Wednesday, November 20, 2024
Homeបរិយាយការ​ពារ​សាសនា និង​ការ​អភិវឌ្ឍ

ការ​ពារ​សាសនា និង​ការ​អភិវឌ្ឍ

ការពារសាសនា និងការអភិវឌ្ឍ

ទំនាស់សាសនិកអ៊ិស្លាម មួយចំនួនធំ ចេញមុខតវ៉ាការពារប្រឆាំងដាច់ខាតនឹងគម្រោងធ្វើផ្លូវកាត់ដីបរិវេណវិហារសាសនា អ៊ិស្លាម នៅតំបន់បឹងកក់ និងមួយចំនួនតូច យល់ស្របឱ្យអាជ្ញាធររាជធានីភ្នំពេញ ធ្វើការអភិវឌ្ឍ បានទាក់ទាញមហាជនឱ្យ មានការចាប់អារម្មណ៍។ ពីមុនធ្លាប់តែមានពុទ្ធបរិស័ទតវ៉ារឿងចៅអធិការ អាចារ្យគណៈកម្មការវត្តខ្លះ សមគំនិតជាមួយអាជ្ញាធរ កាត់ដីស្រះវត្តលក់ឱ្យឯកជន លុះបានឃើញអ៊ិស្លាមបរិស័ទតវ៉ាការពារដីព្រះវិហារ ក៏យល់ថា ជាការប្រឈមមុខគ្នារវាង “អ្នកការពារសាសនា និងអ្នកចង់ឱ្យមានការអភិវឌ្ឍ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ

សាសនាអ៊ិស្លាម មានសាសនិកច្រើនជាងគេលើពិភពលោក ក្នុងចំណោមសាសនាធំៗទាំង៤ គឺព្រះពុទ្ធសាសនា, ព្រហ្មញ្ញ សាសនា ឬហិណ្ឌូសាសនា, គ្រិស្តសាសនា និងអ៊ិស្លាមសាសនា ដោយមិននិយាយពីសាសនាតូចៗឯទៀតទេ។ សាសនាអ៊ិស្លាម ត្រូវបានបង្កើតឡើងដោយព្រះមហាម៉េដ ឬមហាម៉ាត់ ដែលជាព្យាការីរបស់ព្រះអាឡាហ៍ (លៅលាហ) លោកចាប់កំណើតនៅ អំឡុងឆ្នាំ៥៧០ នៃគ្រិស្តសករាជ នៅទីក្រុងម៉ិកកា (ចេំចា) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ព្រះមហាម៉ាត់ ពុំត្រឹមតែបង្កើត សាសនាអ៊ិស្លាមនោះទេ ប៉ុន្តែ លោកបានបង្រួបបង្រួមកុលសម្ព័ន្ធអារ៉ាប់ ឱ្យមានឯកភាព លុះលោកចូលមរណភាពនាឆ្នាំ៦៣២ សាសនាអ៊ិស្លាម ក៏បែកចេញជានិកាយ ដោយសារអ្នកស្នងតំណែង ឬសាវ័ក។ និកាយសំខាន់ៗ មាន២ គឺនិកាយស៊ុននីត (Sunnite) ដឹកនាំដោយអាប៊ូ បាគ័រ (Abu Bakr) រីឯនិកាយស៊ីអ៊ីត (ហ្សិ តិេ) ដឹកនាំដោយអាលី (Ali) គោរពគម្ពីរ កូរ៉ាន ដូចគ្នា តែការប្រតិបត្តិខុសគ្នាខ្លះៗ ប្រហាក់ប្រហែលព្រះពុទ្ធសាសនា ដែលចែកជានិកាយហីនយាន (ទក្សិណនិកាយ) និងមហាយាន (ឧត្តរនិកាយ)

នៅកម្ពុជា សាសនិកអ៊ិស្លាមភាគច្រើនកាន់តាមនិកាយស៊ីអ៊ីត បានរក្សាប្រពៃណីអ៊ិស្លាមឥតល្អៀង តាំងពីសម័យអង្គរ ដែលជំនាន់នោះ ដែនដីចម្ប៉ា ឬលីនយី ជារាជាណាចក្រដ៏ខ្លាំងពូកែ បានទទួលយកសាសនាអ៊ិស្លាម ទុកជាសាសនារបស់រដ្ឋ។ ព្រះបាទជយវរ្ម័នទី៧ នៃចក្រភពអង្គរ ធ្លាប់យកព្រះអង្គម្ចាស់ចាម២អង្គ មកចិញ្ចឹមទុកជាព្រះរាជបុត្រ តែក្រោយមក “ព្រះអង្គម្ចាស់វិទ្យានន្ទន៍ ក្បត់ព្រះបិតាចិញ្ចឹម បង្កទ័ពបះបោរប្រឆាំងអ្នកមានគុណ ទើបព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់ “ព្រះ អង្គម្ចាស់អុងធនបតីគ្រាម” ដែលជាព្រះរាជបុត្រចិញ្ចឹមដែរនោះ លើកទ័ពទៅបង្ក្រាបវិទ្យានន្ទន៍។ អុងធនបតីគ្រាម គឺជា ឪពុកមារបស់វិទ្យានន្ទន៍ បន្ទាប់ពីកម្ចាត់ក្មួយឱ្យបរាជ័យរួចមក ត្រូវបានព្រះបាទជយវរ្ម័នទី៧ អភិសេកឱ្យឡើងសោយរាជ្យ នៅក្រុងវិជ័យ នាដែនដីចាម្ប៉ា ដែលសម័យនោះ ដែនដីសាមន្តរដ្ឋនេះមានទីក្រុងធំៗ៤ គឺ អមរាវតី, គៅឋារៈ, បណ្ឌុរង្គ និង វិជ័យ។

ជនជាតិចាម បានធ្វើអន្តោប្រវេសន៍មករស់នៅលើទឹកដីខ្មែរ ៤ដំណាក់កាល ដោយរត់គេចពីការបង្ក្រាបរបស់កងទ័ព ស្តេចយួនអណ្ណាម ដែលអនុវត្តទ្រឹស្តីណាមទៀន ឬចលនាឈានទៅទិសខាងត្បូង។ នាឆ្នាំ១៦០០ ដែនដីចាម្ប៉ា ត្រូវបានរាជវង្សឡេ, ស្តេចត្រាញ់ទ្រិញ និងស្តេចត្រាញ់ង្វៀង វាយដណ្តើមយកអស់រលីង បណ្តាលឱ្យជនជាតិចាម្ប៉ា បាត់បង់ជម្រក និង សញ្ជាតិខ្លះ នាំកូនជញ្ជូនចៅចូលមករស់នៅខេត្តត្បូងឃ្មុំ របស់កម្ពុជា។ ទោះជាបាត់បង់ទឹកដី ក៏ប្រជាជាតិនេះ ការពារសាសនា អ៊ិស្លាមជានិច្ច និងមានមួយចំនួនបានក្លាយជាមន្ត្រីខ្មែរទៀតផង។ ព្រះមហាក្សត្រខ្មែរ ព្រះបាទរាមាធិបតីចន្ទ ឬ “ព្រះរាមចូល សាសន៍” ដោយមានមហេសីជាប់ព្រះវង្សចាម ទើបព្រះអង្គចូលសាសនាអ៊ិស្លាម ដើម្បីបង្រួមបង្រួមជាតិ។ នារជ្ជកាលព្រះបាទអង្គឌួង ធ្លាប់មានការបះបោររបស់ជនជាតិចាម ប្រឆាំងនឹងចៅហ្វាយស្រុក ក្រោមការដឹកនាំរបស់មេ៣នាក់ គឺទួនហ៊ីម ទួនស៊ី និងទួនអ៊ិត ប៉ុន្តែបានរាបទាបទៅវិញ

ការលើកប្រវត្តិសាស្ត្រមកបង្ហាញដោយត្រួសៗនេះ ចង់បញ្ជាក់ថា ជនជាតិចាម ទោះជានៅក្នុងកាលៈទេសៈណាក៏ការពារ សាសនាអ៊ិស្លាមជានិច្ច ដោយហ៊ានបូជាជីវិតដើម្បីព្រះអល់ឡោះ។ ករណីសាសនិកអ៊ិស្លាម រាប់រយនាក់ឡើងពីខេត្តនានា មកជួបជុំសម្តែងមតិប្រឆាំងជំទាស់នឹងគម្រោងធ្វើផ្លូវកាត់បរិវេណវិហារអាល់សើរកាល់ នៅតំបន់បឹងកក់ គឺពាក់ព័ន្ធនឹងរឿង “ការពារសាសនា” ដែលមានលោកអះម៉ាត់យ៉ះយ៉ា ចេញមុខខ្លាំងជាងគេ។ ដោយឡែកសាសនិកអ៊ិស្លាមម្ខាងទៀត មាន លោកឧស្មាន់ ហាស្សាន់ នាំមុខបានគាំទ្រគម្រោងសាងសង់ផ្លូវតាមមាគ៌ារាជរដ្ឋាភិបាល ដែលកំពុងបោះជំហានទៅរក “ការ អភិវឌ្ឍ”។ ភាគីទាំង២នេះ ភាគច្រើនជាអ៊ីម៉ាំ កឹម ទួន តំណាងឱ្យសាសនិកអ៊ិស្លាមទូទាំងប្រទេស ប៉ុន្តែភាគីទី១ បានប្រកាស មិនទទួលស្គាល់តំណាងទាំងនេះទេ ដោយចោទប្រកាន់ថា ធ្វើឱ្យប៉ះពាល់ដល់សាសនា។ ភាគីទី២ក៏បានស្នើទៅសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យជួយធ្វើអន្តរាគមន៍ លៃយ៉ាងណាកុំឱ្យមានការសាងសង់ផ្លូវក្បែរព្រះវិហារ ជាហេតុនាំឱ្យរំខានដល់ការ សូត្រធម៌។

ដូច្នេះយើងឃើញថា កន្លងមក សាសនិកអ៊ិស្លាម នៅកម្ពុជា កម្រទាស់គ្នាណាស់ ដោយសារពួកគាត់គោរពព្រះជាម្ចាស់ ដូចគ្នា លុះមានគម្រោងធ្វើផ្លូវបណ្តាលឱ្យប៉ះពាល់ដល់សាសនា ជាហេតុនាំឱ្យលោកអះម៉ាត់យ៉ះយ៉ា (ជាពូ) និងលោកឧស្មាន់ ហាស្សាន់ (ជាក្មួយ) និងសុទ្ធតែជារដ្ឋលេខាធិការក្នុងជួររាជរដ្ឋាភិបាល មើលមុខគ្នាមិនត្រង់។ ទំនាស់មានិងក្មួយពេលនេះ នាំឱ្យមានអ្នកគាំទ្ររៀងៗខ្លួន មិនខុសពីទំនាស់រវាងព្រះអង្គម្ចាស់វិទ្យានន្ទន៍ និងព្រះអង្គម្ចាស់អុងធនបតីគ្រាម (ក្មួយនិងមា) នារជ្ជកាលព្រះបាទជយវរ្ម័នទី៧។ ជាទូទៅ ទំនាស់ពាក់ព័ន្ធនឹងសាសនា ពិបាកដោះស្រាយបំផុត ជាក់ស្តែង ប្រជាពលរដ្ឋបាន ទៅតាំងលំនៅពេញបរិវេណវត្តប្រយូរវង្ស តាំងពីឆ្នាំ១៩៧៩ មក ដែលអាជ្ញាធរដោះស្រាយមិនចេញ ហើយទីបំផុត នៅ សល់តែព្រះវិហារ មានព្រះសង្ឃគង់នៅបួនដប់អង្គ ហ៊ុមព័ទ្ធដោយសំណង់ផ្ទះថ្មដ៏ចង្អៀត រកផ្លូវដើរស្ទើរមិនរួច។ នៅវត្តច្បារអំពៅ ក៏ធ្លាប់មានទំនាស់រវាងព្រះសង្ឃ និងក្រុមហ៊ុនឯកជន ពាក់ព័ន្ធដល់ស្រះវត្ត ខណៈដែលវត្តមួយចំនួនទៀត គ្មានអាជ្ញាធរ ណា ដោះស្រាយចេញទេ ដូចករណីឯកជនយកគ្រឿងចក្រទៅឈូសឆាយដីវត្ត ថាជាដីរបស់ខ្លួន និងត្រូវប្រជាពុទ្ធបរិស័ទ ខឹងសម្បា នាំគ្នាដុតគ្រឿងចក្រឆេះទ្រលោម។

