Tuesday, April 30, 2024
Homeព័ត៌មានជាតិបញ្ហាស្ទះចរាចរណ៍ អភិបាលរាជធានី ភ្នំពេញ ចេញវិធានការលុបបំបាត់ចំណត លើ ចិញ្ចើមផ្លូវ

បញ្ហាស្ទះចរាចរណ៍ អភិបាលរាជធានី ភ្នំពេញ ចេញវិធានការលុបបំបាត់ចំណត លើ ចិញ្ចើមផ្លូវ

ភ្នំពេញៈ ទាក់ទងនឹងបញ្ហាស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ ដែលមានការរអ៊ូរទាំពីអ្នកនយោបាយ និងមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅ នោះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានប្រកាសថា សាលារាជធានី នឹងចេញវិធានការលុបបំបាត់ចំណត លើចិញ្ចើមផ្លូវនៅឆ្នាំ២០១៧ នេះ។

ប្រជាពលរដ្ឋរស់នៅរាជរាជធានីភ្នំពេញ និងមជ្ឈដ្ឋានជាច្រើនកន្លងមកនេះ បាននាំគ្នា លើកឡើង បញ្ចោញយោបល់ពាក់ព័ន្ធទៅនឹង បញ្ហាកកស្ទះចរាចរណ៍ដ៏អាក្រក់បំផុតនៅរាជធានីភ្នំពេញសព្វថ្ងៃថា មូលហេតុសំខាន់ៗមួយ ចំនួន ដូចជាការចតយានយន្តលើចិញ្ចើមផ្លូវ និងលើទ្រូងផ្លូវសាធារណៈ ការលក់ដូរលើចិញ្ចើម ផ្លូវ និងទ្រូងផ្លូវ រួមទាំងការរំលោភចិញ្ចើមផ្លូវ សាធារណៈជាដើម ដែលរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ និងលុបបំបាត់ឱ្យ បាន។ ក្នុងនោះដែរ អ្នកនយោបាយ បានចាត់ ទុកថា បើរដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយ បញ្ហានេះបាន ក៏កាន់តែជួយបង្កើនការគាំទ្រ របស់គណបក្សកាន់អំណាច ហើយនឹងរក្សាបាន នូវសណ្តាប់ធ្នាប់និងភាពថ្លៃថ្នូរក្នុងរាជធានីផង តែបើធ្វើមិនបានទេ នឹងធ្វើឱ្យការគាំទ្ររបស់ ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល សព្វថ្ងៃអាចធ្លាក់ចុះ ព្រោះប្រជាពលរដ្ឋទូទៅ មិនពេញចិត្តសោះឡើយ ចំពោះបញ្ហាសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈនៅរាជធានីភ្នំពេញ ដែលពោរពេញដោយភាពរញ៉េរញ៉ៃ បង្កឱ្យមាន ការកកស្ទះចរាចរណ៍ស្ទើរគ្រប់ដងផ្លូវដោយសារតែអាជ្ញាធរ គ្មានការយកចិត្តទុកដាក់រៀបចំ សណ្តាប់ធ្នាប់ បណ្តោយឱ្យមានការរំលោភផ្លូវ សាធារណៈយកធ្វើជាកន្លែងលក់ ដូរចតយានយន្តយ៉ាងអនាធិបតេយ្យ។

ជាមួយគ្នានេះ ក៏មានការរិះគន់ដល់ទម្លាប់ អាក្រក់របស់អ្នកបើកបរយានយន្តមួយចំនួន ដែលមិនគោរពច្បាប់ចរាចរណ៍ ក៏ជាមូលហេតុ មួយបង្កឱ្យមានការកកស្ទះចរាចរណ៍ផងដែរ។

លោកសួន សេរីរដ្ឋា ប្រធានគណបក្ស អំណាចខ្មែរ បានសរសេរនៅក្នុងហ្វេសប៊ុករបស់ លោក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ថា “រីករាយឆ្នាំ២០១៧ !

ផ្លូវបើកបរចូលទីក្រុងក្នុងប្រទេសយើង មិនតូចចង្អៀតពេកនោះទេ តែដោយសារខួរក្បាលអ្នកមានលុយទិញឡានជិះ និងអ្នកបើក បរឡាន វាចង្អៀត! គឺចង្អៀតរហូតបើកឡាន ចង់តែឆាប់ដល់ម្នាក់ឯងមិនគោរពសិទ្ធិបើកបរ ឆ្វេងស្តាំ ហើយអាងតែមានលុយទិញឡានជិះ គឺបើកបររំលោភបន្ទាត់បែងចែកឆ្វេងស្តាំ។

បើមានលុយទិញឡានទំនើបថ្លៃៗជិះហើយ តែខួរក្បាលវាមិនទំនើបដូចឡាន ហើយពេល បើកបរមានចរិតថោកជាងតម្លៃឡាន ដែល អាងអំនួត មិនគោរពខ្សែបន្ទាត់ចរាចរណ៍ គឺ បុគ្គលនោះអន់ជាងសត្វក្របីទៅទៀត។

ខ្ញុំសង្ឃឹមថា ២០១៧ មនុស្សខ្មែរដែល មានលុយទិញឡានជិះ នឹងដូរចរិតថោកនោះ ឱ្យ ឡើងថ្លៃសមនឹងតម្លៃឡានដែលខ្លួនបើកបរ។

ផ្លូវគេឱ្យបើក ១ទៅ ១មក ចុះបើមក៤ ឬ៥បើកចូលទាំងអស់ហើយ គ្នាខាងចេញបាន ផ្លូវណាបើក?”

ទោះបីយ៉ាងណា តាមការកត់សម្គាល់ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកប៉ា សុជាតិវង្ស បាននិងកំពុងធ្វើការយក ចិត្តទុកដាក់ជាខ្លាំងទៅលើបញ្ហាក្កកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ នេះ រួមមានដូចជា ខិតខំពង្រីកផ្លូវ ជួសជុលផ្លូវ សាងសង់ស្ពានអាកាស និងស្ពានឆ្លងកាត់ផ្លូវ សម្រាប់អ្នកថ្មើរជើងជា ដើម ហើយដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ នៅឆ្នាំ២០១៧នេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសដាក់ចេញនូវវិធានការលុបបំបាត់ចំណតយានយន្តនៅលើចិញ្ចើមផ្លូវនានាទូទាំងរាជធានីភ្នំពេញ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នៅសណ្ឋាគារសូហ៊្វីតែល ភូគីត្រា កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៧ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានទទួលស្គាល់ថា នៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ការធ្វើ ចរាចរណ៍ ពិតជាកំពុងតែមមាញឹកខ្លាំងមែន ដោយលោកបានលើកឡើងថា បើគ្មានការអន្តរាគមន៍ពីកម្លាំងនគរបាលចរាចរត្រឹមតែ៣០ នាទី ការស្ទះចរាចរណ៍នៅ១៨២គោលដៅ នឹង កើតឡើងភ្លាម។ ក្នុងនោះកត្តាដែលធ្វើឱ្យកក ស្ទះចរាចរណ៍ រួមមានកត្តាយានយន្ត ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងកត្តាអ្នកបើកបរ។ ដូច្នេះដើម្បី សម្រួលដល់ការកកស្ទះចរាចរណ៍នេះ សាលា រាជធានីភ្នំពេញ ក៏បានប្រឹងប្រែងពង្រីក និង សាងសង់ផ្លូវបន្ថែម ដោយក្នុងរយៈពេល៣ឆ្នាំ ចុងក្រោយនេះ សាលារាជធានី បានសាងសង់ ផ្លូវ ប្រវែងសរុបជាង៤០០គីឡូម៉ែត្រ។ ប៉ុន្តែ កត្តាផ្លូវមិនទាន់បានឆ្លើយតបទៅនឹងកំណើន មនុស្ស និងយានយន្តនៅឡើយទេ គឺចំនួនយានយន្តនៅក្នុងរាជធានីភ្នំពេញ បានកើនឡើងពី ៣៥ ០០០គ្រឿង ទៅ៥០ម៉ឺនគ្រឿង។ សរុប នៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្នមាន យានយន្តចំនួន៤០ម៉ឺនគ្រឿង ម៉ូតូ១លាន ៤សែន គ្រឿង និងមានប្រជាពលរដ្ឋជិត៣លាននាក់។

