ប្តីជក់បារីក្បែរសាំង ឆាបឆេះទាំងប្រពន្ធ និងផ្ទះ

ខេត្តកំពត ៖ បុរសម្នាក់ បានកេះដែកកេះអុជបារីជក់ ដោយខ្វះការប្រុងប្រយ័ត្ន មានប៊ីដុងសាំងនៅក្បែរនោះ ជាហេតុធ្វើឱ្យកើតមានការឆាបឆេះ រលាកដៃជើងប្តីប្រពន្ធ ២នាក់ ជាម្ចាស់ផ្ទះ  និងរាលឆេះទាំងផ្ទះ បណ្តាលឱ្យខូចខាតផ្ទះអស់ទាំងស្រុង។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១៥នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត។

ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ សង់ពីឈើលើថ្មក្រោម ដំបូលប្រក់ហ្វីប្រូស៊ីម៉ងត៍ ជាកម្មសិទ្ធិរបស់ឈ្មោះរេស យ៉ើ ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះអេល ណះ អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីរបស់ជនរងគ្រោះជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គាត់បានកេះដែកកេះ ជក់បារី ដោយភ្លេចគិតថានៅក្បែរខ្លួនគាត់ មានសាំង ១ប៊ីដុង ទើបជាហេតុធ្វើឱ្យកើតមានការឆាបឆេះ រលាកដៃជើងរបស់គាត់ ហើយភ្លាមនោះ ប្រពន្ធគាត់បានស្ទុះរត់មកជួយ ក៏ឆេះរលាកទាំងប្រពន្ធគាត់ទៀត។ បន្ទាប់មក ភ្លើងបានឆាបឆេះរាលដល់ផ្ទះទាំងមូល ធ្វើឱ្យកើតជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅតែម្តង។

បន្ទាប់ពីកើតមានហេតុការណ៍នេះភ្លាម ប្រជាពលរដ្ឋក្បែរខាង ប្រញាប់រាយការណ៍ទៅសមត្ថកិច្ច ដើម្បីសុំអន្តរាគមន៍ និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់។

ភ្លាមៗនោះ មានវត្តមានលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង មកជួយបាញ់ទឹកពន្លត់ រហូតដល់អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

នៅក្នងហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ រួមមាន ផ្ទះ១ខ្នងទាំងស្រុង រួមនិងរបស់របរប្រើប្រាស់ក្នុងផ្ទះ មួយចួំនធំ។ ដោយឡែក ម្ចាស់ផ្ទះ ២នាក់ប្តីប្រពន្ធ ក៏រងរបួសរលាកដៃ រលាកជើង និងត្រូវបានបងប្អូនដឹកបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យភ្លាមៗ៕