Friday, September 20, 2024
Homeព័ត៌មានសិល្បៈអ៊ិន ម៉ូលីកា ជ័យលាភីទេវតាឆ្នាំថោះ

អ៊ិន ម៉ូលីកា ជ័យលាភីទេវតាឆ្នាំថោះ

ភ្នំពេញ ៖ ទីបំផុត ជ័យលាភីធីតាឯកសង្ក្រាន្ត រដូវកាលទី៤ ឆ្នាំ២០២៣ បានទៅលើកញ្ញាអ៊ិន ម៉ូលីកា ធីតាតំ ណាងឲ្យខេត្តសៀមរាប ដែលនឹងត្រូវដើរតួជាទេវតាឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ខាងមុខនេះ។

 បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ រហូតឈានដល់វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១២ ខែកុម្ភ ឆ្នាំ២០២៣ កម្មវិធី «ធីតាឯកសង្ក្រាន្ត» រដូវកាលទី៤ ជ្រើសបានជ័យលាភី កញ្ញាអ៊ិន ម៉ូលីកា ធីតា ធីតាខេត្តសៀមរាប។ ចំណែកជ័យលាភីរងទី១ គឺកញ្ញា សៀ គីមស័ង ធីតាខេត្តកំពង់ចាម, ជ័យលាភីរងទី២ កញ្ញា ចន្ធី ដាឡែន ធីតាខេត្តត្បូងឃ្មុំ, ជ័យលាភីរងទី៣ កញ្ញា ភូ ផាត់ទីយ៉ា ធីតាខេត្តកោះកុង, ជ័យលាភីរងទី៤ កញ្ញា ម៉ៅ រស្មី ធីតាខេត្តកំពង់ឆ្នាំង, ជ័យលាភីរងទី៥ កញ្ញា ថុន មរកត ធីតាខេត្តព្រះសីហនុ និងជ័យលាភីលំដាប់រងទី៦ កញ្ញា លី នីម៉ា ធីតាខេត្តបាត់ដំបង។

សូមបញ្ជាក់ថា ជ័យលាភីធីតាឯកសង្ក្រាន្ត រដូវកាលទី៤ ឆ្នាំ២០២៣ កញ្ញាអ៊ិន ម៉ូលីកា ជាធីតាឯកសង្ក្រាន្តតំណាង ខេត្តសៀមរាប មានអាយុ ២៣ឆ្នាំ កម្ពស់ ១,៧២ម៉ែត្រ ដែលនឹងត្រូវមកជំនួសតួអង្គតំណាងទេពធីតា សង្ក្រាន្តឆ្នាំ ចាស់ ឆ្នាំខាល ព្រះនាម ព្រះនាមកិរិណីទេវី ជាបុត្រីទី៥ នៃកបិលមហាព្រហ្ម ដែលត្រូវបានជ្រើសរើសដោយកម្ម វិធី «ធីតាឯកសង្រ្កាន្ត» រដូវកាលទី៣ គឺកញ្ញា ហេង រិនសុម៉ាលីតា ។

គួរបញ្ជាក់ថា ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ឆ្នាំ២០២២ សង្ក្រាន្ត នឹងចូលមកដល់នៅវេលាម៉ោង ១៦:​០០​នាទីរសៀល (ម៉ោង៤រសៀល) ថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣។ ទេវតាឆ្នាំថ្មី ឆ្នាំថោះ ព្រះនាមកិមិរាទេវី ជា​បុត្រីទី៦ កបិលមហាព្រហ្ម ព្រះហស្តស្ដាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ពិណ គង់លើស្ដេចក្របី សោយចេកទឹក ឬចេកណាំវ៉ា។

អំពីទេពធីតាមហាសង្ក្រាន្ត «បុត្រីទំាង៧ របស់កបិលមហាព្រហ្ម» ៖

១-ថ្ងៃអាទិត្យ ៖ បុត្រីទី១ ព្រះនាម ទុង្សាទេវី សៀតផ្កាទទឹម  គ្រឿងប្រដាប់បទុមរាជ, ទ្រង់អម្ពរភស្រ្តា ពណ៌ក្រហម ភក្សាហារ ផ្លែឧទុម្ពរ (ផ្លែល្វា), អាវុធស្តាំ កងចក្រ ឆ្វេង ស័ង្ខ, ពាហនៈ សត្វគ្រុឌ។

២-ថ្ងៃចន្ទ ៖ បុត្រីទី២ ព្រះនាមគោរាគទេវី សៀតផ្កាអង្គារបុស្ស ទ្រង់អម្ពរភស្រ្តាពណ៌លឿង គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង (តេលំ) អាវុធស្តាំ ព្រះខ័ន ឆ្វេង ឈើច្រត់ ពាហនៈ ខ្លា ព្យាគ្ឃៈ។

៣-ថ្ងៃអង្គារ ៖ បុត្រីទី៣ ព្រះនាម រាក្យសាទេវី សៀតផ្កាឈូក  គ្រឿងប្រដាប់មោរា ទ្រង់អម្ពរភស្រ្តាពណ៌ខ្មៅ ភក្សាហារ លោហិត (ឈាម) អាវុធស្តាំ ត្រីសូល៍ ឆ្វេង ធ្នូ ពាហនៈ អស្សតរ (សេះ)។

៤-ថ្ងៃពុធ ៖ បុត្រីទី៥ ព្រះនាម មណ្ឌាទេវី សៀតផ្កាចម្ប៉ា  គ្រឿងប្រដាប់ពិទូរ្យ ទ្រង់អម្ពរភស្រ្តា ពណ៌អន (ខៀវខ្ចី) ភក្សាហារ ទឹកដោះ (សប្បិ) អាវុធស្តាំ ម្ជុល ឆ្វេង ឈើច្រត់ ពាហនៈ លា (គទ្រភៈ)។

៥-ថ្ងៃព្រហស្បតិ៍ ៖ បុត្រីទី៥ ព្រះនាមកិរិណីទេវី សៀតផ្កាមណ្ឌារ  គ្រឿងប្រដាប់ មរកត ទ្រង់អម្ពរភស្រ្តាពណ៌បៃតង ភក្សាហារ សណ្ដែក ល្ង អាវុធស្តាំ កង្វេរ ឆ្វេង កាំភ្លើង ពាហនៈ ដំរី (គជសារ)។

៦-ថ្ងៃសុក្រ បុត្រីទី៦ ព្រះនាម កិមិរាទេវី សៀតផ្កាចង្កុលណី គ្រឿងប្រដាប់បុស្សរាគ័ម (ត្បូងពណ៌លឿង) ទ្រង់អម្ពរភស្រ្តាពណ៌សេត (ស) ភក្សាហារ ចេកណាំវ៉ា (ចេកទឹក) អាវុធស្តាំ ព្រះខ័ន ឆ្វេង ពិណ ពាហនៈក្របី (មហឹង្សា)។

៧-ថ្ងៃសៅរ៍ ៖ បុត្រីទី៧ ព្រះនាម មហោទរាទេវី សៀតផ្កាកណិការ គ្រឿងប្រដាប់ និលរតន៍ ទ្រង់អម្ពរភស្រ្តាពណ៌ខៀវ ភក្សាហារ សាច់ទ្រាយ អាវុធស្តាំ កងចក្រ ឆ្វេង ត្រីសូល៍ ពាហនៈក្ងោក (មយូរា)៕ ខៀវទុំ   

                                                       

RELATED ARTICLES