ភ្នំពេញ៖សុខ សោម៉ាវត្តី បានបិតផ្លូវមន្រ្ដីធំៗខ្លះនិងអាណិកជនខ្មែរមួយចំនួនទៀតដែលចង់ចូលខ្លួនទៅព្យាបាលរបួសបេះដូងនាងនោះតាមរយៈនាងងាកទៅស្នេហ៍ស្និតបុរសវ័យចំណាស់ជាកូនខ្មែរកាត់ចិននិងត្រូវបានគេស្គាល់ថាជាថៅកែហាងថតរូបដ៍ធំ១ពិសេសគឺការថតPre-Wedding គ្រួសារអភិជនទាំងឡាយ។ប្រសិនបើគ្មានអ្វីប្រែប្រួលទេសោម៉ាវត្តី នឹងក្លាយទៅជាថៅកែស្រីហាងថតរូបទំនើបនោះជាមិនខានដែលពេលនោះមានន័យថានាងនឹងបោះបង់តំណែងជំទាវ ហើយក៍មិនចាប់អារម្មណ៍បុរសខាងក្រៅស្រុកដែលចង់ធានានាងនិងកូនស្រីទៅរស់នៅស្រុកគេនោះដែរ។
ប៉ុន្ដែអ្វីដែលគេអាចសន្និដ្ឋានបាននោះគឺពេលនេះវត្តី នៅតែមិនទាន់ច្បាស់លាស់ជាមួយថៅកែ១០០% នោះទេ បើទោះជាថៅកែបានបង្ហាញស្នេហ៍ស្មោះចំពោះរូបនាងនៅលើបណ្ដាញសង្គមតាំងពីពាក់កណ្ដាលឆ្នាំ២០២២ ក្ដី ប៉ុន្ដែពិធីការិនីរូបនេះមិនដែលហ៊ានបង្ហាញពីភាពស្និតស្នេហ៍ជាមួយបុរសវ័យចំណាស់រូបនោះម្ដងណាឡើយ បើទោះជានៅតាមកម្មវិធីមិត្តភក្ដិអ្នកសិល្បៈមួយចំនួនគេឃើញអ្នកមេម៉ាយកូន១រូបនេះបណ្ដើរថៅកែទៅចូលរួមហើយសកម្មភាពរបស់ពួកគេដូចជាគូស្នេហ៍ក្ដី។
សុខ សោម៉ាវត្តី បានធ្លាក់ខ្លួនមេម៉ាយជិត៨ឆ្នាំទៅហើយក្រោយនាងចែកផ្លូវជាមួយអតីតប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ កាលពីឆ្នាំ២០១៤ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់ឈ្មោះចាស្មីន អាយុជិត១០ឆ្នាំនៅលើការផ្គត់ផ្គងរបស់នាង។ទោះជាក្លាយទៅជាមេម៉ាយមិនគូរឲ្យជឿរក្ដីប៉ុន្ដែវត្តី មានជម្រើសស្នេហ៍ច្រើនព្រោះសម្រស់របស់នាងនៅតែគូជាទីចាប់អារម្មណ៍ តែអតីតFreshie ចំណាត់ថ្នាក់លេខ៣កាលពីឆ្នាំ២០០៧ រូបនេះក្រោយលែងប្ដីក្ដៅៗនាងបានជ្រើសយកប្រុសរូបសង្ហារកីឡាករបាល់ទាត់លី វ៉ាហេទ ដែលពួកគេទើបចែកផ្លូវគ្នាកាលពីឆ្នាំ២០២២ នេះប៉ុណ្ណោះ ក្រោយផ្អែមល្ហែមស្នេហ៍ជិត៥ឆ្នាំ។
ដោយសារតែមិនចង់ដើរជាន់ដានចាស់នឹងខ្លាចប្រឈមដំបៅបេះដូងជាលើកទី៣ ទើបវត្តី បានប្រើយុទ្ធសាស្រ្ដខុសពីមុនពោលគឺលែងផ្សារភ្ជាប់ស្នេហ៍ជាមួយប្រុសក្មេងទៀតហើយ ដោយទុកចិត្តលើបុរសវ័យចំណាស់ម្ដង ហើយពេលនេះគេឃើញនាងហាក់មានអារម្មណ៍ស្រស់ថ្លាឡើងវិញនិងជិះរថយន្ដទំនើបម៉ាកJeep Rubicon យ៉ាងហ៊ឺហាទៀតផង។តារាដែលជិតស្និតវត្តី បង្ហើបថាប្រសិនបើពិធីការិនីរូបនេះចង់បានផ្ទះវីឡារធំស្កឹមស្កៃ និងរថយន្ដលំដាប់សេដ្ឋីជិះនោះវាមិនពិបាកឡើយសម្រាប់រូបនាងពោលគឺឲ្យតែនាងព្រមធ្វើជំទាវលាក់មុខនោះមិនបាច់ចាំនាងចេញថតសម្ដែងទាំងយប់អាទ្រាធក៍មានលុយចាយមិនចេះអស់ដែរ។តែសោម៉ាវត្តី ចង់រស់នៅជាមួយសេរីភាព គ្មានអ្នកហួងហែង ហើយកន្លងមកនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពេលឭថាមន្រ្ដីធំ និងកូនអ្នកធំតាមស្រលាញ់នាងគ្មានអារម្មណ៍រំភើបនោះទេ ព្រោះថាបើសិនជានាងចង់បានតំណែងជំទាវតើនាងចាំបាច់លែងលះជាមួយអតីតស្វាមីធ្វើអី?នាងថាបច្ចុប្បន្នស្វាមីចាស់នាងក៍ជាមន្រ្ដីធំម្នាក់ដែរ(ស្នងការរងខេត្តរតនគិរី)។
គូរបញ្ជាក់ថាសុខ សោម៉ាវត្តី បានកាន់ទុក្ខរយៈពេលខ្លីជូនលោកយាយរបស់នាងដែលទទួលមរណភាពកាលពីថ្ងៃទី៣០ ខែតុលា ប៉ុន្ដែពេលនេះនាងបានវិលមករកអាជីពចាស់វិញហើយទាំងធ្វើMC និងការថតសម្ដែងទាំងឡាយ។នាងត្រូវបានគេចាត់ទុកថាជាអ្នកមេម៉ាយដែលនៅតែមានសកម្មភាពសិល្បៈលេចធ្លោក្នុងចំណោមនាងកែវ និសា ,សុខ ស្រីនាង ,ពេជ្រ សោភា និងពេជ្រ សូលីកា ជាដើម។អ្វីដែលគូរឲ្យកត់សម្គាល់នោះទោះជាសោម៉ាវត្តី និងអតីតប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ អស់និស្ស័យស្នេហ៍ជាមួយគ្នាក្ដី តែពួកគេនៅតែរាប់អានគ្នាជាធម្មតា,ញាំអាហារជាមួយគ្នា គឺដូចគ្នាទៅនិងអ្នកនាងចន ច័ន្ទ និងលោកយុត្ថារ៉ា ឆាន្នី ដែរ។វត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាការសាងស្នេហ៍ថ្មីនាងមិនចង់រៀបការជាលើកទី២នោះទេ ព្រោះរូបនាងធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ម្ដងហើយ ហេតុនេះចង់សាងស្នេហ៍ដោយមិនបើកចំហច្រើនជាង៕