Sunday, September 22, 2024
Homeសន្ដិសុខសង្គមប្រពន្ធរត់ចោល ប្តីចងកស្លាប់ ទុកបណ្តាំ បងតាម​ចង​ពៀរអូនគ្រប់ជាតិ

ប្រពន្ធរត់ចោល ប្តីចងកស្លាប់ ទុកបណ្តាំ បងតាម​ចង​ពៀរអូនគ្រប់ជាតិ

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ បានកើតមានជម្លោះនឹងគ្នា រហូតដល់ស្ត្រីជាប្រពន្ធ នាំកូនប្រុសស្រី២នាក់ ចុះចេញ​ពីបន្ទប់ជួល ទៅនៅស្រុកកំណើត អស់រយៈពេលជាង១សប្តាហ៍មកហើយ ទុកឱ្យប្តីនៅតែឯង ស្រាប់តែក្រោយ​មក បុរសជាប្តី បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដោយបានបន្សល់ទុកលិខិតបណ្តាំ ១ច្បាប់ បញ្ជាក់ថានឹងតាម​ចងពៀរជាមួយប្រពន្ធ គ្រប់ៗជាតិ។

ករណីបុរសខូចចិត្តប្រពន្ធរត់ចោល ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាល​ពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល លេខ៨ តាមផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះកែវ សុខគឿន អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួល​កើត​ហេតុ​ខាងលើ និងមានស្រុកកំណើតនៅខេត្តកណ្តាល។

តាមសម្តីកូនស្រីរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ រយៈពេលប្រមាណជាង ១សប្តាហ៍ ឪពុកម្តាយរបស់នាង បានឈ្លោះគ្នា បន្ទាប់មកម្តាយបាននាំរូបនាង និងប្អូនប្រុសតូច ត្រឡប់ទៅនៅស្រុកកំណើត ឯខេត្តកណ្តាល ដោយទុកឱ្យឪពុកនៅបន្ទប់ជួលតែម្នាក់ឯង។

កូនស្រីជនរងគ្រោះ បន្តថា តាំងពីពួកនាងចេញមករស់នៅស្រុកកំណើត ឪពុកនាងតែងទូរស័ព្ទមកលេង​ពួក​នាង​ជាកូនៗជាប្រចាំ និងតែងពោលពាក្យនឹកកូនៗខ្លាំងណាស់។ លុះមុនពេលកើតហេតុ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ​២០២៣ ឪពុកបានទូរស័ព្ទមកប្រាប់នាងថា គាត់នឹកអាអូនខ្លាំងណាស់ (កូនប្រុសតូច) និងថែមទាំងប្រាប់ឱ្យនាង​ដឹក​ប្អូនទៅលេងគាត់ទៀតផង ស្រាប់តែយប់ឡើង នាងទូរស័ព្ទមកឪពុក មិនចូល លុះមានការសង្ស័យ ទើបនៅ​ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នាងបានជិះម៉ូតូមកពីផ្ទះ ឯខេត្តកណ្តាល មកបន្ទប់ជួលឪពុក លុះមកដល់ ឃើញ​ម៉ូតូកង់បីឪពុក ចតចោលខាងក្នុងរបង មិនបានចេញទៅរត់កង់បីនោះទេ ប៉ុន្តែទាំងទ្វាររបង និងទ្វារបន្ទប់បាន​ចាក់​សោជាប់ ទោះជានាងស្រែកហៅយ៉ាងណាក៏មិនឮឪពុកឆ្លើយសោះ ទើបនាងសម្រេចផ្លោះរបងចូលទៅខាងក្នុង និងឃើញមានទួរណឺវីស១ ក៏យកមកឆ្កឹះ គន្លឹះទ្វារ រហូតដល់របើក ស្រាប់តែពេលចូលទៅដល់ ប្រទះឃើញ​ឪពុក​របស់នាង បានចងកស្លាប់ក្នុងបន្ទប់ ក៏ប្រញាប់ផ្តល់ដំណឹងទៅម្តាយនិងសាច់ញាតិ ព្រមទាំងរាយការណ៍​ប្រាប់​សម្ថកិច្ច ចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញការិយាល័យកោសល្យវិច័យ ព្រមទាំង​វេជ្ជ​បណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមសាលាដំបូងរាជធានី បានចុះមកពិនិត្យ រួចបញ្ជាក់ថាជន​រងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាត (ចងក) ប្រាកដមែន ដោយប្រើខ្សែអង្រឹង ចងកជាប់នឹងធ្នឹម​ដំបូល​បន្ទប់ជួល បណ្តាលឱ្យស្លាប់។

ដោយឡែក នៅក្បែរសព មានលិខិតបណ្តាំមួយច្បាប់ ដែលជនរងគ្រោះសរសេរដោយផ្ទាល់ដៃ បន្សល់ទុក​ឱ្យប្រ​ពន្ធ ឈ្មោះណាត ដោយមានខ្លឹមសារទាំងស្រុងថា “ណាត ពាក្យដែលយើងសន្យានឹងគ្នា អូនបែរជាបំភ្លេច អ៊ីចឹង​ពេលដែលខ្ញុំស្លាប់ទៅជាខ្មោច ខ្ញុំនឹងតាមចងពៀរជាមួយណាត ឯង គ្រប់ៗជាតិ…”។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES