ភ្នំពេញ ៖ យុវជន ១ក្រុម ទើបនឹងចេញពីដើរលេងពេលយប់ ជិះម៉ូតូតាមផ្លូវ បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែត្រូវបានជនសង្ស័យ ១ក្រុម ប្រដាប់ដោយដុំថ្ម បានស្ទាក់ផ្លូវ គប់និងដេញវាយ ធ្វើឱ្យជនរងគ្រោះផ្តួលម៉ូតូចោល រួចរត់គេចខ្លួន ក៏ត្រូវជនសង្ស័យលើកយកម៉ូតូជិះគេចបាត់ លុះជនរងគ្រោះប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ ក៏ឈានដល់ការឃាត់ខ្លួនប្រុសស្រី ៦នាក់ នៅចំណុចហាងម៉ាស្សា ១កន្លែង ក្បែរទីតាំងកើតហេតុ តាមការចង្អុលបង្ហាញពីជនរងគ្រោះ។

ករណីវាយប្លន់ម៉ូតូនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ជិតរង្វង់មូលផ្សារដើមថ្កូវ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។
ជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ មានឈ្មោះម៉េង សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

តាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នាចំនួន ៨ទៅ៩នាក់ បានជិះម៉ូតូចេញពីម្តុំគិរីរម្យ ក្នុងគោលបំណងជូនមិត្តភក្តិទៅតាមផ្ទះរៀងៗខ្លួន លុះធ្វើដំណើរមកដល់ចំណុចរង្វង់មូលផ្សារដើមថ្កូវ ឆ្ពោះទៅផ្លូវ៤៣០ ស្រាប់តែលេចមុខជនសង្ស័យ ១ក្រុម ដោយមិនដឹងថាតើមានគំនុំរឿងអ្វីនឹងពួកគេនោះទេ ស្រាប់តែយកដុំថ្ម មកធ្វើសកម្មភាពគប់ និងវាយពួកគាត់ ធ្វើឲ្យពួកគាត់ភ័យស្លន់ស្លោ ក៏ផ្តួលម៉ូតូ រត់គេចខ្លួន បន្ទាប់មកក្រុមជនសង្ស័យ បានលើកយកម៉ូតូរបស់គាត់ ម៉ាកស៊ុយស៊ូគី និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HE-2532 យកទៅបាត់តែម្តងទៅ។

ប្រភពដដែល បានបន្តថា បន្ទាប់ពីមានហេតុការណ៍ខាងលើកើតឡើង មានការកម្លាំងមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ បានសហការជាមួយ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន៦នាក់ នៅចំណុចហាងម៉ាស្សាមួយកន្លែង ជិតកន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះ ទៅចង្អុលបង្ហាញ និងដាក់ពាក្យបណ្តឹងតាមនីតិវិធី។ ចំណែកជនសង្ស័យប្រុសស្រី ទាំង៦នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីចាត់ការបន្តតាមនៅតិវិធី៕