ភ្នំពេញ៖តារាចម្រៀងល្បីៗជាច្រើនដួងបានដាក់ផែនការណ៍សម្រាប់ឆ្នាំថ្មី២០២៣ ថាពួកគេនឹងបញ្ចេញបទពិសេសបំផុត រួមទាំងភ្លេងថ្មីនិងដៃគូថ្មីជាដើមដើម្បីប្រជែងទីផ្សារចម្រៀង។ប៉ុន្ដែសម្រាប់សួស វីសា វិញនៅឆ្នាំ២០២៣ នេះនាងបានរៀបជើងព្រួលខុសគេនោះគឺបានស្បថនិងខ្លួនឯងថាឈប់ឲ្យគេខ្ចីលុយតែម្ដង។តែមុននឹងលែងយល់ញាត្តិតាមរយៈការឲ្យខ្ចីលុយដូចមុននោះវីសា ក៍ស្នើរសុំឲ្យទាំងកូនបំណុលដែលជំពាក់នាងទាំងឡាយយកលុយមកសងនាងវិញមុនឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី តែនាងមិនប្រាប់ថាទិន្នន័យដែលគេខ្ចីលុយសរុបទាំងអស់មានចំនួនប៉ុន្មានឡើយ ប៉ុន្ដែពេលនេះនាងកំពុងតែឈឺក្បាលខ្លាំងរឿងឲ្យគេខ្ចីលុយដោយស្រួល តែទារសងវិញដូចអូសឬស្សីបញ្រ្ចាសចុង។

សូមបញ្ជាក់ថាសួស វីសា មានជំងឺបំពង់កដ៍ធ្ងន់ធ្ងរហូតនាងបានផ្អាកពីអាជីពចម្រៀងជាង១ឆ្នាំដើម្បីទៅព្យាបាលនៅពេទ្យថៃជាញឹកញាប់។ប៉ុន្ដែដោយសារតែខ្លាចពិបាកស្ដារមុខមាត់ឡើងវិញក្នុងសិល្បៈព្រោះស្ងប់ស្ងាត់ពេកទើបពេលនេះវីសា ចេញច្រៀងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយឡើងវិញទាំងដែលពេទ្យថៃហាមដាច់ខាតមិនឲ្យនាងប្រើសម្លេង បើសិនជាជំងឺមិនទាន់ជា ព្រោះអាចលាប់ធ្វើទុក្ខលើសដើមរាប់សិបដងឯណ្ណោះ។តែវីសា បានដឹងខ្លួនថាសុខភាពនាងបានធូស្រាលជាងមុនច្រើនហើយទើបពេលនេះនាងចេញថតMVនិងច្រៀងសម្ដែងជាបន្ដបន្ទាប់តែម្ដង។អ្វីដែលគូរឲ្យកត់សម្គាល់នោះវីសា ថែមទាំងបានបង្ហាត់ស្វាមីនាងលោកថមមី ឲ្យវិវត្តិន៍ខ្លួនពីតារាសម្ដែងក្លាយទៅជាតារាចម្រៀងកិត្តិយសដែលអាចឡើងឆាកបានជាមួយនាងទៀតផង។

តាមប្រភពថាក្រៅពីចាប់កាន់ក្បាលមីក្រូសារជាថ្មីនេះសួស វីសា ក៍ត្រៀមខ្លួនថតរឿងថ្មីរបស់ហង្សមាសឡើងវិញផងដែរ ក្រោយនាងរបូតបាត់តំណែងជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ ព្រោះសុគន្ធ និសា វិលមករ៉ាប់រងកៅអីនោះវិញ។ប្រភពបានឲ្យដឹងថាក្រៅពីលែងបញ្ចេញលុយឲ្យគេខ្ចីនោះវីសា ក៍កំពុងប្រឹងសន្សំលុយផងដែរដើម្បីទិញរថយន្ដក្នុងក្ដីស្រម៉ៃរបស់ខ្លួនជិះនោះគឺRolls Royce ជិះឲ្យផ្អើលមេឃ។ដោយឡែកសម្រាប់ការយកកូនថែមវិញ វីសា មិនទាន់ដាក់គោលដៅឡើយ បន្ទាប់ពីកូនស្រីរបស់នាងឈ្មោះJenny មានអាយុជាង២ឆ្នាំ៕



