Tuesday, November 26, 2024
Homeសន្ដិសុខសង្គម ខឹងម៉ែ បង្ខំឲ្យយកប្តី កូនស្រីឡើងដំបូលផ្ទះ

 ខឹងម៉ែ បង្ខំឲ្យយកប្តី កូនស្រីឡើងដំបូលផ្ទះ

ភ្នំពេញ ៖ នារីម្នាក់ បានចេញបាត់ពីផ្ទះ ច្រើនថ្ងៃ ធ្វើឱ្យក្រុមគ្រួសារភ័យតាមស្វែងរកសព្វកន្លែង លុះរកឃើញ ស្ត្រីជាម្តាយបានលួងលោមឱ្យកូនស្រីត្រឡប់ទៅផ្ទះវិញ តែនាងប្រកែក មិនព្រមទៅតាមម្តាយ បែរជារត់ឡើង លើដំបូលផ្ទះល្វែងមួយកន្លែង បម្រុងលោតសម្លាប់ខ្លួន ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចខណ្ឌដង្កោ ឡើងទៅចាប់ជាប់ រួចនាំយកចុះមកប្រគល់ឱ្យម្តាយ នាំយកទៅផ្ទះវិញ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ ៩ បុរីពិភពថ្មី ចម្ការដូង១ ក្នុងសង្កាត់ព្រៃស ខណ្ឌង្កោ។

នារីដែលប៉ុនប៉ងគិតខ្លី ពុំត្រូវបានស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា រស់នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នារីខាងលើ បានចេញពីផ្ទះ ច្រើនថ្ងៃកន្លងមកហើយ ដោយពុំបានប្រាប់ឱ្យ ក្រុមគ្រួសារដឹងនោះទេ ជាហេតុធ្វើឱ្យក្រុមគ្រួសារជាពិសេសម្តាយ ខ្វល់ខ្វាយចិត្តយ៉ាងខ្លាំង។ បន្ទាប់មកបានតាម រកគ្រប់ទីកន្លែង រហូតរកឃើញ ហើយស្ត្រីជាម្តាយបាន ហៅនិងលួងលោមឱ្យកូនស្រីត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែ ពេលនោះ ពុំដឹងថា នាងមានវិបត្តិអ្វី ឬអាក់អន់ស្រពន់ចិត្តអ្វី ជាមួយម្តាយនោះទេ ទើបនាងមិនព្រមទៅជាមួយ ម្តាយដាច់ខាត។

ប្រភពដដែល បានបន្ថែមថា បន្ទាប់មក នាងបានរត់ឡើងទៅលើដំបូលផ្ទះល្វែងមួយកន្លែង ហើយឈរនៅលើ ព្រំដំបូលផ្ទះ ប្រុងលោតសម្លាប់ខ្លួន ធ្វើឱ្យកើតមានការផ្អើលឆោឡោយ៉ាងខ្លាំង។ ភ្លាមនោះ ក្រុមគ្រួសារបានរាយ ការណ៍សុំអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច និងកម្លាំងអាវុធ ហត្ថខណ្ឌដង្កោ ចុះមកជួយអន្តរាគមន៍ និងព្យាយាមលួង លោមឱ្យនាងចុះមកក្រោមវិញដែរ ប៉ុន្តែនាងពុំព្រមចុះឡើយ។

ប្រភពខាងលើ បានបញ្ជាក់ថា ពេលនោះ កងកម្លាំងបានលបឡើងទៅចាប់ និងជួយសង្គ្រោះបានសម្រេចរួចនាំ យកចុះមកក្រោម ហើយប្រគល់ឱ្យម្តាយ នាំយកទៅផ្ទះវិញ តាមរថយន្ត១គ្រឿង។

ខណៈពេលចុះមកដល់ក្រោមវិញ នារីខាងលើ បានស្រែកយ៉ាងខ្លាំង និងក្រាញននៀល ពុំចង់ទៅផ្ទះជាមួយម្តាយ និងក្រុមគ្រួសារវិញឡើយ រហូតកងកម្លាំង ចាប់រុញបញ្ចូលទៅក្នុងរថយន្តតែម្តង ទើបក្រុមគ្រួសារ នាំនាងទៅផ្ទះ បានសម្រេច។

យ៉ាងណា មិនមានប្រភពព័ត៌មានណាមួយ អាចបញ្ជាក់ថា នារីរូបនេះ មានវិបត្តិ ឬជម្លោះអ្វីជាមួយក្រុមគ្រួសារ របស់ខ្លួននោះទេ តែមានប្រភពខ្លះថា នារីក្មេងខាងលើ ខឹងម្តាយបង្ខំឲ្យរៀបការជាមួយមនុស្សប្រុសដែលនាង មិនស្រឡាញ់ ទើបរត់ចោលផ្ទះ និងប៉ុនប៉ងលោតសម្លាប់ខ្លួនបែបនេះ៕

RELATED ARTICLES