Wednesday, April 24, 2024
Homeព័ត៌មានជាតិស្រីសុំបែក ប្រុសកាប់ដាច់ដៃ

ស្រីសុំបែក ប្រុសកាប់ដាច់ដៃ

ខេត្តក្រចេះ ៖ សង្សារមួយគូ ដោយសារតែកើតមានរឿងរកាំរកូសមិនឈប់ ពិសេសខាងប្រុសតែងមាន ចិត្តប្រចណ្ឌហួងហែងខុសរឿងច្រើនពេក ទើបខាងស្រីទ្រាំលែងបាន ក៏ទាមទារសុំបែកចែកផ្លូវជាច្រើនដងមកហើយ ប៉ុន្តែខាងប្រុសមិនព្រម លុះចុងក្រោយ ពេលដែលខាងស្រី សុំបែកគ្នាម្តងទៀត ក៏កើតមានទំនាស់ពាក្យសម្តី រហូតខាងប្រុសផ្ទុះកំហឹង ទាញដាវមកកាប់នារីជាសង្សារ បណ្តាលឱ្យដាច់ម្រាមដៃ ទីបំផុតត្រូវសមត្ថកិច្ចចុះវាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា ប្រុសស្នេហ៍កាប់សង្សារដាច់ម្រាមដៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល។

ជនសង្ស័យដែលកាប់សង្សារដាច់ម្រាមដៃ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជា ពេជ្រ អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល។ ចំណែកនារីរងគ្រោះ មិនត្រូវបានបង្ហាញឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុ៣០ឆ្នាំ និងមានលំនៅក្នុងភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រវាងជនសង្ស័យ និងនារីរងគ្រោះ ត្រូវជាគូសង្សារ ប៉ុន្តែកន្លងមក ទំនាក់ទំនងអ្នកទាំងពីរ ចេះតែកើតរឿងរកាំរកូសរាប់មិនអស់ ដោយសារតែខាងប្រុស មានចិត្តប្រចណ្ឌហួងហែងខាងស្រីខ្លាំងពេក។ ក្រោយមក ខាងស្រីបានសុំបែកចែកផ្លូវជាមួយជនសង្ស័យ ប៉ុន្មានដងដែរ ប៉ុន្តែជនសង្ស័យមិនព្រមបែកគ្នាឡើយ។ លុះមកដល់យប់ កើតហេតុ អ្នកទាំងពីរបានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាជាថ្មីម្តងទៀត ដោយសារខាងស្រីសុំបែកចែកផ្លូវគ្នាជាថ្មី ធ្វើឱ្យខាងប្រុសផ្ទុះកំហឹង ក៏ស្ទុះទាញដាវ មកគំរាម និងកាប់ខាងស្រី បណ្តាលឱ្យដាច់ម្រាមដៃ រងរបួសធ្ងន់។

ក្រោយកើតហេតុ នារីរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសភ្លាមៗ។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួន ដោយដកហូតបានដាវ ១ដើមផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់នារីរងគ្រោះជាសង្សារ បណ្តាលឱ្យដាច់ម្រាមដៃ ប្រាកដមែន មូលហេតុដោយសារតែខឹងនារីរងគ្រោះជាសង្សារ ចេះតែសុំបែកគ្នា ដោយពុំមានមូលហេតុ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES