Wednesday, March 19, 2025
Homeព័ត៌មានអន្តរជាតិណាតូ ចង់អោយស៊ុយអែត និងហ្វាំងឡង់ ចូលកាន់តែ​ឆាប់ ខណៈរុស្សុី ចោទ អង្គការនេះ ចូលជ្រៅក្នុង​ជម្លោះ​អ៊ុយក្រែន

ណាតូ ចង់អោយស៊ុយអែត និងហ្វាំងឡង់ ចូលកាន់តែ​ឆាប់ ខណៈរុស្សុី ចោទ អង្គការនេះ ចូលជ្រៅក្នុង​ជម្លោះ​អ៊ុយក្រែន

ប្រធានអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអង្គារថា វាជារឿងសំខាន់ដែលស៊ុយអែត និងហ្វាំងឡង់ចូលរួមជាមួយអង្គការណាតូឱ្យបានឆាប់តាមដែលអាចធ្វើទៅបានហើយការផ្តល់សច្ចាប័នដល់ពួកគេក្នុងពេលតែមួយមិនមែនជាចំណោទបញ្ហា នោះទេ។

សមាជិកទាំង៣០នៃសម្ព័ន្ធភាពយោធាត្រូវតែផ្តល់សច្ចាប័នជាផ្លូវការដល់ហ្វាំងឡង់ និងស៊ុយអែត មុនពេលពួក​គេអាចចូលបាន។ តួកគី និងហុងគ្រី គឺជាសមាជិកណាតូតែពីរប៉ុណ្ណោះដែលជំទាស់នឹងរឿងនេះ។

ការអត្ថាធិប្បាយរបស់លោក Stoltenberg កើតឡើងបន្ទាប់ពីប្រទេសតួកគីបានស្នើថា ខ្លួនអាចបើកភ្លើងខៀវ​ទទួល​យកហ្វាំងឡង់ដើម្បីចូលរួមជាមួយណាតូតែមិនទាន់ទទួលយកស៊ុយអែតចូលទៅក្នុងសម្ព័ន្ធភាពនេះទេ។

ប្រទេសតួកគីបានបដិសេធមិនផ្តល់សច្ចាប័ន ប្រទេសស៊ុយអែតអោយចូលណាតូ​ដោយសារខឹងប្រទេស​នេះមិន​ធ្វើបត្យាប័នជនសង្ស័យរាប់សិបនាក់ដែលទីក្រុងអង់ការ៉ាមានចោទថាមានទំនាក់ទំនងជាមួយក្រុមភេរវករ PKK ក្នុងការបង្ហូរឈាម និងការប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ ២០១៦ដែលបរាជ័យ។

លោកStoltenbergបាននិយាយនៅមុនកិច្ចប្រជុំសម្ព័ន្ធមិត្តណាតូថា ដូច្នេះសំណួរចម្បងគឺមិនមែនថាតើហ្វាំងឡង់ និងស៊ុយអែតត្រូវបានផ្តល់សច្ចាប័នជាមួយគ្នានោះទេ។ សំណួរចម្បងគឺថាពួកគេទាំងពីរត្រូវបាន​ផ្តល់សច្ចាប័ន​ជា​សមាជិកពេញលេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

អគ្គលេខាធិការអង្គការណាតូបានបន្ថែមថា ខ្ញុំមានទំនុកចិត្តថាប្រទេសទាំងពីរនឹងក្លាយជាសមាជិក​ពេញសិទ្ធិ​ហើយ​យើងកំពុងខិតខំប្រឹងប្រែងដើម្បីទទួលបានសច្ចាប័នទាំងពីរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប្រទេសហ្វាំងឡង់និងស៊ុយអែតបានទម្លាក់ការមិនចូលបក្សសម្ព័ន្ធយោធាជាច្រើនទសវត្សរ៍ តែបានដាក់ពាក្យ​ចូល​រួម​អង្គការណាតូកាលពីខែឧសភាឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

រុស្ស៊ី៖ អង្គការណាតូ កាន់តែចូលរួមនៅក្នុងជម្លោះអ៊ុយក្រែន

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារថា សម្ព័ន្ធយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក​បាន​បង្ហាញពីអរិភាពរបស់ខ្លួនចំពោះប្រទេសរុស្ស៊ីជារៀងរាល់ថ្ងៃ ហើយបាននិងកំពុងជាប់ពាក់ព័ន្ធកាន់​តែច្រើន​នៅក្នុងជម្លោះនៅអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថាណាតូ គឺជាអង្គការដែលមាន​អរិភាព​ចំពោះយើង ហើយបានបង្ហាញពីអរិភាពនេះជារៀងរាល់ថ្ងៃ។

លោក Peskov បានបន្ថែមថាណាតូកំពុងព្យាយាមអស់ពីសមត្ថភាព​ដើម្បីធ្វើឱ្យការចូលរួមរបស់ខ្លួននៅក្នុង​ជម្លោះ​អ៊ុយក្រែនឱ្យបានច្បាស់លាស់តាមដែលអាចធ្វើទៅបាន។

ទីក្រុងម៉ូស្គូបាននិយាយថាការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនដោយប្រទេសណាតូកំពុងអូសទាញជម្លោះ និង​បង្កើន​លទ្ធ​ភាពនៃការកើនឡើងបន្ថែមទៀត៕

RELATED ARTICLES