ក្រៅពីរំលឹកឡើងវិញនូវសមិទ្ធផលដែល បានប្រឹងប្រែងធ្វើកន្លងមកនោះ លោកប៉ា សុជាតិវង្ស ក៏បានបញ្ជាក់ថា សាលារាជធានី បាន សម្រេចដាក់ចេញការអនុវត្តនៅឆ្នាំ២០១៧ ដែលសំដៅឱ្យរាជធានីភ្នំពេញ នឹងក្លាយជារាជធានីគ្មានចំណតយានយន្តលើចិញ្ចើមផ្លូវ ក្នុង គោលបំណងដើម្បីជួយសម្រួលដល់ការកកស្ទះ ចរាចរណ៍នៅរាជធានីភ្នំពេញ។ ក្នុងទិសដៅនោះ សាលារាជធានីភ្នំពេញ រៀបចំបំពាក់កាមេរ៉ា ស្តុបចំនួន៦០០កន្លែង និងភ្លើងចំនួន១ម៉ឺន៣ ពាន់អំពូល និងបន្ថែមថ្មី៤ពាន់ដើមទៀត។

ការប្រកាសលុបបំបាត់ចំណតលើចិញ្ចើម ផ្លូវសាធារណៈនៅរាជធានីភ្នំពេញរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញខាង លើនេះ បានទទួលការសាទរពីប្រជាពលរដ្ឋទូទៅ រួមទាំងមន្ត្រីរាជការ សិស្សានុសិស្ស និង មជ្ឈដ្ឋានទូទៅ ទាំងសង្គមស៊ីវិល និងអ្នកនយោបាយផងដែរ។ ប៉ុន្តែមជ្ឈដ្ឋានទាំងនោះ រង់ចាំមើលចំណាត់ការរបស់លោកអភិបាល រាជធានីភ្នំពេញ ចំពោះបញ្ហានេះ តើនឹងមាន ប្រសិទ្ធភាពឬអត់? ហើយបើអាជ្ញាធររាជធានី អនុវត្តវិធានការនេះ បានសម្រេចដោយជោគជ័យមែននោះ នឹងធ្វើឱ្យរាជធានី បេះដូងនៃ ព្រះរាជាណាចក្រកម្ពុជា ប្រែក្លាយមុខមាត់ថ្មី ប្រកបដោយសោភណភាព សណ្តាប់ធ្នាប់ របៀប រៀបរយល្អកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ហើយប្រជាពលរដ្ឋ នឹងចងចាំនូវស្នាដៃរបស់លោកប៉ា សុជាតិវង្ស ជាអភិបាលរាជធានីដ៏ល្អមិនខាន។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងលើទិសដៅការងារឆ្នាំ២០១៧ នោះ បានប្រព្រឹត្តទៅក្រោម អធិបតីភាពសម្តេចឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

នៅក្នុងកិច្ចប្រជុំនោះ ក្រៅពីមានប្រសាសន៍ ទាក់ទងនឹងបញ្ហាចរាចរណ៍ផ្លូវគោក សម្តេចស ខេង ក៏បានប្រកាសដែរថា សម្តេចនឹងពិនិត្យ ការងារប្រឆាំងគ្រឿងញៀនជាប្រចាំ ដើម្បីលុប បំបាត់ការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា នឹងដឹកនាំការងារប្រឆាំងគ្រឿងញៀនឱ្យមាន ប្រសិទ្ធភាពពីពេលនេះតទៅ ព្រោះជាបញ្ហា ចម្បងដែលត្រូវយកចិត្តទុកដាក់ដូចបញ្ហាចរាចរណ៍ ដែរ។

ក្នុងឱកាសនោះដែរ សម្តេច ស ខេង បាន ដាក់ចេញនូវគោលការណ៍សីលធម៌១០ចំណុច សម្រាប់អ្នកបើកបរអនុវត្តនៅឆ្នាំ២០១៧នេះ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សីលធម៌១០ចំណុច សម្រាប់អ្នកបើកបរ ឆ្នាំ២០១៧ នោះ រួមមាន ៖

មិនត្រូវបើកបរលើសល្បឿនកំណត់ ដាច់ខាត

មិនត្រូវស្ថិតក្រោមឥទ្ធិពលនៃគ្រឿង ស្រវឹងដាច់ខាត

មិនត្រូវស្ថិតក្រោមឥទ្ធិពលនៃគ្រឿង ញៀនដាច់ខាត

មិនត្រូវស្ថិតក្នុងស្ថានភាពងងុយដេក ដាច់ខាត

ត្រូវពាក់មួកសុវត្ថិភាពជានិច្ច

ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច

ត្រូវប្រកាន់ស្តាំជានិច្ច

ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តជានិច្ច

ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជា ដាច់ខាត

១០ត្រូវប្រុងប្រយ័ត្នជានិច្ច។

យោងតាមរបាយការណ៍បូកសរុបគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៦ បានបង្ហាញ ថា ករណីគ្រោះថ្នាក់បានកើតឡើង៣៧០០លើក បណ្តាលឱ្យស្លាប់ចំនួន១៧១៧នាក់ (ថយចុះ ៣០០នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៥) និងរបួស៦៦០៧នាក់ ក្នុងនោះរបួសធ្ងន់ មាន៥៩ ភាគរយ។

