ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃអង្គារទី៧ខែកុម្ភៈថាតៃវ៉ាន់នឹងបង្កើនល្បឿននៃការអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើក(ដ្រូន)សម្រាប់ការប្រើប្រាស់យោធាបន្ទាប់ពីមើលមេរៀននៃសង្គ្រាមនៅអ៊ុយក្រែននិងការគំរាមកំហែងដែលបង្កឡើងដោយប្រទេសចិនកាន់តែចខ្លាំង។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបាននិយាយថា លោកបានចាត់ទុកយន្តហោះគ្មានមនុស្សបើកជាអនាគតនៃសង្គ្រាមទំនើប។យន្តហោះគ្មានមនុស្សបើកបានដើរតួនាទីយ៉ាងសំខាន់លើភាគីទាំងសងខាងចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយពេញប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន។

តៃវ៉ាន់ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិនក្នុងការប្រើប្រាស់កម្លាំងដើម្បីនាំយកវាមកនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងបាននិយាយម្តងហើយម្តងទៀតថាខ្លួនកំពុងឃ្លាំមើលសង្គ្រាមយ៉ាងជិតស្និទ្ធនិងរៀនមេរៀនដែលវាអាចអនុវត្តដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយប្រហាររបស់ចិន។
អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោក Sun Li-fang បានប្រាប់អ្នកសារព័ត៌មានថាកោះនេះកំពុងពន្លឿនការអភិវឌ្ឍន៍និងផលិតយន្តហោះគ្មានមនុស្សបើក។
លោក Chi Li-ping នាយកផ្នែកស្រាវជ្រាវប្រព័ន្ធអាកាសចរណ៍នៃវិទ្យាស្ថាន បានរៀបរាប់លម្អិតអំពីយន្តហោះគ្មានមនុស្សបើកក្នុងការអភិវឌ្ឍន៍សម្រាប់យោធារួមទាំងសម្រាប់គោលបំណងឈ្លបយកការណ៍ផងដែរ។
លោកបានបន្តថា៖ «យន្តហោះគ្មានមនុស្សបើកក្នុងប្រទេសរបស់យើងបានឈានដល់ស្តង់ដារអន្តរជាតិហើយនៅពេលនិយាយអំពីប្រភេទ សមត្ថភាព និងបច្ចេកវិទ្យាពាក់ព័ន្ធ»៕