ភ្នំពេញ៖អ្នកនាងចាន់ កែវនិមល ត្រូវបានមិត្ដភក្ដិជិតដិតហៅថា”ជំទាវ”ព្រោះស្វាមីនាងលោកសូវ៉ាត សីលា មានឋានៈជាឯកឧត្តមទើបកែវនិមល ទៅណាមកណាតែងតែមានអង្គរក្សបើករថយន្ដជូន។ពិធីការិនីហង្សមាសរូបនេះបានផ្អាកពីការធ្វើMC នៅហង្សមាសតាំងពីថ្ងៃទី២៣ តុលា ម្លេះ ដើម្បីត្រៀមសម្រាលកូនប្រុសនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ ប៉ុន្ដែគេកត់សម្គាល់ថាទោះជាអ្នកនាងនិមល លែងឡើងឆាកក្ដី តែក៍នាងនៅតែឆ្លៀតរកលុយបានដដែលដូចជាកាលពីដើមខែវិចិ្ឆកា នាងចេញធ្វើជាពិធីការិនីតាមកម្មវិធីមួយចំនួន ខណៈដែលពេលនៅផ្ទះនាងនៅតែថតឃោសនាឲ្យក្រុមហ៊ុនផលិតផលទឹកដោះគានានា ហេតុនេះហើយពេលអ្នកនាងសម្រាលកូន និងអំឡុងពេលផ្អាកឡើងឆាកនោះក៍លុយប្រភពពីការឃោសនាទាំងនោះនៅតែហូចូលនាងដដែលគឺដូចគ្នាទៅនិងអំឡុងអ្នកនាងគង់ សុជាតិ និងឱក សុគន្ធកញ្ញា ពពោះដែរ។

សម្រាប់កែវនិមល នាងសន្យាថានឹងវិលមកកាន់ក្បាលមីក្រូឡើងវិញក្រោយសម្រាលកូនរួច នឹងបានរឹងដៃរឹងជើងវិញ ព្រោះនាងចាត់ទុកខ្លួនឯងថាមានសំណាងដែលជាមនុស្សម្នាក់មានអ្នកគាំទ្រ ក្វាយក្វល់ពីនាង…។ជាមួយគ្នានេះដែរអ្នកនាងកែវនិមល មិនដែលបង្ហាញសញ្ញាមានការសោកស្ដាយចំពោះការបាត់បង់តំណែងធំជាMCដល់ទៅ២ក្នុងពេលតែ១នោះគឺCambodian Idol រដូវកាលទី៤ ត្រូវបាននាងថន លក្ខិណា រ៉ាប់រង និងThe Voice Kids Cambodia រដូវកាលទី៣ ធ្លាក់ក្នុងកណ្ដាប់ដៃអ្នកនាងគង់ សុជាតិ នោះឡើយ ព្រោះថាពេលនេះនិមល ហាក់ផ្ដោតទៅលើការរឹតចំណងស្នេហាឲ្យកាន់តឬរឹងមាំថែមទៀតនោះទើបជារឿងដែលចាំបាច់បំផុតដែលនាងមិនអាចពន្យាពេលតទៅទៀតបានឡើយ ខណៈដែលកូនស្រីច្បងនាងមានអាយុជាង១០ឆ្នាំទៅហើយ ហេតុនេះការយកកូនទី២នាពេលនេះគឺជាពេលវេលាសមស្របបំផុត។

ចាន់ កែវនិមល ជាពិធីការិនីលេចធ្លោក្នុងចំណោមMC នៅហង្សមាសសំខាន់ៗមានដូចជាអ្នកនាងគង់ សុជាតិ,ប៉ែន ស្រីពេជ្រ ,ថន លក្ខិណា និងរស់ សុធាវី ជាដើម។ប៉ុន្ដែក្រោយនិមល ផ្ទុះរឿងស្នេហាជាមួយលោកវិបុល នៅក្រៅឆាកកាលពីពាក់កណ្ដាលឆ្នាំ២០២០ មកថៅកែហង្សមាសបានបំបែកពួកគេលែងឲ្យចាប់ដៃគ្នាជាថ្មីម្ដងទៀតព្រោះខ្លាចមានរឿងកាន់តែធំហើយអ្នកដែលប្រឈមរងទុក្ខគឺសុជាតិ ទើបបណ្ដារកម្មវិធីធំៗនៅហង្សមាសពេលមានវិបុល គឺបាត់និមល ព្រោះថៅកែដាក់ជំនួសពិធីការិនីផ្សេង នាំឲ្យពិធីការិនីត្រៀមសម្រាលកូនរូបនេះចាប់ផ្ដើមធ្លាក់កូដជាងមុនបន្ដិចទៅវិញ ហើយទោះជាមានសំណូមពរពីFan ខ្លះប្រាប់ទៅថ្នាក់ដឹកនាំហង្សមាសឲ្យតម្រូវឲ្យនិមល -វិបុល ចាប់ដៃគ្នាឡើងវិញព្រោះថាពួកគេទាំងពីរធ្វើការស៊ីចង្វាក់គ្នាយ៉ាងណាក្ដី ក៍ថៅកែមិនហ៊ានប្រថុយឲ្យអ្នកទាំងពីរធ្វើជាដៃគូឆ្លងឆ្លើយគ្នាវិញជាដាច់ខាត។

ប៉ុន្ដែអ្វីដែលមហាជនកោតសរសើរខ្លាំងរហូតមានអ្នកខ្លះថាកែវនិមល មានចំណាងនោះព្រោះស្វាមីនាងដែលជាមន្រ្ដីធំនោះទោះជាមានព្យុះបោកបក់លើភរិយាលោកយ៉ាងណាក៍លោកសីលា នៅតែជឿរជាក់លើប្រពន្ធលោកតែម្នាក់គត់ ហើយដើម្បីលុបបំបាត់ដំណឹងថាស្នេហារបស់ពួកគេឈានដល់តំណាក់កាលរង្គោះរង្គើរនោះអ្នកទាំងពីរបានស្រុះស្រួលគ្នាយកកូនថែមនៅឆ្នាំនេះតែម្ដង ហេតុនេះហើយធ្វើឲ្យអ្នកដែលថាចំណងស្នេហាប្ដីប្រពន្ធនេះគ្មានថ្ងៃដូចដើមនោះចាប់ផ្ដើមស្ងប់ស្ងាត់ទៅវិញបន្ដិចម្ដងៗហើយមុនត្រៀមសម្រាលកូនទី២នេះអ្នកនាងនិមល ត្រូវស្វាមីដឹកដៃទៅដើរកម្សាន្ដនៅអាមេរិកដល់ទៅ៣លើកទៀតផង។

ក្រៅពីចាន់ កែវនិមល តារានិងអតីតតារាដែលក្លាយទៅជាជំទាវមានដូចជាអ្នកនាងស្រីតូច ចំណាន,ឱក បូរី,ពេជ្រ ច័ន្ទបរមី,កែ ពិសី ,ផាន់ ម៉ូនីកា ,នៅ សុនិតា និងស៊ឹម សូលីកា ជាដើម។ដោយឡែកសម្រាប់តារាដែលត្រៀមសម្រាលកូនតំណាលគ្នាជាមួយអ្នកនាងកែវនិមល នេះគឺមានតែនាងទេព បូព្រឹក្ស ម្នាក់ប៉ុណ្ណោះ ហេតុនេះហើយទាំងការបាត់ខ្លួននឹងលេចមុខមកវិញគេជឿរថាតារាទាំងពីរនឹងធ្វើដូចគ្នា៕