មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន និងកូនស្រីរបស់លោកបានបង្ហាញមុខនៅកណ្តាលឆាកក្នុងវិធីដង្ហែរក្បួនយោធាដ៏ធំជាមួយនឹងមីស៊ីលឆ្លងទ្វីបបាលិស្ទិកICBM ដ៏ច្រើនមិនធ្លាប់មានពីមុនមក។មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនបានចូលរួមក្បួនដង្ហែយោធាដើម្បីប្រារព្ធខួបលើកទី ៧៥នៃការបង្កើតកងទ័ពប្រជាជនកូរ៉េ នៅលើទីលាន គីមអ៊ីលស៊ុង (Kim Il Sung) ក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ ទី ៨ខែកុម្ភៈ ឆ្នាំ ២០២៣។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បាននិយាយថា ក្បួនដង្ហែរយោធាបានបង្ហាញនូវសព្វាវុធដែលមានសមត្ថភាពនុយក្លេអ៊ែរ រួមទាំងមីស៊ីលបំពាក់នុយក្លេអ៊ែរយុទ្ធសាស្ត្រ និង ICBM ដែលទីភ្នាក់ងារព័ត៌មានរដ្ឋបានពណ៌នាថាមានសារៈសំខាន់ក្នុងការគាំទ្រ អំណាចរបស់កូរ៉េខាងជើងនិងការប្រឈមមុខដាក់គ្នាប្រឆាំងនឹងសត្រូវ។
ចំណែកឯសារព័ត៌មានNK News ដែលតាមដានព្រឹត្តិការណ៍នៅក្នុងប្រទេសកូរ៉េខាងជើង បាននិយាយថា បន្ថែមពីលើអ្វីមីស៊ីល ICBM បំពាក់ដោយឥន្ធនៈរឹងថ្មី ក្បួនដង្ហែក៏មានបង្ហាញយ៉ាងហោចណាស់មីស៊ីលHwasong-17 ICBMs ចំនួន១១គ្រឿងនិង Hwasong-17s ចំនួន ៤គ្រឿងប៉ុណ្ណោះដែលធ្លាប់បានបង្ហាញខ្លួនក្នុងអំឡុងពេលក្បួនដង្ហែក្នុងឆ្នាំ ២០២០ ។

អ្វីដែលធ្វើអោយមានការភ្ញាក់ផ្អើលខ្លាំងបំផុតក្រៅពីការសម្ងែងអាវុធគឺវត្តមានកូនស្រីរបស់លោកដែលត្រូវបានគេសង្ស័យអាចជាអ្នកស្នងតំណែងចុងក្រោយរបស់លោកគីមជុងអ៊ុននៅក្នុងរបបគ្រួសារផ្តាច់ការដែលមានអាយុកាលរាប់ទសវត្សរ៍។
ក្មេងស្រីដែលត្រូវបានគេជឿថាជាកូនទីពីររបស់គីមជុងអ៊ុនមានឈ្មោះថា Ju Ae ដែលមានអាយុប្រហែល៩ទៅ១០ឆ្នាំ ចូលរួមដោយប្រពន្ធរបស់គាត់លោកស្រី Ri Sol Ju ក្នុងដំណើរទស្សនកិច្ចទៅកាន់បន្ទាយ និងពិធីជប់លៀងជាបន្តបន្ទាប់ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើត។

កាលពីយប់ថ្ងៃពុធ ក្មេងស្រីរូបនេះបានបង្ហាញខ្លួនម្តងទៀត ឈរមើលមីស៊ីលអន្តរទ្វីបដ៏ធំត្រូវបានដង្ហែកាត់តាមទីលាន គីមអ៊ីលស៊ុងរបស់ទីក្រុងព្យុងយ៉ាង ។នៅឯពិធីជប់លៀងនោះ ក្មេងស្រីបានអង្គុយនៅកណ្តាលតុចន្លោះឪពុក និងម្តាយរបស់នាង។
លោក Leif-Eric Easley សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Ewha ក្នុងទីក្រុងសេអ៊ូល បាននិយាយថានៅក្នុងប្រទេសដែលគ្រួសារលោកគីមនិងយោធាសុទ្ធតែមានអំណាច វត្តមានរបស់ក្មេងស្រីនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់គឺជាការបញ្ជូនសញ្ញាច្បាស់លាស់ស្នងតំណែង។
អ្នកសង្កេតការណ៍ផ្សេងទៀតបាននិយាយថា វាច្បាស់ណាស់លោកគីមបានជ្រើសរើសអ្នកស្នងតំណែងរបស់គាត់ ដោយបញ្ជាក់ពីការរំពឹងទុកដែលបានចាប់ផ្តើមជាមួយនឹងការបង្ហាញមុខកូនស្រីនៅក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) កាលពីខែវិច្ឆិកា ។

គួររំលឹកថា ការគ្រប់គ្រងរបស់គ្រួសារគីមនៅក្នុងប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៤៨នៅពេលដែលលោកគីមអ៊ីលស៊ុងឡើងកាន់អំណាចបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។
នៅពេលដែលគាត់បានស្លាប់នៅឆ្នាំ ១៩៩៤កូនប្រុសរបស់គាត់គីមជុងអ៊ីលបានគ្រប់គ្រងប្រទេស។ លោក គីម ជុងអ៊ុន បានឡើងកាន់អំណាចនៅខែធ្នូ ឆ្នាំ ២០១១ បន្ទាប់ពីការស្លាប់របស់លោក គីម ជុងអ៊ីល ដែលជាឪពុករបស់លោក៕