Thursday, April 25, 2024
Homeព័ត៌មានជាតិដាច់លុយចាក់បាល់ លួចទូរស័ព្ទស្រី ជាប់ខ្នោះ

ដាច់លុយចាក់បាល់ លួចទូរស័ព្ទស្រី ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាអ្នករត់ម៉ូតូកង់បី បានចូលទៅទិញអីវ៉ាន់ នៅតូបចាប់ហួយមួយកន្លែង លុះឃើញស្ត្រីជាអ្នកលក់ រវល់ភ្លេចខ្លួន ទុកទូរស័ព្ទចោល ក៏បែកគំនិតលួចយកទូរស័ព្ទ ១គ្រឿង រួចឡើងបើកម៉ូតូកង់បី រត់គេច តែត្រូវស្ត្រីជាម្ចាស់ទូរស័ព្ទដឹងខ្លួន រាយការណ៍ប្រាប់សមត្ថកិច្ចប្រដេញស្ទាក់ចាប់ក្របួចជាប់ភ្លាមៗ លុះសមត្ថកិច្ចសាកសួរ ជនសង្ស័យបានសារភាពថា ដោយសារដាច់លុយចាក់ភ្នាល់បាល់វើលដ៍ខាប់ (បាត់ទាត់ពិភពលោក) ទើបដាច់ចិត្តធ្វើចោរ។

ករណីអ្នករត់ម៉ូតូកង់បី លួចទូរស័ព្ទស្រីលក់ចាប់ហួយនេះ បានកើតឡើង កាលពីវេលាម៉ោង ៩ និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ក្បែរវត្តអង្គបឹងចក ភូមិអង្គបឹងចក សង្កាត់កំបូល ខណ្ឌកំបូល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យបានបើកម៉ូតូកង់បីរបស់ខ្លួនទៅរកទិញអីវ៉ាន់ នៅផ្ទះអ្នកលក់ដូរមួយកន្លែង ក្នុងភូមិព្រែកតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល។ លុះឆ្លៀតឱកាសស្ត្រីជាអ្នកលក់ រវល់ភ្លេចខ្លួន និងថែមទាំងទុកកាបូបលុយ និងទូរស័ព្ទចោលទៀតនោះ ទើបជនសង្ស័យមានគំនិតលួចទាំងកាបូបលុយ និងទូរស័ព្ទ តែប្រញាប់ពេក លួចបានតែទូរស័ព្ទ ១គ្រឿង ម៉ាក iPhone 11 pro រួចរត់ឡើងកង់បីរបស់ខ្លួន បើកគេចភ្លាមៗ។

ប្រភពដដែល បានបន្តថា បន្ទាប់មក ស្ត្រីជាអ្នកលក់ចាប់ហួយ ដឹងថាបាត់ទូរស័ព្ទ ក៏សន្និដ្ឋានថា ជនសង្ស័យគ្មានអ្នកណាក្រៅពីបុរសបើកម៉ូតូកង់បីនោះទេ រួចក៏ប្រញាប់រាយការណ៍ប្តឹង សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ច បានចេញដេញតាមស្ទាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុចក្បែរវត្តអង្គបឹងចក រកឃើញទូរស័ព្ទរបស់ជនរងគ្រោះវិញ រួចនាំខ្លួន ទាំងមធ្យោបាយ ម៉ូតូកង់បី ទៅសាកសួរនៅប៉ុស្តិ៍ឪឡោក។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់ជនរងគ្រោះមែន មូលហេតុដោយសារតែខ្លួនដាច់លុយ ដោយសារញៀនល្បែងភ្នាល់បាល់ទាត់ពិភពលោក (World Cup) លុះឃើញឱកាសទូរស័ព្ទជនរងគ្រោះទុកចោល ក៏លួចយកតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES