ខេត្តពោធិ៍សាត់ ៖ ប្តីប្រពន្ធ២នាក់ បានកើតមានជម្លោះតឹងសរសៃកដាក់គ្នា ពីរឿងស្ត្រីជាប្រពន្ធលក់ដី ដោយមិនប្រាប់បុរសជាប្តីឱ្យដឹងសូម្បីមួយម៉ាត់ ជាហេតុធ្វើឱ្យបុរសជាប្តី ខឹងសម្បា ចោទប្រពន្ធលួចលក់ដី ក៏ផ្ទុះជម្លោះ ក្លាយជាអំពើហិង្សា វាយតប់ប្រពន្ធបណ្តាលឱ្យរងរបួសប៉ោងភ្នែកម្ខាង ទីបំផុតបុរសជាប្តីត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធប៉ោងភ្នែកនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង។
ស្ត្រីរងគ្រោះដែលត្រូវប្តីវាយប៉ោងភ្នែកនោះ មានឈ្មោះនឿន ចាន់ថា អាយុ៣១ឆ្នាំ មុខរបរកសិករ។ ចំណែកបុរសជាប្តី ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ី ម៉ៅ អាយុ៣០ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងភូមិកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង។
លោកវរសេនីយ៍ទោ កែ ហុងឈាង អធិការរង នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានបញ្ជាក់ប្រាប់ថា មុនឈានដល់ការឃាត់ខ្លួនបុរសជាប្តីខាងលើ សមត្ថកិច្ចបានទទួលព័ត៌មានពីស្ត្រីរងគ្រោះឈ្មោះនឿន ចាន់ថា បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ខ្លួននិងប្តី ឈ្មោះស៊ី ម៉ៅ បានឈ្លោះប្រកែកគ្នា ស្រាប់តែបុរសជាប្តី បានប្រើអំពើហិង្សា ស្ទុះមកវាយខ្លួនជាប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ ប៉ោងភ្នែកខាងស្តាំ និងរបួសពេញខ្លួន។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបុរសជាប្តី ឈ្មោះស៊ី ម៉ៅ នាំយកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុជាប្តី ឈ្មោះស៊ី ម៉ៅ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាលើប្រពន្ធប្រាកដមែន មូលហេតុដោយសារតែខ្លួនខឹងប្រពន្ធដែលបានលួចលក់ដីធ្លី ដោយមិនប្រាប់ខ្លួនជាប្តីឱ្យបានដឹងបន្តិចណាសោះ លុះពេលបែករឿង ទើបធ្វើឱ្យកើតមានជម្លោះពាក្យសម្តីនឹងគ្នា រហូតឈានដល់ការប្រើអំពើហិង្សាបែបនេះតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