ភូមិសាស្ត្រដែលកើតគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងគេ រយៈពេល១២ខែកន្លងមក គឺរាជធានីភ្នំពេញ មាន៣៨៨លើក ខេត្តព្រះសីហនុ មាន២៨៧លើក និងខេត្តកំពត មាន២៣៨ លើក។

របាយការណ៍ បានបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឱ្យគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាល មកពីការបើកបរលើសល្បឿនកំណត់៤៤ភាគរយ, មិនប្រកាន់ស្តាំ១២ភាគរយ, ស្រវឹង១២ ភាគរយ, មិនគោរពសិទ្ធិ៩ភាគរយ, វ៉ាជែង១២ ភាគរយ, បត់៧ភាគរយ, កត្តាយានយន្ត៣ភាគរយ និងងងុយដេក២ភាគរយ។ ចំនួនគ្រោះថ្នាក់នេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥ គ្រោះ ថ្នាក់ចរាចរណ៍បានថយចំនួន៤៤៣លើក ស្មើ ១១ភាគរយ អ្នកស្លាប់ថយចំនួន២៧១នាក់ ស្មើ ១៤ភាគរយ និងអ្នករបួសថយចំនួន៥៤២នាក់ ស្មើ៨ភាគរយ។ ក្នុងចំណោមអ្នកស្លាប់ភាគច្រើន ជាអ្នកជិះម៉ូតូដែលមានចំនួន១២៧៤នាក់ ស្មើ ៧៤ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិមាន ចំនួន៩៧៦នាក់ ស្មើ៥៧ភាគរយ។

ចំពោះវិធានការរឹតបន្តឹង និងអនុវត្តច្បាប់ របាយការណ៍បង្ហាញថា សមត្ថកិច្ចបានពិនិត្យ យានយន្តសរុបចំនួន ៩ ៦១៨ ៤០៩ គ្រឿង (ម៉ូតូ៦១ភាគរយ)។ ពិនិត្យឃើញយានយន្តល្មើស ចំនួន ១ ៤៨១ ៣៧៨គ្រឿង (ម៉ូតូចំនួន៦២ភាគរយ)។ បានធ្វើការអប់រំចំនួន ៦១៨ ៦៩១ គ្រឿងស្មើ នឹង៤៤ភាគរយ។ បានពិន័យលើយានយន្តចំនួន ៨៦២ ៦៩១គ្រឿង ក្នុងនោះម៉ូតូចំនួន ៦៨ភាគរយ ដោយ អនុវត្តការបង់ប្រាក់ពិន័យតាមស្នាក់ការ ដែល បានកំណត់ទទួលបានប្រាក់ពិន័យសរុបចំនួន ២០ ៤៩៦ ១៩៥ ០០០រៀល។ ក្នុងនោះ រាជធានីភ្នំពេញ បានធ្វើការឃាត់អប់រំ និងពិន័យ រថយន្តដឹកដីមិនគ្របជ្រុះរាយប៉ាយ និងដឹកទំនិញ សំពីងសំពោង ចំនួន១៥១គ្រឿង។ បានត្រួតពិនិត្យរកឃើញយានយន្តល្មើសល្បឿន ចំនួន ៣៥៩ ៨៨១គ្រឿង និងល្មើសជាតិស្រវឹង ២៧៨ ២១៨នាក់ អប់រំនិងពិន័យតាមច្បាប់ ឃាត់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការ ៦០៤នាក់ (អ្នក បើកបររថយន្ត ១៣៤នាក់ (ស្ត្រី៤នាក់) និង អ្នកបើកបរម៉ូតូ ៤៧១នាក់)។ ចំណែកការត្រួតពិនិត្យសារធាតុញៀនលើអ្នកបើកបររថយន្តដឹក ជញ្ជូនអ្នកដំណើរ ឬដឹកទំនិញ ចំនួន៦៦៥នាក់ រកឃើញអ្នកបើកបរយានយន្តមានសារធាតុញៀន ចំនួន១២៩នាក់ ស្មើនឹង២០ភាគរយ

កុលបុត្រ

 

 

RELATED ARTICLES