បន្ទាយមានជ័យ ៖ បុរសជាគ្រូបង្រៀនសាលាឯកជនម្នាក់ បានធ្វើដំណើរទៅលេងក្មួយស្រីរបស់ខ្លួន លុះទៅដល់ ក្មួយស្រីបានយកស្រា-ស ដែលបានទិញទុកជាយូរមកហើយ មកទទួលពូ ដោយនាំគ្នាផឹកស្រាអុក (យកស្រា-ស លាយជាមួយភេសជ្ជ:និងក្រូចឆ្មារ) លុះក្រោយពីផឹករួច បានរយៈពេលប្រមាណ ៣-៤ម៉ោង ទាំងពីរនាក់ពូនិងក្មួយស្រី ចាប់ផ្តើមមានអាការមិនស្រួលខ្លួន លុះដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ក៏បាត់បង់ជីវិតទាំង២នាក់ពូក្មួយ និងត្រូវក្រុមគ្រួសារសង្ស័យថា បណ្តាលមកពីពុលស្រាអុក។

ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្ទះរបស់ក្មួយស្រី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ជនរងគ្រោះទាំង២នាក់ បុរសជាពូ មានឈ្មោះហ៊ាន ប៊ុណ្ណារ៉ាត់ អាយុ៤៧ឆ្នាំ មុខរបរជាគ្រូបង្រៀនសាលាឯកជន មួយនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត និងមានលំនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ចំណែកក្មួយស្រី មិនទាន់ស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា មានលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ផ្ទះកើតហេតុ)។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី៩ ខែមករា ២០២៣ ជនរងគ្រោះឈ្មោះហ៊ាន ប៊ុណ្ណារ៉ាត់ ត្រូវជាពូ បានទៅលេងផ្ទះក្មួយស្រី ហើយនាំគ្នាផឹកស្រា-សដែលក្មួយទិញទុកយូរហើយ យកមកលាយជាមួយភេសជ្ជៈ និងក្រូចឆ្មារ ហៅថា ស្រាអុក រួចក៏ផឹកជុំគ្នា។ ក្រោយទទួលទានស្រាអុកនេះរួច បានប្រហែល៣ទៅ៤ម៉ោង នៅវេលាព្រលប់ថ្ងៃដដែល ស្រាប់តែជនរងគ្រោះទាំង២នាក់ពូក្មួយ ក៏ចាប់ផ្តើមមានអាការមិនស្រួលខ្លួន។ ភ្លាមនោះ ក្រុមគ្រួសារសាច់ញាតិ បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីជួយ សង្គ្រោះភ្លាមៗ តែអកុសល ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ទើបមិនអាចសង្គ្រោះបាន ដោយជនរងគ្រោះទាំង២នាក់ពូក្មួយ បានបាត់បង់ជីវិតព្រមគ្នានៅក្នុងមន្ទីរពេទ្យតែម្តង។
ជុំវិញករណីនេះ លោកវេជ្ជបណ្ឌិត ឱក ទីណា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានឱ្យដឹងថា កាលពីព្រលប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ខាងមន្ទីរពេទ្យ ពិតជាបានទទួលមនុស្សប្រុសស្រី ២នាក់ ដែលជាជនរងគ្រោះខាងលើមែន។ ប៉ុន្តែដោយសារជនរងគ្រោះទាំង២នាក់នោះ មានអាការធ្ងន់ធ្ងរ ទើបលោកសម្រេចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី។

ជាមួយគ្នានោះ លោក ឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថាករណីខាងលើនេះ មិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ ដោយពេលនេះក្រុមការងាររបស់មន្ទីរ និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងធ្វើការស្រាវជ្រាវនៅឡើយ។
ចំណែកជុំវិញករណីនេះដែរ ខាងសមត្ថកិច្ចក្រុងប៉ោយប៉ែត ក៏បានបញ្ជាក់ថា ពេលនេះ ជំនាញពាក់ព័ន្ធមកពីស្នងការដ្ឋាននគរបាលខេត្ត និងក្រុមគ្រូពេទ្យ កំពុងធ្វើការនៅឡើយ។សពជនរងគ្រោះទាំង២នាក់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅលំនៅឋានរៀងៗខ្លួន។
ពាក់ព័ន្ធបញ្ហានេះដែរ ប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្បែរកន្លែងកើតហេតុ បានដាក់ការសង្ស័យថាជនរងគ្រោះទាំង២នាក់ អាចស្លាប់ដោយសារពុលស្រាអុក ច្រើនជាងករណីផ្សេង៕