ភ្នំពេញ ៖ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប និងជាសមាជិកព្រឹទ្ធសភា បានបង្ហាញយន្តហោះដំបូងបង្អស់ ដែលក្រុមហ៊ុនក្នុងស្រុកមួយ ជួលមកធ្វើការហោះហើរ ភ្នំពេញ-សិង្ហបុរី នៅដើមទសវត្សឆ្នាំ១៩៩០ ហើយមានរូបលោកម្នាក់ដែរ ជាម្ចាស់ភាគហ៊ុន។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបភាពយន្តហោះមួយគ្រឿង ដែលមានឈ្មោះក្រុមហ៊ុន «Pelita Air» ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយសំណេរថា «ខ្ញុំយល់ថា រូបថតបួនសន្លឹកនេះ ប្រិយមិត្តយើង ពិតជាមិនដែលបានឃើញទេមើលទៅ នេះជាយន្តហោះដំបូងគេបង្អស់ដែលក្រុមហ៊ុននៅក្នុងស្រុកយើងមួយ បានជួលយកមកហោះហើរ ភ្នំពេញ-សិង្ហបុរី កាលពីដើមទសវត្សរ៍ឆ្នាំ៩០ ក្នុងនោះក៏មានរូបខ្ញុំជាម្ចាស់ភាគហ៊ុនម្នាក់ផងដែរ»។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី សរសេរបន្តថា «នៅក្នុងដំណើរឆ្លងកាត់ជីវិតជាពាណិជ្ជករ ខ្ញុំបានឆ្លងកាត់ភ្លក់ស្ទើតែគ្រប់រសជាតិអាជីវកម្ម ក៏ប៉ុន្តែកាលណោះ រូបខ្ញុំនៅសង្ហាខ្លាំងណាស់ មិនមែនកញ្ចាស់ដូចបច្ចុប្បន្នទេ ។

ដើម្បីកុំឲ្យប្រិយមិត្តយើងមានចម្ងល់ ក្រុមហ៊ុននេះ មិនមានជីវិតបានប៉ុន្មាន ហើយក៏បានដួលរលំបាត់ទៅ រីឯម្ចាស់ភាគហ៊ុន នៅមានជីវិតតែរូបខ្ញុំម្នាក់តែប៉ុណ្ណោះ» ៕ ខៀវទុំ