ឥឡូវរឿងទំនាស់ពាក់ព័ន្ធដល់សាសនាអ៊ិស្លាម បើពិចារណាទៅវាធ្ងន់ជាងព្រះពុទ្ធសាសនាទៅទៀត ដែលអាជ្ញាធររាជធានី ត្រូវប្រឈមមុខក្នុងការរកដំណោះស្រាយយ៉ាងណាឱ្យចៀសផុតពីអំពើហិង្សា។ កាលសម័យលន់ នល់ មានជនជាតិចាម ម្នាក់ ឈ្មោះឡេះ កាសេម បានក្លាយជាឧត្តមសេនីយ៍ គាត់ជាមិត្តធ្លាប់រៀនជាមួយលោកលន់ នន់ ប្អូនប្រុសរបស់លោក សេនាប្រមុខលន់ នល់។ ឧត្តមសេនីយ៍ឡេះ កាសេម ធ្លាប់មានទំនាក់ទំនងជាមួយចលនាហ៊្វុល រ៉ូ (Fulro) ប្រឆាំងវៀតណាម បានក្លាយជាមនុស្សសំខាន់ចេះបង្រួបបង្រួមសាសនិកអ៊ិស្លាមនៅកម្ពុជា ឱ្យមានឯកភាព ទើបយើងឃើញសម័យនោះ បងប្អូនខ្មែរអ៊ិស្លាម បានចូលធ្វើទាហានធារណរដ្ឋខ្មែរ ស្ទើរតែ៩០%។ ឥឡូវបើអាជ្ញាធររាជរដ្ឋាភិបាលចង់ដោះស្រាយការ អភិវឌ្ឍឱ្យមានប្រសិទ្ធភាព លុះត្រាតែរកមនុស្សពូកែដូចឧត្តមសេនីយ៍ឡេះ កាសេម មកប្រើទើបបាន តែបើនៅមានទំនាស់ ប្តឹងផ្តល់គ្នារវាងមានិងក្មួយ ច្បាស់ជាមិនអាចដោះស្រាយគម្រោងធ្វើផ្លូវនោះបានឡើយ។ អាជ្ញាធរក៏មិនគួរប្រើពាក្យ “បង្ក្រាប” នៅក្នុងកាលៈទេសៈនេះទេ ព្រោះការបង្ក្រាប បានតែអ្នកធ្វើបាតុកម្មទាមទារប្រាក់ខែ ឬតវ៉ារឿងដីធ្លីជាដើម តែបើបង្ក្រាប សាសនិកអ៊ិស្លាមដែលការពារព្រះ ដូចជាយ៉ាប់បន្តិចហើយ។

សរុបទៅ “ការពារសាសនា និងការអភិវឌ្ឍ” ជារឿងពិបាកធ្វើណាស់ ហើយព្រោះតែរឿងការពារសាសនានេះឯង បាន ជាកើតមានចលនាក្រុមរដ្ឋអ៊ិស្លាម (ISIS) ផ្ទុជ៉ាះសង្គ្រាមឈាមដាបធរណីនៅមជ្ឈិមបូព៌ា។ ធម្មតា “ផ្សែងពូតជាដុំ ផ្លុំឆេះ ជាភ្លើង” ដូចបណ្តាំក្រមង៉ុយ តែបើអាជ្ញាធរបក់ផ្សែងទាន់ពេលវេលា ភ្លើងពុំអាចឆាបឆេះបានឡើយ។ យ៉ាងណាមិញ មាន តែដំណោះស្រាយសន្តិនិយម សម្របសម្រួល សម្បទាន អត់ធ្មត់ឱ្យដល់កម្រិត ទើបអាចរកច្រកចេញឱ្យផុតពីវិបត្តិគ្រប់យ៉ាងបាន

ដោយ អាចារ្យថាំ

RELATED ARTICLES