Thursday, September 19, 2024
Homeសង្គម និងជីវិតចង់ជិះយន្តហោះ សាងសង់ផ្ទះយន្តហោះ ផ្អើលខ្មែរ និងបរទេស

ចង់ជិះយន្តហោះ សាងសង់ផ្ទះយន្តហោះ ផ្អើលខ្មែរ និងបរទេស

សៀមរាប ៖ សម្រាប់បុរសពោះម៉ាយម្នាក់ មានមុខរបរចាកម្មករសំណង់ មានក្តីស្រមៃចង់ជិះយន្តហោះ អស់រយៈ ពេលជាង ៣០ឆ្នាំមកហើយ តែមិនដែលបានជិះ រហូតបែកគំនិតសាងសង់ផ្ទះយន្តហោះ ដើម្បីស្នាក់នៅ ធ្វើឱ្យ មានការភ្ញាក់ផ្អើលដល់មហាជនទូទៅ មិនថាខ្មែរ ឬបរទេស សុទ្ធតែលាន់មាត់គ្រប់គ្នាថា ខ្មែរធ្វើបាន!

បុរសដែលសង់ផ្ទះយន្តហោះនោះ មានឈ្មោះត្រាច ពៅ អាយុ៤៣ឆ្នាំ មុខរបរកម្មករ (មេការ)សព្វថ្ងៃស្នាក់ នៅភូមិ ព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ជាពោះម៉ាយ មានកូន៣នាក់ (ប្រុស១ ស្រី២) ចំណែកស្ត្រីជាប្រពន្ធ បានស្លាប់ ចោល តាំងពីអំឡុងឆ្នាំ២០១៣ មកម៉្លេះ។

បុរសជាម្ចាស់ផ្ទះយន្តហោះ បានរៀបរាប់ប្រាប់ថា លោកបានធ្វើការងារសំណង់ អស់រយៈពេលជាង ៣០ឆ្នាំមក ហើយ ពោលគឺតាំងពីបានទទួលប្រាក់ឈ្នួល ត្រឹមតែ ៣០០០រៀលប៉ុណ្ណោះ ក្នុង១ថ្ងៃ រហូតដល់មាន ជំនាញជាមេ ការសំណង់ ដូចសព្វថ្ងៃ។ តាំងពីដើមមក លោកមានជីវភាពមិនសូវធូរធារប៉ុន្មានឡើយ និងមានលំនៅក្បែរអា កាសយានដ្ឋានអន្តរជាតិសៀមរាប ឮតែសំឡេង និងឃើញយន្តហោះ ហោះឆ្លងកាត់ទៅមក ជារៀងរាល់ថ្ងៃរហូត ដល់មានក្តីស្រមៃចង់ជិះយន្តហោះ តែគ្មានឱកាសបានជិះសោះ រាល់ថ្ងៃលោកបានត្រឹមតែសម្លឹង មើលយន្ត ហោះប៉ុណ្ណោះ និងយល់ច្បាស់ថា មួយជីវិតនេះ លោកប្រហែលជាគ្មានវាសនាបានជិះយន្តហោះទេ ព្រោះតែ ខ្លួនក្រ រកប្រាក់ចំណូលតិចតួច គ្មានលទ្ធភាពនឹងជិះយន្តហោះឡើយ ។ ប៉ុន្តែគាត់មានកូនចិត្តមួយថា គាត់ចង់ ធ្វើអ្វីម៉្យាង ដើម្បីឱ្យមានយន្តហោះផ្ទាល់ខ្លួនតែម្តង រហូតបែកគំនិតសាងសង់ផ្ទះម៉ូដយន្តហោះនេះឡើងតែម្តង។

លោកត្រាច ពៅ បានបន្តថា ដោយសារតែមានក្តីប្រាថ្នាចង់បានផ្ទះម៉ូដយន្តហោះ ទើបលោកបានព្យាយាមសន្សំ ប្រាក់ ចេញពីកម្លាំងញើសឈាមការងារសំណង់ និងប្រើចំណេះជំនាញផ្នែកសំណង់ដែលមានស្រាប់នេះ មកបំ ពេញក្តីស្រមៃរបស់ខ្លួន ដោយចិញ្ចឹមចិត្តរិះរកម៉ូដ និងរបៀបសាងសង់ផ្ទះស្នាក់នៅ ឱ្យចេញជារូបរាងយន្តហោះ ដូចអ្វីដែលខ្លួនតែងស្រមៃកន្លងមក។

បន្ទាប់មក នៅអំឡុងឆ្នាំ២០២២ ក្រោយពីសន្សំប្រាក់បានហើយ លោកក៏ចាប់ផ្តើមសង់ផ្ទះថ្ម ដែលមានរូបរាង ជា យន្តហោះនេះ នៅអំឡុងខែមីនា ឆ្នាំ២០២២ និងបានសាងសង់រួចរាល់ទាំងស្រុង នៅអំឡុងខែមករា ដើមឆ្នាំ ២០ ២៣។ សម្រាប់ផ្ទះយន្តហោះមួយនេះ មានបន្ទប់គេងចំនួន២ និងបន្ទប់ទឹក ចំនួន២ ដោយប្រើប្រាស់ទឹក អណ្តូង ស្នប់ ដែលជាជំនួយរបស់អង្គការអាមេរិក មួយ តាមរយ:លោកសាវិន ហ្វីលីព តារាសម្តែង និងជាទូតសុច្ឆន: របស់ អង្គការនោះ ហើយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣  លោកសាវិន ហ្វីលីព រួមជាមួយបុរសជនជាតិ អាមេរិក ម្នាក់ ជាប្រធានអង្គការដែលបានផ្តល់អំណោយអណ្តូងទឹកដល់លោក និងតារាសម្តែង នាយកណ្តុរ ក៏បានចុះ ទៅមើលផ្ទះយន្តហោះរបស់លោក ដោយបានស្ងើចសរសើរចំពោះស្នាដៃសាងសង់ផ្ទះរបស់លោកនេះផងដែរ។

លោកត្រាច ពៅ បានបញ្ជាក់ថា លោកពិតជាសប្បាយចិត្ត ដែលបានសម្រេចក្តីស្រមៃ មានផ្ទះជាម៉ូដយន្តហោះ ព្រោះលោកមានក្តីប្រាថ្នាជាយូរមកហើយថា លោកចង់មានផ្ទះជាម៉ូដយន្តហោះ លោកចង់រស់នៅលើយន្តហោះ ពិសេសបានដេកពេលយប់ នៅលើយន្តហោះ និងប្រើប្រាស់ជីវិតប្រចាំថ្ងៃ នៅលើយន្តហោះ។

ជាចុងក្រោយ បុរសជាម្ចាស់ផ្ទះយន្តហោះ ដែលរស់នៅក្នុងស្ថាភាពជាពោះម៉ាយ កាយរងាអស់រយៈ ពេលប្រ មាណ ១០ឆ្នាំមកហើយនេះ បានបង្ហើបប្រាប់ថា ពេលនេះលោកកំពុងមានទំនាក់ទំនង ស្នេហាជាមួយ អ្នកមេ ម៉ាយម្នាក់ ដែលរស់នៅក្នុងស្រុកជាមួយគ្នា ហើយមានគម្រោងចាប់ដៃគ្នាសាងគ្រួសារ រួមរស់នៅលើផ្ទះយន្ត ហោះនេះ ក្នុងពេលឆាប់ៗខាងមុខផងដែរ៕

RELATED ARTICLES