Wednesday, May 1, 2024
Homeព័ត៌មានជាតិទារបំណុលស្រីស្អាត បានដុំថ្ម៣ដុំ

ទារបំណុលស្រីស្អាត បានដុំថ្ម៣ដុំ

ភ្នំពេញ ៈ នារីរូបស្រស់ម្នាក់ បានខ្ចីប្រាក់ពីបុរសម្នាក់ ចំនួន ១៥០០ដុល្លារ ដោយសន្យាសងទាំងដើមទាំងការ ២១០០ដុល្លារ លុះដល់ថ្ងៃកំណត់ មិនឃើញយកប្រាក់មកសង ទើបបុរសជាម្ចាស់បំណុល បានតាមទៅទារដល់ផ្ទះ ធ្វើឱ្យកើតមានជម្លោះតឹងសរសៃកដាក់គ្នា រហូតនារីជាកូនបំណុល ទាញដុំថ្ម ៣ដុំ គប់រថយន្តម្ចាស់បំណុល បណ្តាលឲ្យក្រពឹត និងបែកកញ្ចក់ ទីបំផុតត្រូវម្ចាស់បំណុលប្តឹងសមត្ថកិច្ច ចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីទារបំនុល បានដុំថ្ម ៣ដុំនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុច មុខផ្ទះលេខ១៨៦ ផ្លូវ 2F ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះដួង អក្ខរា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យ មានឈ្មោះហុង សុកដ្ឋា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានខ្ចីប្រាក់ជនសង្ស័យ ចំនួន ១៥០០ដុល្លារ ដើម្បីយកទៅរកស៊ី ដោយសន្យាសងជនសង្ស័យ ទាំងដើម ទាំងការ សរុប ២១០០ដុល្លារ តែជនរងគ្រោះពុំបានសងប្រាក់ទៅជនសង្ស័យវិញទេ។ លុះដល់វេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ជនរងគ្រោះបានទៅផ្ទះជនសង្ស័យ នៅចំណុចកើតហេតុ ដើម្បីទារប្រាក់ ពេលនោះក៏ទាស់ពាក្យសម្តីគ្នា រួចជនសង្ស័យបានយកដុំគប់ទៅលើរថយន្តម៉ាក Toyota Land Cruiser ពណ៌ខ្មៅ គ្មានស្លាកលេខ បណ្តាលឱ្យបែកកញ្ចក់ខាងក្រោយ ក្រពឹតទ្វារក្រោយខាងឆ្វេង ហើយគប់រថយន្តជនរងគ្រោះ ១គ្រឿងទៀត ម៉ាក Toyota Pruis ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2AJ-5584 បណ្តាលឱ្យក្រពឹតទ្វារមុខ-ក្រាយខាងស្តាំទៀតផង។

ក្រោយកើតហេតុ ជនរងគ្រោះបានទូរស័ព្ទប្រាប់សមត្ថកិច្ច ចុះឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ដុំថ្ម ៣ដុំ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES