Wednesday, May 1, 2024
Homeព័ត៌មានជាតិរំលោភកូនស្រីគេ៦ដង ម៉ែប្តឹងប៉ូលិសចាប់

រំលោភកូនស្រីគេ៦ដង ម៉ែប្តឹងប៉ូលិសចាប់

  ខេត្តបាត់ដំបង ៖ ក្មេងស្រីតូចម្នាក់ ទើបនឹងមានអាយុ១០ឆ្នាំ ត្រូវបានជនសង្ស័យម្នាក់ ដែលរស់នៅក្បែរផ្ទះគ្នា បានលួងលោមរំលោភអស់រយៈពេលជាង៧ខែ (បានសម្រេចចំនួន ៦ដង) ទើបដាច់ចិត្តទម្លាយប្រាប់មិត្តភក្តិ ហើយមិត្តភក្តិក៏យករឿងនេះទៅប្រាប់ម្តាយក្មេងស្រីរងគ្រោះ ត្រូវស្ត្រីជាម្តាយនាំកូនស្រីទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់វាយខ្នោះជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈលើអនីតិជននេះ បានកើតឡើងតាំងពីអំឡុងខែមេសា ឆ្នាំ២០២២ មកម៉្លេះ នៅចំណុចភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល។ រហូតមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបរឿងរ៉ាវបានបែកធ្លាយ ដឹងដល់ម្តាយក្មេងស្រីរងគ្រោះ ប្តឹងសមត្ថកិច្ច រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។

ជនសង្ស័យដែលរំលោភក្មេងស្រី បានសម្រេចដល់ទៅ៦ដង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នោះ មានឈ្មោះរ៉ុង សុធា ហៅប្រុស មុខរបរកសិករ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ដ.ល.ណ អាយុ១០ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកថ្មគោល បានឱ្យដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ដោយប្តឹងចោទប្រកាន់ទៅលើឈ្មោះរ៉ុង សុធា ថាបានរួមភេទជាមួយជាកូនស្រីរបស់គាត់ ដែលជាអនីតិជន មានវ័យត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ ដោយឈ្មោះរ៉ុង សុធា បានលួងលោមរំលោភកូនស្រីរបស់គាត់ បានសម្រេចដល់ទៅ៦ដងឯណោះ។

យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ជនសង្ស័យឈ្មោះរ៉ុង សុធា បានចាប់រំលោភកូនស្រីរបស់គាត់ បានសម្រេចចំនួន ៦ដង ដោយធ្វើសកម្មភាពនៅត្រង់ចំណុចលើផ្ទះម្តាយក្មេករបស់ជនសង្ស័យ ចំនួន៣ដង នៅផ្ទះម្តាយជនសង្ស័យ ចំនួន ២ដង និងនៅឃ្លាំងបៃតង ចំនួន១ដង ដោយសកម្មភាពនេះ កើតឡើងតាំងពីអំឡុងខែមេសា ឆ្នាំ២០២២ មកម៉្លេះ។

ដោយឡែក តាមបំភ្លឺពីក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នៅអំឡុងខែមេសា ឆ្នាំ២០២២ (មិនចាំថ្ងៃ) វេលាម៉ោងប្រមាណ ៣រសៀល ពេលនាងចេញពីសាលារៀន ត្រឡប់មកផ្ទះវិញ នាងបានទៅលេងលោតអន្ទាក់នៅផ្ទះជីដូន ចម្ងាយប្រមាណ ២០ម៉ែត្រ ពីផ្ទះរបស់នាង។ ពេលលេង មួយសន្ទុះ ក៏ឈប់លេង ស្រាប់តែឃើញជនសង្ស័យឈ្មោះរ៉ុង សុធា ហៅប្រុស នៅភូមិជាមួយគ្នា បានបបួលនាងថា ឡើងទៅលើផ្ទះមួយភ្លែត ពេលនោះ នាងព្រមឡើងតាម គឺមានតែ២នាក់ប៉ុណ្ណោះ លុះពេលឡើងទៅដល់ ជនសង្ស័យបានធ្វើសកម្មភាពស្រាតខោអាវនាង រួចរំលោភសេពសន្ថវៈលើនាង រហូតបានសម្រេចតែម្តង។ ក្រោយមកទៀត ជនសង្ស័យតែងតែធ្វើសកម្មភាពរំលោភមកលើនាង ចំនួន៥លើកបន្ថែមទៀត។

ក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា រឿងរ៉ាវខាងលើ នាងមិនហ៊ានប្រាប់ឪពុកម្តាយបានដឹងទេខ្លាចឪពុកម្តាយនាងវាយ។ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នាងបានប្រាប់ឈ្មោះចំរើន ភេទស្រី ជាមិត្តភក្តិ ឱ្យបានដឹង ហើយដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ឪពុកម្តាយនាង បាននាំនាងប្តឹងមេភូមិតែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន លោកវរសេនីយ៍ទោ ប៉ាង ផង់ អធិការស្តីទី នគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ រ៉ុង សុធា ភេទប្រុស នៅចំណុចភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះរ៉ុង សុធា ហៅប្រុស បានឆ្លើយសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពរួមភេទជាមួយក្មេងស្រីរងគ្រោះ បានចំនួន ៦ដង ប្រាកដមែន។

រហូតមកដល់ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញខេត្ត រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES