Thursday, April 25, 2024
Homeព័ត៌មានជាតិរកឃើញដេប៉ូប្រេង៣ លួចស៊ីលីត្រ

រកឃើញដេប៉ូប្រេង៣ លួចស៊ីលីត្រ

ភ្នំពេញ ៖ តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថា មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ-ខេត្ត បានបន្តចុះធ្វើការចុះត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ នៅតាមបណ្ដាស្ថានីយ ដេប៉ូប្រេងឥន្ធនៈនានា ដើម្បីការស្វែងរកនូវបទល្មើសមិនសុចរិត ក្នុងវិស័យប្រេងឥន្ធនៈ ជាលទ្ធផល បានរកឃើញដេប៉ូប្រេង ចំនួន៣ មិនអនុលោមភាពផ្នែកបរិមាណ (ស៊ីលីត្រ ឬមិនគ្រប់លីត្រ)។

ជាក់ស្ដែង នៅថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីសាខា ក.ប.ប. ប្រចាំនៅរាជធានី និងខេត្ត ចំនួន៦ បានដឹកនាំកម្លាំងជំនាញ ចុះត្រួតពិនិត្យអនុលោមភាពនៃអាជីវកម្មប្រេងឥន្ធនៈ ដែលស្ថិតនៅតាមទីតាំង និងទីប្រជុំជនសំខាន់ៗនៃរាជធានី-ខេត្តខាងលើ តាមរយៈការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (PumpWatch)។

ក្នុងប្រតិបត្តិការនោះ យោងតាមលទ្ធផលពីមន្ត្រីជំនាញ ដេប៉ូប្រេងឥន្ធនៈ ចំនួន ៣ទីតាំង ត្រូវបានរកឃើញថា ពុំមានអនុលោមភាពផ្នែកបរិមាណ (ស៊ីលីត្រ ឬមិនគ្រប់លីត្រ) ក្នុងចំណោមស្ថានីយ-ដេប៉ូ សរុបចំនួន២៥ ដែលត្រូវបានត្រួតពិនិត្យ។ ម្ចាស់អាជីវកម្មដែលប្រពឹ្រត្តល្មើសនឹងច្បាប់ ត្រូវបានមន្ត្រីជំនាញពិន័យអន្តរការណ៍ ស្របតាមនីតិវិធី។

ប្រភពដដែល បន្តថា ការស្វែងរកនិងត្រួតពិនិត្យជាប្រចាំនេះ គឺមានគោលបំណងការពារសិទ្ធិ អ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យនេះ ជាពិសេសគឺអនុវត្តស្របតាមច្បាប់ការពារអ្នកប្រើប្រាស់ រួមទាំងច្បាប់ផ្សេងទៀតផងដែរ៕

RELATED ARTICLES