ខេត្តតាកែវ ៖ បុរសម្នាក់ បានជួលគេកាប់ដើមត្នោតឱ្យខ្លួន ១ដើម លុះពេលកំពុងកាប់នោះ ស្ត្រីជាប្រពន្ធ បានចេញទៅឈរមើល ស្រាប់តែពេលដើមត្នោតរលំមក សង្កត់ស្ត្រីរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចោលប្តីនិងកូនប្រុសស្រីចំនួន ៦នាក់ ឱ្យរស់នៅកំព្រា។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចក្បែរផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងអង្គ ឃុំព្រៃស្លឹក ស្រុកទ្រាំង។
ស្ត្រីរងគ្រោះដែលត្រូវដើមត្នោតរលំសង្កត់ស្លាប់ មានឈ្មោះច័ន្ទ ឃឿន អាយុ៥៥ឆ្នាំ មានប្តីឈ្មោះសែម សាត និងមានកូនប្រុសស្រី ចំនួន៦នាក់ ក្នុងបន្ទុក សព្វថ្ងៃ រស់នៅក្នុងភូមិត្រពាំងអង្គ ឃុំព្រៃស្លឹក ស្រុកទ្រាំង។
តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ទាំងរន្ធត់ចិត្តប្រាប់ថា មុនពេលកើតហេតុ គឺគាត់បានជួលឱ្យអ្នកជិតខាង មកកាប់ដើមត្នោតរបស់គាត់ ១ដើម។ លុះពេលកំពុងកាប់ដើមត្នោតនោះ ប្រពន្ធរបស់គាត់ (ស្ត្រីរងគ្រោះ) ក៏បានដើរទៅឈរមើលនៅក្បែរនោះដែរ ស្រាប់តែអកុសល ពេលដែលដើមត្នោតរលំ បែរជាមកសង្កត់ចំប្រពន្ធរបស់គាត់ បណ្តាលឱ្យស្លាប់ភ្លាមៗមួយួរំពេចតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃស្លឹក បានចុះពិនិត្យ និងរាយការណ៍ទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើ ពិតជាត្រូវដើមត្នោតសង្កត់ បណ្តាលឱ្យស្លាប់ប្រាកដមែន។
សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