ខេត្តបាត់ដំបង ៖ បុរសម្នាក់ ហេតុតែស្រលាញ់ស្រាជាងប្រពន្ធកូន ទើបធ្វើឱ្យស្ត្រីជាប្រពន្ធ ទ្រាំមិនបាន ក៏លែងលះ ទៅយកប្តីថ្មី ដោយបន្សល់ទុកកូនស្រីតូចម្នាក់ អាយុ៧ឆ្នាំ ឱ្យបុរសជាប្តីចិញ្ចឹម លុះចុងក្រោយ បន្ទាប់ពីផឹកស្រាស្រវឹង និងប្រើប្រាស់ថ្នាំញៀនដល់កម្រិត (បែកថ្នាំ) ស្រាប់តែបុរសជាឪពុក បានប្រើអំពើហិង្សា វាយដំកូនស្រីយ៉ាងព្រៃផ្សៃ រហូតប៉ោងមុខ ព្រមទាំងទាញពូថៅកាប់ក្បាល របួសហូរឈាម និងទាញកាំបិតផ្គាក់ មកគំរាមអារកសម្លាប់កូនស្រីចោលទៀត ធ្វើឱ្យផ្អើលដល់អ្នកជិតខាង រាយការណ៍ប្តឹងសមត្ថកិច្ច ចុះអន្តរាគមន៍ ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ករណីឪពុកបង្កើតវ៉ៃកូនស្រីប៉ោងមុខ ទាញពូថៅកាប់ក្បាល និងភ្ជងកាំបិតគំរាមអារកសម្លាប់នេះ បានកើតឡើង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះនោះ មានឈ្មោះនួន ស៊ីថង អាយុ៣៤ឆ្នាំ មុខរបរកសិករ ជាបុរសពោះម៉ាយកូន១ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ថន ចាន់ដា អាយុ៧ឆ្នាំ មុខរបរសិស្ស ត្រូវជាកូនបង្កើតរបស់ជនដៃដល់ សព្វថ្ងៃស្នាក់នៅផ្ទះ (ទីតាំងកើតហេតុ) ខាងលើជាមួយគ្នា។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ដំបូង ឪពុកនាងទើបត្រឡប់មកពីផឹកស្រា បានរករឿងជេរបញ្ចោរនាង រួចក៏បានវាយនាងរហូតប៉ោងមុខ និងយកពូថៅកាប់នាង រយះក្បាល ហើយថែមទាំងយកកាំបិតផ្គាក់ ភ្ជង់គំរាមអារកនាង សម្លាប់ចោលទៀតផង ធ្វើឱ្យនាងមានការភ័យខ្លាចយ៉ាងខ្លាំង។
តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា ជនសង្ស័យឈ្មោះនួន ស៊ីថង នេះគឺជាមនុស្សស្រវឹងខួប ហើយថែមទាំងប្រើប្រាស់គ្រឿងញៀន ជាប្រចាំទៀតផង ព្រមទាំងមានចរិតកោងកាចខ្លាំងណាស់។ ជននេះត្រូវបានប្រពន្ធលែងលះ ច្រើនឆ្នាំមកហើយ ដោយសារតែស្រលាញ់ស្រា ជាងប្រពន្ធកូន និងចេះតែធ្វើទុក្ខបុកម្នេញប្រពន្ធរាល់ថ្ងៃ។ ក្រោយលែងលះ ស្ត្រីជាប្រពន្ធ បានចាកចេញទៅរស់នៅឯខេត្តសៀមរាប ដោយយកប្តីថ្មីទៀត បន្សល់ទុកកូនស្រីម្នាក់ ឱ្យរស់នៅក្នុងបន្ទុករបស់ជនសង្ស័យជាឪពុក និងតែងទទួលរងទារុណកម្មស្ទើររាល់ថ្ងៃ ដោយសារស្នាដៃឪពុកកំណាចរូបនេះ។ មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានឆ្នាំមុន ជនកំណាចខាងលើ ធ្លាប់បានជាប់គុកម្តងរួចមកហើយ ក្រោយពីបានយកអង្រែបុកគ្រឿង វាយម្តាយបង្កើតខ្លួនឯង។
ប្រភពដដែល បន្តថា នៅថ្ងៃកើតហេតុ ជនសង្ស័យនេះបានផឹកស្រាស្រវឹងជោកដូចសព្វដង លុះមកដល់ផ្ទះ ស្រាប់តែវាយដំកូនស្រី ទាំងកណ្តាលថ្ងៃត្រង់ រហូតនាងស្រែកយំយ៉ាងខ្លាំង នៅលើផ្ទះ។ ដោយសារតែឃើញជននេះ កំពុងវាយដំធ្វើទារុណកម្មកូនស្រីយ៉ាងព្រៃផ្សៃ ទើបអ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីអំពើហិង្សាក្នុងគ្រួសារ ដោយឪពុកបង្កើត វាយដំកូនស្រីយ៉ាងព្រៃផ្សៃ និងថែមទាំងកាប់ក្បាល គំរាមសម្លាប់កូនស្រីបង្កើតខ្លួនឯងទៀតផង។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋាន ដឹកនាំដោយលោកមេប៉ុស្តិ៍រដ្ឋបាលឃុំរស្មីសង្ហា បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងកើតហេតុភ្លាម និងបានឃើញជនសង្ស័យជាឪពុក កំពុងកាន់កាំបិតផ្គាក់ ភ្ជង់កកូនស្រីជាប់ គំរាមអារកសម្លាប់ នៅក្បែរមាត់ទ្វារលើផ្ទះរបស់ខ្លួន។ លុះឃើញសមត្ថកិច្ចចុះទៅដល់ ជននេះបានស្រែកគំរាមមិនឱ្យសមត្ថកិច្ចចូលដាច់ខាត ពុំនោះទេ គេនឹងអារកកូនស្រីសម្លាប់ចោល។
ប្រភពដដែល បន្តថា ស្ថិតក្នុងស្ថានភាពបែបនេះ លោកនាយប៉ុស្តិ៍ ព្រមទាំងកម្លាំងសមត្ថកិច្ច បានព្យាយាមលូងលោមជនសង្ស័យ ឱ្យដោះលែងកូនស្រី ដោយសន្យាថា នឹងយកកូនស្រីទៅពេទ្យ និងមិនចាប់ខ្លួនជនសង្ស័យទេ។ ក្រោយពីព្យាយាមលួងលោមជនសង្ស័យគ្រប់មធ្យោបាយ និងអស់រយៈពេលយ៉ាងយូរ ទើបជនសង្ស័យទន់ចិត្ត និងយល់ព្រមដោះលែងកូនស្រី ឱ្យចុះពីលើផ្ទះ រួចទើបកម្លាំងសមត្ថកិច្ចធ្វើប្រតិបត្តិការចាប់ក្របួចជនសង្ស័យតែម្តង។
ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះដែលរងរបួសយ៉ាងធ្ងន់ ប៉ោងមុខ និងរយះក្បាលហូរឈាមដោយសារផ្លែកាំបិត និងពូថៅ របស់ឪពុកកំណាច ត្រូវបានសមត្ថកិច្ច ដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាព ដើម្បីឱ្យគ្រូពេទ្យព្យាបាលភ្លាមៗ តែដោយស្ថាមភាពរបួសធ្ងន់ពេក ក៏ត្រូវបានបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យកុមាជាតិ នារាជធានីភ្នំពេញ។
ដោយឡែក ជនសង្ស័យជាឪពុកដ៏ឃោរឃៅខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