Wednesday, May 1, 2024
Homeព័ត៌មានជាតិចោរឆក់កាបូបម៉ែ ធ្លាក់កូនស្រី ឡានកិនស្លាប់

ចោរឆក់កាបូបម៉ែ ធ្លាក់កូនស្រី ឡានកិនស្លាប់

ខេត្តកណ្តាល ៖ ជនដៃម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ ហើយបណ្តាលឱ្យដួលម៉ូតូ ត្រូវរថយន្តកិនក្មេងស្រីម្នាក់ស្លាប់នោះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល សាវជ្រាវចាប់ខ្លួនបាន កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោយទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ក្រោយទទួលបានបញ្ជា លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត។

បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញបានកំណត់មុខសញ្ញាបាន និងឈានដល់ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះសុខឃឿន ស៊ីផាត ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង (ជនដៃដល់អ្នកធ្វើសកម្មភាពឆក់)។ ចំណែកអ្នក បើកម៉ូតូ ឈ្មោះផា សុភ័ណ្ឌ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង (កំពុងគេចខ្លួន)។

លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង បានប្រាប់ថា ក្នុងប្រតិបត្តិការនេះ ក្រៅពីឃាត់ខ្លួនបានជនដៃដល់ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតម៉ូតូ ១គ្រឿង ដែលជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AB-6159។ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល របស់នាយកដ្ឋាន បានប្រគល់ជនសង្ស័យជូនស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកម្នាក់ទៀត កំពុងបន្តធ្វើការស្រាវជ្រាវតាមចាប់ខ្លួន។

គួររំលឹកថា កាលពីម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះស៊ឹម រស្មី ភេទស្រី អាយុ៣២ឆ្នាំ បានបើកបរម៉ូតូដឹកកូនស្រី ឈ្មោះអារីកា អាយុ៤ឆ្នាំ លុះពេលធ្វើដំណើរមកដល់ចំណុចបណ្តោយផ្លូវជាតិលេខ២១ ភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ក្នុងទិសដៅពីត្បូង ទៅជើង ស្រាប់តែមានជនសង្ស័យឈ្មោះផា សុភ័ណ្ឌ (អ្នកបើកម៉ូតូ) និងឈ្មោះ សុខខឿន សុផាត (ជិះពីក្រោយ) បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះឈ្មោះស៊ឹម រស្មី បណ្តាលឱ្យដួលម៉ូតូជនរងគ្រោះ ហើយខ្ទាតក្មេងស្រីរងគ្រោះឈ្មោះអារីកា ចូលទៅក្រោមរថយន្តដឹកដី កិនស្លាប់នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម៕

RELATED ARTICLES