ភ្នំពេញ៖មាស សុខសោភា បានរក្សារភាពស្ងៀតស្ងាត់នៅដើមឆ្នាំ២០២៣ នេះពោលគឺមិនទាន់រៀបចំក្បួនសារជាថ្មីនោះទេក្នុងការវាយលុកទីផ្សារចម្រៀងសម្រាប់ឆ្នាំថ្មី ខណៈអ្វីដែលនាងបានធ្វើឲ្យមហាជនចាប់អារម្មណ៍នាពេលនេះគឺការតុបតែងខ្លួនបែបស៊ិចស៊ីរបស់នាងច្រើនជាងបទចម្រៀង។ការពន្យាពេលដាក់ផែនការណ៍ថ្មីរបស់សុខសោភា នាពេលនេះអាចជាយុទ្ធសាស្រ្ដថ្មីមួយទៀតសម្រាប់នាងក្នុងការរៀបចំជើងព្រួលព្រោះថាកាលពីឆ្នាំ២០២២ សោភា បានស្ទះម្ដងរួចទៅហើយដោយសារតែពេលនោះនៅដើមឆ្នាំ២០២២ នាងបានប្រកាសក្ដែងៗថានឹងធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលតាមរយៈការបញ្ចេញអ្វីដែលថ្មីបំផុតពុំធ្លាប់មានក្នុងអាជីពដែលការតាំងចិត្តបែបនេះច្បាស់ណាស់ថាសោភា ចង់បំបែកទីផ្សារចម្រៀងតែម្ដង។ប៉ុន្ដែអ្វីៗមិនដូចការរំពឹងទុកនោះទេ ព្រោះសុខសោភា អត់ទាន់អាចធ្វើព្យុះភ្លៀងបានឡើយនៅឆ្នាំ២០២២ ពោលគឺអ្វីដែលទាក់ទាញសម្រាប់នាងហើយគ្រប់គ្នាមើលឃើញថាមានការផ្លាស់ប្ដូរសឹងតែទាំងស្រុងនោះគឺមានតែការស្លៀកពាក់ប៉ុណ្ណោះ។

ថ្វីត្បិតតែមាស សុខសោភា នៅមិនទាន់មានបទផ្ទុះខ្លាំងដូចមុនឡើងវិញតាំងពីនាងបានប្ដូរទ្រនុំពីថោន ទៅរាម ជិត២ឆ្នាំនេះក្ដី ប៉ុន្ដែប្រាក់ចំណូលរបស់សោភា ពីការងារសិល្បៈនៅតែរក្សារបានលំនឹងស្ថិតក្នុងចំណោមតារាល្បីៗជូរមុខដដែល ព្រោះនាងចេញច្រៀងតាមបណ្ដារConcerts ធំៗជាបន្ដបន្ទាប់ ខណៈដែលតារាគីឡូប្រហាក់ប្រហែលនាងគឺឱក សុគន្ធកញ្ញា ក៍មិនសូវមានបទអ្វីលេចធ្លោដែរតាំងពីមានស្វាមីនិងកូន ហេតុនេះហើយបានជារកជើងខ្លាំងមកវ៉ាសុខសោភា មិនទាន់បាននៅឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរនារយៈពេលចុងក្រោយនេះគេឃើញសុខសោភា ថែមទាំងនាំស្វាមីនាងចូលថតស្ពតមួយចំនួនជាមួយនាងពោលគឺនាងបង្រៀនប្ដីឲ្យចេះរកលុយពីសិល្បៈជាបណ្ដើរៗហើយ ព្រោះលោកអ៊ឹត រ៉ាដា គ្មានសញ្ញា វិលទៅរស់នៅកាណាដាវិញទេ ក្រោយពីសោភា បានលុបគម្រោងទៅរស់នៅទីនោះតាំងពីឆ្នាំ២០១១ ម្លេះ។

