ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការលើកកម្ពស់ការសិក្សាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ។
សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា លេខ១២ អយក.សណន ចុះថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ហង់ជួន ណា រ៉ុន មានខ្លឹមសារទាំងស្រុងថា «ដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ និងការយល់ដឹងពីវប្បធម៌ និងអរិយ ធម៌ ខ្មែរ ដល់សិស្សានុសិស្សដែលមានសញ្ជាតិខ្មែរ ចាប់ពីឆ្នាំសិក្សា ២០២២-២០២៣ នេះតទៅ ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំដល់គ្រប់ “គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនដែលអនុវត្តកម្មវិធីសិក្សាអន្តជាតិ” ដូចខាងក្រោម ៖
១- តម្រូវឱ្យសិស្សានុសិស្សដែលមានសញ្ជាតិខ្មែរ ជ្រើសរើសមុខវិជ្ជាភាសាខ្មែរ ជាមុខវិជ្ជាកាតព្វកិច្ច។
២- គ្រឹះស្ថានសិក្សា ត្រូវរៀបចំនិងបង្រៀនមុខវិជ្ជាចំណេះដឹងទូទៅ ស្តីពីវប្បធម៌ និងអរិយធម៌ខ្មែរ។
៣- គ្រឹះស្ថានសិក្សា ត្រូវដាក់បញ្ចូលកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរ និងមុខវិជ្ជាវប្បធម៌ និងអរិយធម៌ខ្មែរ ក្នុង ម៉ោងសិក្សារបស់គ្រឹះស្ថានសិក្សា តាមការកំណត់ដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក របស់ក្រសួងអប់រំ យុវជន និងកីឡា។
ទទួលសេចក្តីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ខ្ពស់»៕