ភ្នំពេញ៖សួស វីសា បានចេញច្រៀងសម្ដែងជាប់ៗគ្នាឡើងវិញតាំងពីថ្ងៃទី១៨ដល់២០វិច្ឆិកា ពោលគឺក្រោយពេលនាងទៅជួបពេទ្យថៃតែ៣ថ្ងៃប៉ុណ្ណោះ ដែលនាងហាក់ដើរបញ្ច្រាសទាំងស្រុងពីវេជ្ជបញ្ជាររបស់ពេទ្យថៃដែលហាមនាងប្រើប្រាស់សម្លេង អំឡុងពេលដែលជំងឺរបស់បំពង់ករបស់នាងមិនទាន់ជាសះស្បើយវិញនេះ ។ប៉ុន្ដែវីសា ដែលបានទៅជួបពេទ្យថៃកាលពីថ្ងៃទី១៥ វិច្ឆិកា នោះបានដឹងថាសុខភាពរបស់នាងទៅរួចទើបហ៊ានឡើងឆាកទាំងប្រថុយបែបនេះ។ការចេញមុខច្រៀងរាំរបស់វីសា នាពេលនេះត្រូវបានគេសន្និដ្ឋានថាមកពីរូបនាងដឹងខ្លួនថាមិនអាចពន្យាពេលតទៅទៀតបានដោយសារតែការបាត់មុខជាច្រើនខែតាំងពីនាងកើតកូវីដកាលពីដើមខែមីនា ឆ្នាំ២០២១ នោះធ្វើឲ្យនាងធ្លាក់កូដសឹងតែហៅមិនឭទៅហើយ។យ៉ាងណាវីសា ក៍ប្រឈមហានិភ័យខ្ពស់ដែរ បើសិនជាជំងឺរបស់នាងលាប់ឡើងវិញ នោះវាអាចនឹងធ្ងន់ធ្ងលើសដើម ដែលពេលនោះប្រាកដជាធ្វើឲ្យនាងត្រូវបាត់មុខជាច្រើនខែថែមទៀតជាមិនខាន។

សួស វីសា បានចេញបទថ្មី”I’m Back “ ដែលអត្ថន័យបទចម្រៀងផ្ដោតលើការឌឺដងដល់អ្នកថាឲ្យនាងស្ងប់ស្ងាត់ទៅមុខលែងរួចជាដើម តែនាងសួរថាអ្នរិះគន់ថាពួកគេមានលុយបង់អង្ការឬនៅ?នេះគឺជាការច្រៀងប្ដូរស្ទីលថ្មីរបស់វីសា ស្រដៀងគ្នាទៅនិងចង្វាក់រ៉េបដែរ ដែលយុទ្ធសាស្រ្ដរបស់នាងក្នុងការស្ដារមុខមាត់ឡើងវិញនាពេលនេះ ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាដើម្បីទប់ស្កាត់កុំឲ្យធ្លាក់ចុះថែមទៀត គឺត្រូវតែប្ដូរStyle ច្រៀងបែបនេះហើយទើបមានសង្ឃឹម។

សួស វីសា មានសម្ថភាពមិនចាញ់ឱក សុគន្ធកញ្ញា នោះទេ ប៉ុន្ដែក្រោយនាងរៀបការកាលពីចុងឆ្នាំ២០១៩ និងមានកូនស្រី១អាយុជាង២ឆ្នាំនេះរូបនាងក៍មិនខុសពីសុគន្ធកញ្ញា និងសូលីកា ដែរពោលគឺពិបាកស្ទុះទៅមុខ ហើយត្រូវការផ្លាស់ប្ដូរបញ្ចេកទេសនៃការច្រៀង និងតុបតែងខ្លួនទើបអាចធ្វើឲ្យទីផ្សារចម្រៀងប្រែប្រួលខ្លះបាន។អ្វីដែលវីសា ហាក់កាន់ពិបាកទប់ទល់ជាមួយគូប្រជែងនោះគឺបញ្ហារសុខភាពរបស់នាងតែម្ដង ព្រោះថាបើនាងជាមិនទាន់ដាច់ពីជំងឺបំពង់ក ហើយប្រឹងស្រែកច្រៀងទាំងឈឺបែបនេះគឺចាញ់ប្រៀបមិត្តរួមក្រុម ព្រោះអាជីពចម្រៀងឬការធ្វើការអ្វីផ្សេងក៍ដោយបើសុខភាពមានមិនអំណោយផល គឺមិនអាចទៅដល់គោលដៅឡើយ ។

ប៉ុន្ដែប្រសិនបើវីសា មិនអាចប្រឡូកអាជីពចម្រៀងបានពេញទំហ៊ឹងដូចមុនក្ដី ក៍នាងនៅតែមិនជួបវិបត្តិសេដ្ឋកិច្ចឡើយ ព្រោះថាពេលនេះនាងមានជីវភាពធូធាររស់នៅផ្ទះវីឡារប្រណិត និងជិះរថយន្ដថ្លៃៗ ប៉ុន្ដែវីសា នៅមិនទាន់សម្រេចក្ដីសុបិនធំ១ទៀតនោះគឺការចង់ជិះឡានRolls Royce ក្នុងក្ដីស្រម៉ៃតែមិនទាន់មានលុយគ្រប់ដើម្បីទិញ៕
