ភ្នំពេញ៖តារាត្រេមុខស្រដៀងកូនកាត់ជប៉ុននាងរ៉េត ស៊ូហ្សាណា ក្រៅពីមិនទាន់ជំពប់រឿងអាស្រូវកេរ្ដិ៍ណា១ក្រោយចាប់អាជីពចម្រៀងជាង៦ឆ្នាំមកនេះនាងក៍មិនទាន់លេចឭថាបានវះកាត់កែសម្ផស្សផ្នែកណាដែរ គឺមានតែពត់ធ្មេញប៉ុណ្ណោះ។យ៉ាងណាការរក្សារសម្រស់នៅហ្សីន(Original )របស់ហ្សាណា នេះធ្វើឲ្យនាងមានយីអ៊ុនល្អ ត្រូវប៉ាន់ទាំងអាជីពចម្រៀងនិងតំណែងតួឯកភាពយន្ដរួមទាំងស្ពតដែលពេលនេះស្រីស្រស់បានចាប់យកគ្រប់ផ្នែកទាំងអស់ក្នុងពេលតែ១។

ប៉ុន្ដែគេមិនទាន់ដឹងថាតើហ្សាណា នឹងគេចមុខកាំបិតជារៀងរហូតឬគ្រាន់តែបណ្ដោះអាសន្ន ព្រោះថាកន្លងមកមានតារាស្រីស្អាតល្បីៗជាច្រើនដួងមកហើយដែលដំបូងពួកគេតាំងចិត្តថាមិនកែសម្ផស្សនោះទេ សុខចិត្តទុករបស់ពីធម្មជាតិ ប៉ុន្ដែក្រោយមកក៍មានការផ្លាស់ប្ដូរចិត្តទៅវិញ ព្រោះថាក្នុងពិភពសិល្បៈពោរពេញទៅដោយការប្រកួតប្រជែង ហេតុនេះក្រៅពីសម្ថភាពពួកគេក៍ត្រូវតែយកឈ្នះចាញ់គ្នារឿងលេងខ្លួនផងដែរ។ចំពោះនាងស៊ូហ្សាណា គេអាចសន្និដ្ឋានបានថាទោះជានាងចង់កែផ្នែកណាមួយ ក៍មិនអាចទៅរួចដែរ ប្រសិនបើឪពុកម្ដាយនាង មិនអនុញ្ញាត្តិនោះ ព្រោះថាតាំងពីនាងក្លាយជាតារាចម្រៀងមកហ្សាណា ចេញទៅណាក៍នាងមិនដែលដើរឬសម្រេចចិត្តធ្វើអ្វីដោយខ្លួនឯងដូចតារាផ្សេងៗទៀតឡើយ។

រ៉េត ស៊ូហ្សាណា មិនសូវមានបទចម្រៀងណាមួយគូរឲ្យចាប់អារម្មណ៍ទៀតទេ តាំងពីនាងបានបាត់ដៃគូលោកដួង វីរៈសិទ្ធ ជិត២ឆ្នាំនេះ បើទោះជាពេលនេះនាងមានដៃគូពិសេសដល់ទៅ២នាក់គឺកូនកំលោះទី២លោកឧកញ៉ាព្រាប សុវត្ថិ បុរសរូបសង្ហារសុវត្ថិ មុនីនាគ និងម្ចាស់ពានCambodian Idol រដូវកាលទី៤ លោកលីម តិចម៉េង ក្ដី។ប៉ុន្ដែនៅតាមកម្មវិធីប្រគុំតន្រ្ដីធំៗគេឃើញហ្សាណា នៅតែលេចមុខដដែល ទើបនៅរដូវក្ដៅនេះគេអាចសន្និដ្ឋានបានថាហ្សាណា នៅតែអាចរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារដូចឆ្នាំមុនៗ។អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ រូបនេះត្រូវបានគេមើលឃើញថានាងជាគូប្រជែងដ៍សំខាន់ជាមួយស្រីស្រស់តន់ ច័ន្ទសីម៉ា របស់Galaxy បើទោះជាពួកគេទាំង២មានតម្លៃខ្លួនខុសគ្នាឆ្ងាយក្ដី តែម្នាក់ៗគឺជាតួឯកប្រចាំផលិតកម្មពួកគេរៀងៗខ្លួន។

មហាជនរងចាំមើលថាស្រីស្អាតធ្មេញចំពើសនាងហ្សាណា ដែលត្រូវគេប្រមាណថាមានទ្រព្យមិនក្រោមកន្លះលានដុល្លារតាមរយៈការទិញបានផ្ទះ២ល្វែង តម្លៃមិនក្រោម៣០ម៉ឺនដុល្លារ និងរថយន្ដទំនើបម៉ាកJeep Rubicon តម្លៃជិត៩ម៉ឺនដុល្លាររួមទាំងមានហាងសម្លៀកបំពាក់ទៀតផងនោះ នឹងជ្រើសប្ដីជាតារាដូចគ្នា ឬសេដ្ឋីក្រៅសិល្បៈ បើពេលនេះប្រុសៗកាន់តែច្រើនតាមប្រម៉ាញ់បេះដូងតារាដែលមិនទាន់កែសម្រស់តំណាលគ្នាបែបនេះ?
