ខេត្តកោះកុង ៖ យោងតាមការបញ្ជាក់ពីអ្នកជំនាញអន្តរជាតិ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន មន្ត្រីជំនាញនៃសាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រួមនិងស្ថាប័នពាក់ព័ន្ធ បានសន្និដ្ឋានថា ផូស៊ីលឆ្អឹងដាយណូស័រ ដំបូងនៅកម្ពុជា ដែល ត្រូវបានរកឃើញនៅខេត្តកោះកុង គឺស្ថិតនៅក្នុង អំបូរ Sauropod Dinosaur ដែលអាចមានអាយុកាលដល់ជិត ២០០លានឆ្នាំមុន ។


គួរបញ្ជាក់ថា ផូស៊ីលឆ្អឹងដាយណូស័រ ទី១ ត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិ កោះប៉ោ ក្នុងដែនជម្រកសត្វព្រៃ តាតៃ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។ ផូស៊ីលនេះ គឺជាឆ្អឹងស្មងជើងខាងឆ្វេងរបស់ដាយណូស័រ មួយប្រភេទ មានប្រវែង ៧០សង់ទីម៉ែត្រ និងទទឹង ២០សង់ទីម៉ែត្រ ដែលអាចមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន ហើយនេះជាផូស៊ីលឆ្អឹងដាយណូស័រ ដំបូងគេ ដែលរកឃើញនៅកម្ពុជា។


តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនងនឹងសត្វដែលរស់នៅក្នុងពេលដាយណូស័រ នៅមានជីវិត។

គម្រោងនេះ មានការចុះពិនិត្យដល់ទីតាំង ដោយក្រុមជំនាញអន្តរជាតិ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន និងមន្ត្រីជំនាញនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៕