ភ្នំពេញ ៖ សាឡង់ដឹកខ្សាច់ ១គ្រឿង ប្រឹងបើកឡើងបញ្ច្រាសខ្សែទឹក ត្រូវបានខ្សែទឹកហូរបុកបោកខ្ទប់ក្រឡាប់ជាប់នឹងសសរស្ពានបេឡេ បណ្តាលឱ្យរងការខូចខាត ហើយត្រូវបានមន្ទីរសាធារណការ ប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្នលើស្ពានបេឡេ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៥០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចស្ពានបេឡេ (ស្ពានដែកឆ្លងទន្លេសាប ពីឫស្សីកែវ ទៅជ្រោយចង្វា) រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីក្រុមវិស្វករសាងសង់ស្ពាន នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញសាឡង់ដឹកខ្សាច់ ១គ្រឿង ដែលមានប្រវែងប្រមាណជាង ៤០ម៉ែត្រ និងមានទទឹងប្រមាណ ១០ម៉ែត្រ ដឹកខ្សាច់ពេញ បានធ្វើដំណើរបញ្ច្រាសទឹកហូរ ក្នុងទិសដៅ ពីត្បូង ទៅជើង ដើម្បីយកខ្សាច់ទៅដាក់នៅដេប៉ូគីឡូម៉ែត្រលេខ១០។

នៅពេលធ្វើដំណើរឆ្លងកាត់ក្រោមស្ពានបេឡេ ក៏ត្រូវទឹកហូរបុកខ្លាំង ជាហេតុធ្វើឱ្យសាឡង់បើកឡើងទឹកហូរមិនរួច ហើយអ្នកបើកបរខំរោទ៍ម៉ាស៊ី ឡើងហុយផ្សែង នៅតែមិនរួច ធ្វើឱ្យថយក្រោយបន្តិចម្តងៗ ហើយផ្នែកខាងក្រោយប៉ះសសរស្ពាន រួចក៏រេក្បាលបោកខ្ទប់នឹង សសរស្ពានម្ខាងទៀត នៅទទឹង ហើយក្រឡាប់ចាក់ខ្សាច់ចោលតែម្តង។ ទោះបីជាយ៉ាងណា មនុស្សនៅលើសាឡង់ ចំនួន៣នាក់ ពុំរងគ្រោះថ្នាក់ឡើយ។

ក្រោយកើតហេតុភ្លាមៗ មន្ត្រីជំនាញ ព្រមក្រុមហ៊ុន OCIC ដែលជាម្ចាស់ស្ពាន បានចុះទៅកន្លែងកើតហេតុ និងបានសម្រេចបិទចរាចរណ៍ស្ពានបេឡេ ជាបណ្តោះអាសន្ន។ ទោះបីជាយ៉ាងណា គេពុំបានដឹងពីទំហំនៃការខូចខាតនោះទេ។
តាមព័ត៌មានឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សាឡង់ បានគាំងជាប់នឹងសសរស្ពាននៅឡើយ ដោយមិនអាចយកចេញបានឡើយ ព្រោះទឹកហូរបុកខ្លាំង។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ក្រោយកើតហេតុការណ៍ សាឡង់ដឹកខ្សាច់ក្រឡាប់ជាប់សសរស្ពានបេឡេ រួចមក ស្ពាននេះ ត្រូវបានបិទជាបណ្តោះអាសន្ន តែនៅមិនទាន់ដឹងច្បាស់ថា ត្រូវបិទរយៈពេលប៉ុន្មានថ្ងៃនោះទេ ព្រោះពីមន្ត្រីជំនាញ កំពុងពិនិត្យ និងសិក្សាវាយតម្លៃ៕