ប្រជាជនភូមាបានបាត់បង់យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសានស៊ូជីកាលពីថ្ងៃទី ១ខែកុម្ភៈ ឆ្នាំ២០២១។

ថ្ងៃពុធទី១ខែកុម្ភៈ២០២៣គឺជាខួប២ឆ្នាំក្រោមការគ្រប់គ្រងដោយយោធាដ៏ឃោរឃៅ។ ចាប់តាំងពីថ្ងៃទី១ខែកុម្ភៈឆ្នាំ ២០២១ដល់ថ្ងៃព្រហស្បតិ៍ទី២ខែកុម្ភៈ ឆ្នាំ២០២៣ របបយោធាក្រោមការដឹកនាំរបស់លោកមីនអ៊ុងឡាំង នេះបានសម្លាប់មនុស្ស ២៩៤៧នាក់នៅទូទាំងប្រទេស។ ក្នុងចំណោមអ្នកដែលត្រូវគេសម្លាប់នោះ មានកុមារចំនួន ២៨២នាក់។ យ៉ាងហោចណាស់មនុស្ស១៧៥២៥ នាក់ រួមទាំងកុមារ៤៨៩នាក់ត្រូវបានចាប់ខ្លួនពីបទប្រឆាំងការគ្រប់គ្រងរបស់យោធានិង១៣៧១៩នាក់កំពុងជាប់ពន្ធនាគារនៅឡើយ។ សាលាក្តីយោធាបានកាត់ទោសប្រហារជីវិតមនុស្ស ១៤៣នាក់ រួមទាំងសកម្មជនប្រឆាំងរបបយោធាផងដែរ។
របបយោធាក៏បានកំណត់គោលដៅលើគណបក្សដែលត្រូវបណ្តេញចេញពីអំណាចគឺគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដោយការសម្លាប់ និងឃុំខ្លួនសមាជិក។ យ៉ាងហោចណាស់សមាជិកចំនួន ៨៤ នាក់ រួមទាំងអតីតសមាជិកសភាពីរនាក់ត្រូវបានសម្លាប់នៅក្នុងរយៈពេលពីរឆ្នាំនៃការគ្រប់គ្រងរបបយោធា។ សមាជិកបក្សរាប់ពាន់នាក់ត្រូវបានឃុំខ្លួន ក្នុងនោះ ៨០នាក់ជាសមាជិកសភា។ របបយោធាក៏បានរឹបអូសផ្ទះ ៣៧១ ខ្នង និងទ្រព្យសម្បត្តិរបស់សមាជិកNLDខណៈពេលដែលវាយប្រហារការិយាល័យរបស់បក្ស និងរឹបអូសទ្រព្យសម្បត្តិជិត ១២០ ដងក្នុងរយៈពេលពីរឆ្នាំ។
របបនេះបានបើកការវាយប្រហារតាមផ្លូវអាកាសជាញឹកញាប់នៅក្នុងតំបន់ Sagaing, Chin, Kayin, Kachin, Mon និង Magwe ដែលជាកន្លែងដែលការប្រយុទ្ធនៅតែបន្តរវាងកងកម្លាំងប្រឆាំងរបប (PDFs) និងកងទ័ពរបបយោធា។

កងទ័ពអាកាសបានបើកការវាយប្រហារតាមអាកាសយ៉ាងហោចណាស់ចំនួន៦៦៨ ដងក្នុងឆ្នាំ ២០២២កើនឡើង១២ ដងពី ចំនួន៥៤ដងក្នុងឆ្នាំ២០២១។ការវាយប្រហារតាមអាកាសក្នុងរយៈពេលពីរឆ្នាំបានសម្លាប់មនុស្ស ៤៦០នាក់រួមទាំងកុមារនៅទូទាំងប្រទេស។
ផ្ទះជិត៥០០០០ខ្នងត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារ ដោយកងកម្លាំងយោធា។តំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងជាងគេគឺ Sagaing ដែលមានផ្ទះចំនួន៣៦៦៦៧ ត្រូវបានដុតបំផ្លាញ បន្ទាប់មកគឺ Magwe ដែលមានផ្ទះចំនួន ៨៥៧៥ ខ្នង និង Chin មាន ១៤៧៥ ។
ជាមួយគ្នានេះដែឬមនុស្ស ១,១លាននាក់ត្រូវបានផ្លាស់ទីលំនៅចេញពីផ្ទះរបស់ពួកគេ ១៥,២លាននាក់គ្មានសុវត្ថិភាពស្បៀងអាហារ កុមារជាង ៥លាននាក់ត្រូវការជំនួយ ហើយមនុស្ស ២២លាននាក់កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្របន្ទាប់ពីការគ្រប់គ្រងដោយរបបយោធារយៈពេល២ឆ្នាំ។នេះបើយោងតាមការិយាល័យមនុស្សធម៌អង្គការសហប្រជាជាតិ និងធនាគារពិភពលោក៕