ភ្នំពេញ៖ដូចឆ្នាំមុនៗដែរសម្រាប់ឆ្នាំ២០២៣ នេះស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានធ្វើពិធីជប់លៀងប្រចាំឆ្នាំដល់បុគ្គលិករបស់ខ្លួន(Staff Party)នៅសណ្ឋាគារសូហ្វីតែលភ្នំពេញកាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍នាង ផាត លេខាធិការ ប្រចាំការ ក្រសួងការពារជាតិ លោកSupachai Verapuchong អគ្គនាយកទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងថ្នាក់ដឹកនាំស្ថានីយ៍ទូរទស្សន៍នេះ ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនដួងទៀត រួមនិងអ្នកសារព័តមានសរុបភ្ញៀវចូលរួមទាំងអស់ជាង៣០០នាក់។



លោកSupachai Verapuchong អគ្គនាយកទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានផ្ដល់អនុសាសន៍ល្អៗដល់បុគ្គលិករបស់លោកនិងបង្ហាញការស្វាគមន៍ដោយរីករាយចំពោះភ្ញៀវទាំងអស់ដែលបានចូលរួមហើយលោកបង្ហាញកាយវិការយ៉ាងសាមញ្ញរាប់អានដល់អ្នកសាព័តមានទូទៅនិងកូនចៅរបស់លោកគ្រប់ផ្នែកទាំងអស់។



លោកជំទាវរស់ ឡុងម៉ាឡែន ប្រធានទីផ្សារ និងទំនាក់ទំនងរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥បានឲ្យដឹងថាប៉ុស្ដិ៍លេខបានធ្វើពិធីជប់លៀងដល់បុគ្គលិករបស់ខ្លួនជារៀងរាល់ឆ្នាំតែការធ្វើនៅសណ្ឋាគាសូហ្វីតែលជាលើកទី២ហើយគឺនៅឆ្នាំ២០២៣នេះនិងឆ្នាំមុន(២០២២)។លោកស្រីថាបុគ្គលិកគ្រប់ផ្នែកទាំងអស់របស់ទូរទស្សន៍មួយនេះបានចូលរួមពិធីនេះមានចំនួនជាង២០០ និងភ្ញៀវពីខាងក្រៅដែលត្រូវបានអញ្ជើញជាង១០០នាក់ទៀត សរុបជាង៣០០នាក់។លោកស្រីអះអាងថាគិតត្រឹមឆ្នាំ២០២៣ នេះប៉ុស្ដិ៍លេខ៥បានតំណើរការរយៈពេល២២ឆ្នាំមកហើយ។



តារាសម្ដែងស្រីស្អាតមុន្នី ម៉ូនីតា និងជេស៊ីកា ដែលបង្ហាញខ្លួនកម្មវិធីជប់លៀងរបស់ប៉ុស្ដិ៍លេខ៥បានបង្ហាញអារម្មណ៍ស្របគ្នាថាពួកគេរីករាយក្នុងការចូលរួមកម្មវិធីជប់លៀងរបស់ប៉ុស្ដិ៍លេខ៥ និងសរសើរថ្នាក់ដឹកនាំរបស់ប៉ុសិ៍្ដលេខ៥ ដែលធ្វើពិធីនេះឡើងដើម្បីជាការលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួន ព្រមទាំងការញាំអាហារសាមគ្គីជាមួយតារាសម្ដែង,ផលិតករ និងអ្នកសារព័តមានជាដើមដែលនេះបង្ហាញ ពីចំណងមិត្តភាពនិងការចាប់ដៃគ្នាធ្វើការដើម្បីឲ្យប៉ុស្ដិ៍លេខ៥កាន់តែរីកចម្រើនតទៅមុខទៀត៕