អ្នកជំនាញសិល្បៈបានលើកឡើងថាសម្ថភាពដូចមាស សុខសោភា ឲ្យតែធ្វើបទត្រូវគឺផ្ទុះភ្លាម ប៉ុន្ដែការច្រៀងនៅរាម នាងនឹងគ្មានបទដើម្បីប្រជែងជាមួយហង្សមាស និងGalaxy ឡើយ ព្រោះផលិតកម្មនេះធ្វើចម្រៀងសំគាល់ពីព័ណសំបុររបស់ផលិតកម្មខ្លួនប៉ុណ្ណោះ។ប៉ុន្ដែគេជឿរថាការកុងត្រារយៈពេល១ឆ្នាំម្ដងរបស់សុខសោភា នោះជាសញ្ញាមួយបញ្ជាក់ថាប្រសិនបើនាងនៅតែគ្មានបទខ្លាំងៗដូចមុន ឬប្រឈមការធ្លាក់ចុះនោះនាងអាចនឹងប្ដូរផលិតកម្មភ្លាមក្រោយផុតកុងត្រា។តែរឿងដែលសោភា មិនអាចធ្វើបានដូចទម្លាប់នៃការផ្លាស់ប្ដូរផលិតកម្មច្រៀងមុនៗនោះគឺនាងនិងថៅកែស្រី រាប់អានគ្នាខ្លាំងដែលជួយគ្នាទៅវិញទៅមកក្នុងមុខជំនួញធំ ហេតុនេះហើយបើសោភា គិតថាអាជីពចម្រៀងជាជម្រើសទី២នោះនាងប្រាកដជាបន្ដស្នាក់នៅរាម ជាច្រើនឆ្នាំតទៅទៀតជាមិនខាន។

មាស សុខសោភា បានផ្លាស់ប្ដូរផលិតកម្មច្រៀងស្ទើតែច្រើនជាងមិត្តរួមអាជីពរហូតអ្នកខ្លះចាត់ទុកនាងថាដូរទ្រនុំដូចខោអាវទៀតផង។សោភា ផ្ទាល់ធ្លាប់និយាយថាFan ទុកចិត្តលើនាងថាទៅដល់ផលិតកម្មណាក៍ល្បីដែរ ដែលចំណុចនេះអតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប ក៍បានយល់ស្របដែរថាសោភា ពិតជាអាចធ្វើបានមែនពោលគឺច្រៀងនៅផលិតកម្មណាល្បីនៅណ្ណឹង។ប៉ុន្ដែពេលនេះតារាចម្រៀងមានច្រើនធ្វើឲ្យការគាំទ្រត្រូវបែកខ្ញែក ហេតុនេះប្រសិនបើសុខសោភា នៅតែគ្មានបទចម្រៀងល្បីជាងការស្លៀកពាក់នោះទេ ច្បាស់ជានាងត្រូវ”រលកក្រោយ ច្រានរលកមុន”ជាមិនខាន។

គូរបញ្ជាក់ថាមាស សុខសោភា ក្រៅពីរក្សារកៅអីជាតារាស្រីជូរមុខបានជិត១០ឆ្នាំមកនេះនាងក៍ជាអ្នកពូកែថែស្នេហាមិនឲ្យមានការប្រែប្រួលបានរហូតដល់ទៅ១៦ឆ្នាំ(២០០៧-២០២៣)ដោយគ្មានការរង្គោះរង្គើរស្នេហ៍ បើទោះជាមង្គលការទាំង២លើករបស់នាងកាលពីឆ្នាំ២០០៨ រៀបការតាមបែបសាសនាគ្រិស្ទនៅកាណាដា និងថ្ងៃទី២៨ ខែធ្នូឆ្នាំ២០០៩រៀបការតាមប្រពៃណីខ្មែរ សុទ្ធតែធ្វើដោយលាក់លៀមក្ដី តែនាងតែងតែសរសើរស្វាមីថាហ៊ានលះបង់គ្រប់បែបយ៉ាងទាំងអស់ដើម្បីរូបនាង។ទស្សនិកជនជឿរថាសោភា នឹងហ៊ានប្រថុយរៀបការជាលើកទី៣ដោយចំហ តាមបំណងFan នាងចង់បាននឹងជាការបើកផ្លូវឲ្យនាងអាចពពោះយកកូនដំបូងផងដែរ ព្រោះថាពេលនេះរូបនាងនិងស្វាមីក៍មានអាយុច្រើនហើយដែរ៕
