Wednesday, December 4, 2024
Homeព័ត៌មានជាតិលោតទឹកស្ពានជ្រោយចង្វា អណ្តែតនៅស្ពានច្បារអំពៅ

លោតទឹកស្ពានជ្រោយចង្វា អណ្តែតនៅស្ពានច្បារអំពៅ

ភ្នំពេញ ៖ ក្មេងស្រីវ័យ១៣ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ជាច្រើនឆ្នាំមកហើយ រហូតដល់ទ្រាំទ្រនឹងអាការជំងឺលែងបាន ក៏មានគំនិតខ្លី ហៅម៉ូតូកង់បី ជិះចេញពីផ្ទះ សំដៅឡើងស្ពានជ្រោយចង្វា លោតចូលទៅក្នុងទឹក បណ្តាលឱ្យលិចបាត់ខ្លួនពេញ ១យប់ លុះព្រឹកស្អែកឡើង ត្រូវបានទះឃើញសពក្មេងស្រីរងគ្រោះអណ្តែតនៅម្តុំស្ពានច្បារអំពៅ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ករណីក្មេងស្រីលោតទឹកសម្លាប់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ រហូតមកដល់វេលាម៉ោង ៩និង៣៣នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបមានគេប្រទះឃើញសពក្មេងស្រីរងគ្រោះអណ្តែតឡើង នៅត្រង់ម្តុំស្ពានច្បារអំពៅ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីក្មេងស្រីម្នាក់ មានជំងឺប្រចាំកាយ បានជិះម៉ូតូកង់បី ១គ្រឿង ធ្វើដំណើរចេញពីកន្លែងដែលខ្លួនស្នាក់នៅ ត្រង់ម្តុំផ្សារដីហុយ សំដៅទៅស្ពានជ្រោយចង្វា ។ លុះពេលមកដល់ ក៏បានធ្វើសកម្មភាពលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បណ្តាលឱ្យលិចបាត់រកមិនឃើញ ក៏បង្កការភ្ញាក់ផ្អើលកើតឡើង។

រហូតមកដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សពក្មេងស្រីខាងលើនោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញអណ្តែតទឹកទន្លេ នៅម្តុំស្ពានច្បារអំពៅ នៅវេលាម៉ោង ៩និង៣៣នាទីព្រឹក។ បន្ទាប់មកសមត្ថកិច្ចជំនាញបានស្រង់សពក្មេងស្រីរងគ្រោះ មកដាក់លើគោក ដើម្បីធ្វើកោសល្យវិច័យ ។

ករណីខាងលើ បានដឹងដល់ក្រុមគ្រួសារសាច់ញាតិក្មេងស្រីរងគ្រោះ ហើយពួកគាត់ក៏បានធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ដើម្បីពិនិត្យមើលជាក់ស្តែង រួចទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES