៊ីន AE52-367488 គ្មានស្លាកលេខ ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីកន្លែងផ្ញើសម្ភារៈនៅក្រុមហ៊ុនវីរៈប៊ុនថាំ ផ្សារបែកចាន ស្រុកអង្គស្នួល ដោយបានដាក់កាបូបក្រវាត់ចង្កេះ ហើយជិះម៉ូតូឆ្ពោះទៅផ្ទះ នៅឃុំឆក់ឈើនាង ពេលជិះដល់ចំណុចកើតហេតុ ស្រាប់តែបក្ខពួកជនសង្ស័យ ជិះម៉ូតភិនភាគដូចខាងលើ បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ។ បន្ទាប់ពីឆក់កាបូបបានហើយ ជនសង្ស័យបាននាំគ្នាជិះគេចខ្លួនទៅទិសខាងលិចបាត់អស់ទៅ។ ក្រោយមក ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ច បន្ទាប់ពីទទួលបានព័ត៌មានហើយ ផ្នែក ជំនាញនគរបាលយុត្តិធម៌ ប៉ុស្តិ៍បែកចាន ប៉ុស្តិ៍ឆក់ឈើនាង ប៉ុស្តិ៍ពើក ប៉ុស្តិ៍ដំណាក់អម្ពិល ប៉ុស្តិ៍លំហាច បានចេញល្បាតនៅក្នុងភូមិសាស្ត្រ តែមិនឃើញមុខសញ្ញាឡើយ។
រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ បានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ៤ ឃើញជនសង្ស័យកំពុងជិះម៉ូតូ និងមានសកម្មភាពមើលមុខមើលក្រោយ ដោយសមត្ថកិច្ចមានការសង្ស័យ ក៏ហៅជនសង្ស័យទាំងបីនាក់ ទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ។
បន្ទាប់ពីសាកសួរួចហើយ ជនសង្ស័យឈ្មោះប្រាក់ វុត្ថារិទ្ធ ហៅប៉ែត ឈ្មោះជា សុវណ្ណ ហៅណា ឈ្មោះសុខ ឌី ហៅជា បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះទាំង២នាក់ខាងលើប្រាកដមែន។ ចំពោះប្រាក់ និងសម្ភារៈដែលធ្វើ សកម្មភាពបាន ខ្លួននិងបក្ខពួក បានចែកគ្នាចាយនិងលក់អស់ហើយ។ ចំណែកបក្ខពួកដែលគេចខ្លួន មានឈ្មោះ ឆដា ឈ្មោះហាប់ ឈ្មោះឈីត និងឈ្មោះរាជ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 7890 និងម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ទឹកប្រាក់ ឆ្នាំ២០២២ មិនចាំស្លាកលេខ។
ជនសង្ស័យទាំង៣នាក់ និងបក្ខពួក ធ្លាប់ធ្វើសកម្មភាពឆក់ នៅស្រុកអង្គស្នួល ៣លើក នៅផ្លូវ៤១ ខេត្តកំពង់ស្ពឺ ១លើក នៅរាជធានីភ្នំពេញ ជាច្រើនលើក។
ដោយឡែក ជនសង្ស័យឈ្មោះប្រាក់ វុត្ថារិទ្ធ ហៅប៉ែត ធ្លាប់ជាប់ពន្ធនាគារខេត្តកំពត ពីបទ ហិង្សាដោយចេតនា រយៈពេល ១ឆ្នាំ ៦ខែ និងជាប់ពីបទប្រើប្រាស់សារធាតុញៀន នៅពន្ធនាគារព្រៃស ភ្នំពេញ រយៈពេល១ឆ្នាំ។
ជំវ៉ិញករណីខាងលើនេះ កម្លាំងផ្នែកជំនាញបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់ ទៅចាត់ការបន្តតាមនីតិវិធី៕